ដោយមើលឃើញពីការចាក់ដីរំលោភចូលក្នុងស្ទឹងសង្កែ ក្រុមមាតាធម្មជាតិ និងប្រជាពលរដ្ឋមួយចំនួនបានទាមទារឱ្យមន្ដ្រីខេត្តពិនិត្យមើលលើករណីការសាងសង់រីសត ដែលចាក់ដីចូលក្នុងស្ទឹងមានឈ្មោះល្បីមួយនេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
បាត់ដំបង៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមចលនាមាតាធម្មជាតិ បានឱ្យដឹងថា ស្ទឹងសង្កែត្រូវបានអ្នកមានលុយ អ្នកមានអំណាច ចាក់ដីរំលោភយកស្ទឹងហើយសាងសង់រីសតឯកជននៅទីនោះ។ បើតាមការបញ្ជាក់ពីក្រុមមាតាធម្មជាតិដដែលឱ្យដឹងថា កន្លែងចាក់ដីរំលោភចូលស្ទឹងនេះ គឺទល់មុខនឹងសាលាឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងតែម្តង តែគ្មានមន្ដ្រីមូលដ្ឋានណាអើពើនោះទេ។
ដោយបង្ហាញឈ្មោះចំៗ និងភ្ជាប់មកជាមួយរូបថតមួយសន្លឹកផង ក្រុមមាតាធម្មជាតិបញ្ជាក់ថា រីសតនោះគឺជារបស់ឧកញ៉ាម្នាក់ឈ្មោះ ទុយ គី និងមានការយាមកាមពីឧត្តមសេនីយ៍ត្រី មៀន ឡាយ ដែលជាស្នងការរងខេត្តបាត់ដំបង។
វិទ្យុស្ដ្រីបានសុំការឆ្លើយតបពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង តែលោកជាប់ប្រជុំមិនអាចឆ្លើយតបសំណួរអ្នកសារព័ត៌មានបានទេ។
ក្រុមមាតាធម្មជាតិបានលើកឡើងជាសំណួរថា តើម្ចាស់រីសតឯកជនដែលកំពុងសាងសង់នេះមានលក្ខណៈពិសេសអ្វីទើបបានជាពួកគេមានស្លាបហោះរំលងច្បាប់បែបនេះ?
រាជរដ្ឋាភិបាលបានចេញច្បាប់ស្ដីពីការការពារដីរដ្ឋមានច្បាប់ភូមិបាល ១៩៩២ ច្បាប់ភូមិបាល២០០១ អនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច ២០០៣ អនុក្រឹត្យស្តីពីសម្បទានដីសេដ្ឋកិច្ច ២០០៥ ក្រមរដ្ឋប្បវេណី ២០០៧ និងសារាចរស្ដីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ២០០៧ ដើម្បីការពារដីសាធារណៈរបស់រដ្ឋពីការរំលោភខុសច្បាប់។ ក្នុងនោះមាត្រា២ នៃច្បាប់ភូមិបាល២០០១ ចែងថា ដីសាធារណៈរដ្ឋ រួមបញ្ចូលដីទាំងអស់ដែលបម្រើផលប្រយោជន៍សាធារណៈ។
ដីទាំងនេះរាប់បញ្ចូលទាំងដី មានប្រភពពីធម្មជាតិ ដូចជា ទន្លេ បឹងបួរ ស្ទឹង និងភ្នំ។ ក្រៅពីនេះមានអចលនវត្ថុដែលត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ជាសាធារណៈ ក្នុងគោលដៅជាក់លាក់ ដូចជា កំពង់ផែ ផ្លូវដែក និងព្រលានយន្តហោះ ។ អចលនវត្ថុដែលបម្រើឲ្យប្រយោជន៍សាធារណៈ ដូចជា ផ្លូវថ្នល់ ផ្លូវលំ និងសួនច្បារសាធារណៈអចលនវត្ថុដែលត្រូវបានបែងចែកសម្រាប់ផ្តល់សេវាសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ និងអគាររដ្ឋបាលក៏ចាត់ទុកជារបស់សាធារណៈរដ្ឋដែរ។ ជាមួយគ្នា តំបន់ការពារ តំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រ និងទ្រព្យសម្បត្តិផ្លូវការរបស់ខ្សែរាជវង្សានុវង្សក៏ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
សូមជម្រាបថា ស្ទឹងសង្កែជាស្ទឹងដ៏មានកេត្តនាមល្បីល្បាញមួយនៅក្នុងប្រទេសដែលប្រជាជនខ្មែរភាគច្រើនស្គាល់ស្ទឹងនេះ តាមរយៈវណ្ណកម្មចម្រៀងរបស់ម្ចាស់កវីស្ទឹងសង្កែ គង់ ប៊ុនឈឿន។ តាមរយៈការបញ្ចេញមតិមួយចំនួនលើហ្វេសហ៊ុកក្រុមមាតាធម្មជាតិ(Mother Natural Cambodia)ទាមទារឱ្យរដ្ឋបាលខេត្តចេញបកស្រាយករណីនេះផងដែរ៕