en     km
en     km

តើអ្នកសារព័ត៌មានជាស្រ្តីមួយចំនួននៅតែប្រឈមបញ្ហាអ្វីក្នុងអាជីពរបស់ខ្លួន?

Share

ភ្នំពេញ៖ កន្លងមកបើទោះបីជាមានការឆ្លើយតបក្នុងការដោះស្រាយនូវលផលំបាកដែលអ្នកកាសែតស្រីបានប្រឈមយ៉ាងណាក្តី ប៉ុន្តែក្រុមអ្នកកាសែតស្រី្តៗមួយចំនួននៅតែមានបញ្ហាប្រឈមដដែរៗ ដែលជាហេតុបង្កឱ្យមានការរារាំងក្នុងការបំពេញការងាររបស់គេមិនមានភាពរលូន។ ក្នុងចំណោមបញ្ហាដែលពួកគេបានលើកឡើងនោះ អ្វីដែលគេពិបាកនឹងទទួលយកហើយទាមទារឱ្យមានវិធានការដោះស្រាយ គឺការមិនផ្តល់ឱកាស និងមិនសូវឱ្យតម្លៃដល់ស្រ្តីក្នុងការបំពេញការងារបើធៀបនឹងបុរស។
ដើម្បីជ្រាបកាន់តែច្បាស់ថាតើមានចំណុចអ្វីខ្លះ នាំឱ្យអ្នកកាសែតស្រីលើកឡើងពីបញ្ហាប្រឈមក្នុងអាជីពការងារ? ចុះមានអ្វីកង្វល់អ្វីទៀត ដែលជាក្តីបារម្មណ៍សម្រាប់អ្នកកាសែតស្រី? តទៅនេះសូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

«កន្លងមកតាមរយៈបងជួបបទពិសោធន៍ហ្នឹងផ្ទាល់គឺដូចជាការឃាឃាំង ការមិនផ្តល់តម្លៃ ការបិទសិទ្ធិសេរីភាពមិនឱ្យចូលរួមក្នុងកិច្ចការខាងក្រៅ»
«បញ្ហាដែលបងធ្លាប់ប្រឈមគឺសុវត្ថិភាព ហើយកាលនុងយើងក្មេងដែលយើងត្រូវបានអជ្ញាធររុញច្រានអីចឹងទៅ»
«រយៈពេលកន្លងមកអ្វីដែលខ្ញុំប្រឈមគឺបន្តិចបន្តួចទេដោយសារតែខ្ញុំធ្វើព័ត៌មានបែបមិនស៊ីជម្រៅ អញ្ចឹងខ្ញុំអាចនិយាយបានថាវិស័យព័ត៌មាននៅកម្ពុជាបច្ចប្បន្ននៅមានកម្រិត»
«ក្នុងការប្រលោកវិស័យព័ត៌មានហ្នឹងបញ្ហាដែលយើងជួបប្រទះវាពិបាកក្នុងការណាត់ជួបសម្ភាសន៍ប្រភភព ដើម្បីយកអត្ថបទព័ត៌មានហ្នឹងយើងអាចមានផលលំបាក»

នេះជាការលើកឡើងនូវទស្សនៈរៀងៗខ្លួនរបស់ស្រ្តីជាអ្នកសារព័ត៌មានមកពីស្ថាប័នខុសគ្នា ដែលក្រុមការងារព័ត៌មានវិទ្យុស្រ្តីបានជួបសម្ភាសន៍ក្នុងពេលពួកគេជួបជុំគ្នាផ្តោះប្តូរមតិយោបល់និងបញ្ហាប្រឈមផ្សេងៗធ្លាប់ជួបប្រទះពេលបំពេញការងារ។ កិច្ចពិភាក្សាដែលបានផ្តល់ឱកាសបញ្ចេញមតិដើម្បីស្វែងរកដំណោះស្រាយសម្រាប់អ្នកកាសែតជាស្រ្តី បានធ្វើឡើងជារៀងរាល់ខែដែលអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអ្នករៀបចំនិងសម្របសម្រួលកម្មវិធី។

ថ្វីដ្បិតថាបច្ចុប្បន្នមានការដោះស្រាយ និងលើកតម្កើនតម្លៃស្រ្តីឱ្យចូលប្រលោកវិស័យសារព័ត៌មានក៏ពិតមែន ប៉ុន្តែនៅតែមានការត្អូញត្អែរពីសំណាកស្រ្តីជាអ្នកសារព័ត៌មានដដែលៗ ដោយពួកគេលើកឡើងថា ស្រ្តីជាអ្នកសារព័ត៌មាននៅតែងាយទទួលរងនូវបញ្ហាប្រឈមនានា។
ស្រ្តីមានវ័យកណ្តាល ប្រឡូកក្នុងវិស័យជាអ្នកសារព័ត៌មានយូរឆ្នាំមកហើយនោះគឺអ្នកស្រី យី ឆវ័ន្ត បច្ចប្បន្នធ្វើការនៅស្ថានីយ៍វិទ្យុមួយបានរៀបរាប់ថា ការលំបាកដែលខ្លួនប្រទះមានច្រើន ប៉ុន្តែករណីដែលអ្នកស្រីពិបាកនឹងទទួលយកនោះគឺការដែលមិនផ្តល់តម្លៃ និងមិនមានការលើកកម្ពស់ស្រ្តីក្នុងស្ថាប័នការងារ។

