en     km
en     km

ស្នងការនគរបាលខេត្តកំពតនៅតែបន្ដទទួលបណ្ដឹងដីធ្លី ទោះក្រុមហ៊ុនវិនិយោគធ្លាប់ចេញមុខដោះស្រាយ

Share

ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា ស្នងការនៅតែបន្ដទទួលបណ្ដឹងពីសំណាក់ប្រជាពលរដ្ឋ ទាក់ទង់នឹងដីធ្លីក្រុមហ៊ុន ពិភពដីមាស របស់ឧកញ៉ា ហ៊ី គឹមហុង ជាប្រធានក្រុមហ៊ុន។ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការខេត្តកំពតថានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលលរដ្ឋប្រមាណ២០គ្រួសារបន្ថែមទៀត បានដាក់ពាក្យបណ្ដឹងមកកាន់ស្នងការ។

បើតាមហ្វេសប៊ុកស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា បានទទួលបណ្ដឹងជាង៣០០ករណីពីប្រជាពលរដ្ឋជាង៣០០គ្រួសារទាក់ទងនិងក្រុមហ៊ុនវិនិយោគនេះ។ កាលពីពេលកន្លងទៅស្នងការដ្ឋាននគរបាលខេត្តកំពតបានចេញអន្ដរាគមន៍លើរឿងនេះ ជាច្រើនលើកច្រើនសារ ក្រោយពីទទួលបានបណ្ដឹងទាំងទឹកភ្នែកពីប្រជាពលរដ្ឋ ថាក្រុមហ៊ុននេះ មិនបានអនុវត្តតាមសន្យាជាច្រើនខែ។

ដោយការចេញអន្ដរាគមន៍របស់ស្នងការខេត្តច្រើនដង បានធ្វើឱ្យក្រុមហ៊ុនវិនិយោគដីធ្លីនេះ ចោទទៅកាន់ស្នងការវិញថាបង្កការយាយី និងវាយប្រហារទៅលើក្រុមហ៊ុនដោយមិនស្ដាប់ហេតុផល ប៉ះពាល់ដល់ការខំប្រឹងប្រែងនិងនាំទៅបាត់បង់ផលប្រយោជន៍អតិថិជន។ ការប្រតិកម្មពីសំណាក់ក្រុមហ៊ុនដូច្នេះ ខណៈកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនពិភពដីមាសបានចេញមុខសម្របសម្រួលជូនអតិថិនរបស់ខ្លួន ហើយសន្យាថានឹងរៀបចំស្ថានភាពឱ្យរលូនវិញនៅខែសីហា ឆ្នាំ២០២៣ខាងមុខ ព្រមជាមួយសំណងមួយចំនួនតាមផែនការរបស់ក្រុមហ៊ុន។

តែយ៉ាងណាស្នងការអះអាងថា ក្នុងនាមមន្ដ្រីនគរបាលយុត្តិធម៌មិនមានចេតនារារាំងដំណើរការអាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុនណាមួយឡើយ តែដោយសារក្រុមហ៊ុនមិនគោរពតាមសន្យាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទើបនគរបានខេត្តចាំបាច់ត្រូវចាត់វិធានការ។

 

ទោះបែបនេះក្ដី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានចេញលិខិតកោះហៅម្ចាស់ក្រុមហ៊ុនដីធ្លីពិភពដីមាស គឺលោក ហ៊ី គីមហុង ជួបដើម្បីសាកសួរ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទឆបោកមានស្ថានទម្ងន់ទោសផងដែរ៕

Share

Image
Image
Image