en     km
en     km

ផ្ទះ១៦ខ្នងត្រូវខូចខាត និងងាប់គោ២ក្បាល ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ នៅខេត្តកំពត

Share

ភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្រ្តាក់ បានធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង និងរន្ទះបាញ់ងាប់គោចំនួន០២ក្បាលផងដែរ។ គ្រោះធម្មជាតិនេះ បានកើតឡើងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ 

បើតាមក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងតាមទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១:២០នាទី ដល់វេលាម៉ោង ២:០០នាទី ស្ថិតនៅឃុំល្អាង ភូមិដំណាក់អំពិល ស្រុកដងទង់ ខេត្តកំពត មានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់បានបង្កឱ្យមានការប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦ខ្នង។ ក្នុងនោះ រលំទាំងស្រុង ០៣ខ្នង, បើងដំបូល របើកជញ្ជាំង១៣ខ្នង និងរន្ទះបាញ់ស្លាប់គោចំនួន០២ក្បាល»

តាមរយៈសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុក្នុងអំឡុងពេលនេះ។ ក្រសួងបញ្ជាក់ថាក្នុងរយៈពេលពេញមួយសប្តាហ៍នេះ កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ដែលស្ថានភាពអាចខ្សោយឬខ្លាំងទៅតាមតបន់ ដែលអំឡុងពេលភ្លៀងអាចលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

Share

Image
Image
Image