 

អ្នកស្រី យី ឆវ័ន្ត

អ្នកស្រី ឆវ័ន្ត៖« តាំងពីបងប្រឡោកការងារនេះ(ធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន)ពីមុនរហូតដល់ឥឡូវ បងជួបបញ្ហាពីរមិនប្រក្រតីពាក់ព័ន្ធនឹងការមិនផ្តល់តម្លៃសិទ្ធិនិងសេរីភាព ឬមួយក៏ការមិនសប្បាយចិត្តពីផ្នែកខាងបុរសមកលើស្ត្រីគឺគាត់ហាក់ដូចជា ពេលខ្លះគាត់ឃើញពីឥទ្ធិពលរបស់យើងក៏ធ្វើឱ្យគាត់មានការឃាឃាំងនិងបិទសិទ្ធីរបស់យើងដែល ម្យ៉ាងវិញទៀតបងមើលឃើញថាមួយចំនួន មិនទាំងស្រុងទេតែនេះជាចំណុចមួយឃើញថាបុរសមួយចំនួនមិនទាន់ឱ្យសិទ្ធីទៅលើស្តី្រដែលមានសមត្ថភាពពិតប្រាកដជំនាញពិតប្រាកដដែលហាក់ជាការឃាឃាំងសម្រាប់តំណែងឬក៏តួនាទី»។

តួនាទីអ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ក្នុងសង្គមប្រកាន់របបប្រជាធិបេតេយ្យ ត្បិតសារព័ត៌មានប្រៀបបានជាកញ្ចក់ឆ្លុះបញ្ចាំងពីរឿងរ៉ាងក្នុងសង្គម និងជាធាតុចូលមួយជួយដោះស្រាយបញ្ហាដែលកើតឡើងក្នុងសង្គមផងដែរ។ ក្នុងនោះអ្នកសារព័ត៌មានស្រ្តីត្រូវបានសង្កេតឃើញថា ចាប់ផ្តើមមានកំណើនបន្តិចម្តងៗចូលប្រឡូកក្នុងវិស័យនេះ។
យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានឆ្នាំ ២០២១ ឲ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាសរុបប្រមាណជាង ៥ពាន់ នាក់ មានស្ត្រីអ្នកសារព័ត៌មានចំនួនជាង ៤៧០ នាក់ ស្មើនឹង ៩,៤% ប៉ុណ្ណោះ។ របាយការណ៍នេះបញ្ជាក់ឱ្យឃើញថា ចំនួនអ្នកសារព័ត៌មានស្ត្រីមានការកើនឡើង គួរឱ្យកត់សម្គាល់ ប៉ុន្តែបើប្រៀបធៀបទៅបុរសវានៅតែមានចំនួនតិចតួចនៅឡើយ។

អ្នកស្រី សេង ម៉ូលីនី អ្នកសារព័ត៌មានប្រកបវិជ្ជាជីវៈសេរីម្នាក់និយាយថា មកទល់នឹងពេលនេះផលលំបាកដែលខ្លួនឆ្លងកាត់កន្លងមកហាក់ដូចជាស្រាកស្រាន្តបន្តិចហើយបើធៀបនឹងពេលកន្លងមក។ ប៉ុន្តែយ៉ាងណា មិញអ្នកសារព័ត៌មានស្រ្តីមាឌធំក្រអាញរូបនេះ នៅតែមានក្តីបារម្មណ៍ទាក់ទងនឹងសុវត្ថិតភាពរបស់បណ្តា អ្នកសារព័ត៌មានស្រ្តី ដោយអ្នកស្រីស្នើឱ្យមានវគ្គបណ្តុះបណ្តាលបន្ថែមទាក់ទងនឹងចំណេះដឹងផ្សេងៗក៏ដូចជាដំណោះស្រាយក្នុងការការពារខ្លួនមួយចំនួនផងដែរ។

អ្នកស្រី សេង ម៉ូលីនី

អ្នកស្រី សេង ម៉ូលីនី៖ «ចង់បានវគ្គបណ្តុះបណ្តាលដូចថាការផ្តល់ជាវគ្គបណ្តុះបណ្តាលក្នុងការព្ងឹងសមត្ថភាពស្រ្តីក្នុងនាមជាស្ត្រីហ្មងណាស់ ហើយក៏ដូចជាគេហៅថាពង្រឹងយុទ្ធសាស្រ្តការពារខ្លួនអីចឹងទៅ អាហ្នឹងជាអីដែលបងចង់បាន»។

