en     km
en     km

គ.ជ.ប អំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅ ឬបំបេញបេសកម្មនៅបរទេសវិលមកបោះឆ្នោតនាពេលខាងមុខ

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ឬបំពេញបេសកម្មនៅក្រៅប្រទេស និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ សូមវិលមកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនិតិកាលទី៧ ឆ្នាំ២០២៣។ គ.ជ.ប បញ្ជាក់ថា ថាការទៅបោះឆ្នោតឱ្យបានគ្រប់គ្នា គឺជាការអនុវត្តសិទ្ធរបស់ខ្លួន។

សូមជម្រាបថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសាបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត។ ប្រសិនបើមានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែមានបញ្ហាលើអត្តសញ្ញាណបណ្ណ គ.ជ.ប បានឱ្យអ្នកបោះឆ្នោត ប្រើប្រាស់ឯកសារបញ្ជាក់អត្ដសញ្ញាណបណ្ណបម្រើការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីបោះឆ្នោត។

យ៉ាងណាឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណនេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅតាមគណៈកម្មាការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដោយត្រូវមានការបញ្ជាក់ពីអាជ្ញាធរឃុំ សង្កាត់ ដែលសាម៉ីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ស្របគ្នានឹងការអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនាពេលថ្មីៗនេះ បានគ្រោងធ្វើវិសោធកម្មច្បាប់ស្ដីពីការបោះឆ្នោតទាំងសកល​ និងអសកល ដើម្បីជំរុញឱ្យអ្នកបោះឆ្នោត ពិសេសសមាជិកបក្សទៅបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដាខាងមុខ ដើម្បីមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅពេលបន្តបន្ទាប់ទៀត។

ក្រោយរាជរដ្ឋាភិបាលប្រកាសបែបនេះ មានញត្តិជាច្រើនទាំងក្រសួងនានា និងសមាគមបានដាក់ការគាំទ្រឱ្យរាជរដ្ឋាភិបាលធ្វើវិសោធកម្មលើច្បាប់បោះឆ្នោតនេះ។ ក្នុងនោះដែរ អង្គការនិកហ្វិកដែលធ្វើការលើរឿងបោះឆ្នោត ក៏បានលើកឡើងថា ជារឿងល្អម៉្យាងក្នុងការធ្វើវិសោធកម្មនេះ ដើម្បីជំរុញឱ្យពលរដ្ឋទៅបោះឆ្នោតបានគ្រប់គ្នា៕

Share

Image
Image
Image