en     km
en     km

គណៈកម្មការទី៦នៃរដ្ឋសភាគាំទ្រលើសេចក្ដីព្រាងច្បាប់បោះឆ្នោត

Share

តំណាងរាជរដ្ឋាភិបាលបានលើកសេចក្ដីព្រាងច្បាប់បោះឆ្នោតទៅកាន់រដ្ឋសភា ខណៈនេះគណៈកម្មការទី៦នៃរដ្ឋសភាបានគាំទ្រទាំងស្រុងហើយ និងត្រៀមដាក់បញ្ជូលទៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួនលើកទៅ៩ នីតិកាលទី៦ នាពេលខាងមុខ។ តែយ៉ាងណា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា បើច្បាប់នេះត្រូវបានអនុម័តនោះ នឹងក្លាយជាការរឹតត្បិតលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការឈរឈ្មោះបោះឆ្នោត។ ស្របពេលជាមួយគ្នាដែរ ស្ថានបេសកកម្មអចិន្ដ្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានប្រតិកម្មតបនិងការលើកឡើងរបស់ឧត្តមស្នងការ និងចាត់ទុកថា ជាបុរេនិច្ឆ័យលម្អៀង និងគ្មានមូលដ្ឋានទាល់តែសោះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការទី៦នៃរដ្ឋសភាបានគាំទ្រលើសេចក្ដីព្រាងច្បាប់បោះឆ្នោតទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ ក្រោយសម្ដេច ស ខេង តំណាងរាជរដ្ឋាភិបាលរៀបរាប់ពីសេចក្ដីព្រាងនៃច្បាប់បោះឆ្នោត ដែលរាជរដ្ឋាភិបាលចង់ធ្វើវិសោធកម្ម។

គណៈកម្មការទី៦នៃរដ្ឋសភាថា នឹងធ្វើសំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់។

មុនពេលគណៈកម្មការទី៦នៃរដ្ឋសភាគាំទ្រលើសេចក្ដីព្រាងច្បាប់បោះឆ្នោតនេះសម្ដេច ស ខេង ឧបនាយក​​​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងរាជរដ្ឋាភិបាលក្នុងការធ្វើវិសោធកម្មច្បាប់បោះឆ្នោតផង បានឱ្យដឹងថា យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

សម្ដេច ស ខេង ​បានបន្ថែមថា ដើម្បីសម្រេចនូវគោលបំណងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសការជ្រើសរើសបាននូវអ្នកដឹកនាំល្អសម្រាប់ជាតិ ពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ។

សម្ដេច ស ខេង បានបន្ដថារាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត”។ តំណាងរាជរដ្ឋាភិបាលរូបនេះ អះអាងថាពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួនដោយចេញទៅបោះឆ្នោត ដែល​នេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គមប្រជាធិបតេយ្យ។

ក្នុងរឿងនេះដែរ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះថា ប្រសិនបើសេចក្ដីព្រាងវិសោធកម្មច្បាប់នេះត្រូវបានអនុម័ត នឹងក្លាយជាការរឹតត្បិតលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការរំលោភសិទ្ធិ របស់ប្រជាពលរដ្ឋទាំងអស់ក្នុងការឈរឈ្មោះបោះឆ្នោត ដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ។ តែយ៉ាងណា ស្ថានបេសកកម្មអចិន្ដ្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានឆ្លើយតបពីការចោទប្រកាន់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ អំពីការធ្វើវិសោធនកម្មកម្មច្បាប់បោះឆ្នោតនេះដែរ ថាជាបុរេនិច្ឆ័យលម្អៀង និងគ្មានមូលដ្ឋានទាល់តែសោះ។ ជាមួយគ្នាដែរ ស្ថានបេសកកម្មអចិន្ដ្រៃយ៍នៃកម្ពុជារំលេចថាសេចក្ដីព្រាងវិសោធនកម្មនេះ គឺធ្វើឡើងក្នុងចេតនាល្អ ឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់អ្នកដឹក​នាំ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូ មុនឈរឈ្មោះឱ្យគេបោះឆ្នោត៕

 

Share

Image
Image
Image