ចំណែកអ្នកស្រី វ៉ាយ វត្តី ដើរលើវិស័យសារព័ត៌មានជាយូរឆ្នាំមកហើយដែលនោះ អ្នកស្រីនិយាយថា អ្នកស្រីក៏មិនសូវជាមានផលលំបាកជាខ្លាំងក្លានោះទេ ព្រោះថាអ្នកស្រីមិនបានផ្តោតសំខាន់ទៅលើការសរសេរព័ត៌មានរំសើប ឬស៊ីជម្រៅអ្វីឡើយ ដែលនេះជាកត្តាមួយដែលធ្វើឱ្យអ្នកស្រីយល់ថា អាចធ្វើឱ្យខ្លួនជៀសផុតពីបញ្ហាដែលនាំឱ្យមានការប៉ះពាល់ជាខ្លាំងទៅលើសុវត្ថិភាពរាង្គកាយ។ មួយទៀត អ្នកស្រីសម្គាល់ឃើញថាអ្នកសារព័ត៌មានជាស្រ្តីនៅមានកម្រិត ហើយដើម្បីជាដំណោះស្រាយអ្នកស្រីស្នើឱ្យមានវិធានការមួយចំនួនក្នុងកាការពារអ្នកសារព័តមានជាស្ត្រីឱ្យមានទំនុកចិត្តក្នុងការដើរលើវិស័យសារព័ត៌មាន។

អ្នកស្រីវ៉ាយ វត្តី

អ្នកស្រីវ៉ាយ វត្តី៖ ដើម្បីជាដំណោះស្រាយគួរតែមានស្ថាប័នរឹងមាំណាមួយដែលជួយគាំទ្រ និងការពារអ្នកសារព័ត៌មានស្រ្តីនៅពេលដែលគាត់មានបញ្ហាប្រឈមផ្សេងៗអាចជួយអន្តរាគមន៍ដល់គាត់ដើម្បីឱ្យគាត់មានភាពកក់ក្តៅដល់វិស័យការងារជាអ្នកសារព័ត៌មាន»។

ក្រឡែកទៅកាន់អ្នកស្រី យី ឆវ័ន្ត វិញអ្នកស្រីចង់ឃើញស្រ្តីជាអ្នកសារព័ត៌មាន ទទួលបានការយកចិត្តទុកដាក់ពីមជ្ឍដ្ឋានជុំវិញខ្លួន។ លើសពីនេះទៅទៀតនោះ អ្នកស្រីសំណូមពរឱ្យគ្រប់ស្ថាប័នទាំងអស់ចូលរួមបន្តលើកកម្ពស់ស្តី្រ បើកឱកាសដលស្ត្រីដែលមានសមត្ថភាពឈនៅលើតួនាទីក៏ដូចជាមុខងារមួយខ្ពង់ខ្ពស់ដូចទៅនឹងបុរសដែរ។

អ្នកស្រី យី ឆវ័ន្ត៖«អង្គភាពស្ថាប័នតិចតួចតូចតាចមួយចំនួនដែលនៅតែរឹត្បិតសេរីភាពសម្រាប់អ្នកកាសែតស្រ្តី ឬអ្នកធ្វើការក្នុងប្រព័ន្ធអ្នកផ្សព្វផ្សាយជានារីហ្នឹងក៏គួរតែបុរសទាំងអស់ បុរសដែលមានចំនួនបន្តិចបន្តួចហ្នឹងណាស់ក៏គួរតែបើកឱកាសនិងសិទ្ធសេរីភាពផ្តល់អំណាចដល់គាត់(អ្នកកាសែតស្រ្តី)មានឱកាសក្នុងការពង្រីកចំណេះដឹងពង្រីកវិសាលភាពចំណេះដឹងហ្នេងឱ្យកាន់តែច្រើនទូលំទូលាយឡើងកុំរឹតត្បិតទៀត ដកការរិតត្បិតចេញឱ្យនារីមានឱកាសទូលំទូលាយដូចបុរស»។

ទន្ទឹមនឹងការរីករាយដែលមានការកើនឡើងចំនួនស្ត្រីក្នុងវិស័យនេះ ការប្រឈមរបស់ស្ត្រីក៏ជាបញ្ហាដែលគួរលើកឡើង និងមិនអាចមើលរំលងបាន ព្រោះអ្នកកាសែតស្រីជារឿយៗតែងទទួលរងការរើសអើងភេទ និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។ ជាក់ស្តែង នាពេលកន្លងទៅថ្មីៗនេះមានករណីលោក ផេង វណ្ណៈ បានជេរប្រមាថអ្នកកាសែតស្រី VOD ម្នាក់ ដែលករណីនេះត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកជាការប្រើប្រាស់ពាក្យសម្តីប្រមាថម៉ាក់ងាយស្រ្តីភេទ។ ក្រុមសង្គមស៊ីវិលកាលណ្ណោះមានជាង៤០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមថ្កោសទោសលើលោក ផែង វណ្ណៈ ដែលធ្វើទង្វើមិនអាចលើកលែងបាន ព្រោះអសីលធម៌ និងបំពានយ៉ាងខ្លាំងទៅលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន»ជាពិសេសបំពានទៅលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ដែលក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានបានរួមគ្នាបង្កើតឡើងកាលពីឆ្នាំ២០១៧។

សូមបញ្ជាក់ថាការកសាងសមត្ថភាពក្រុមស្ត្រីអ្នកសារព័ត៌មានទទួលបានគាំទ្រពី UNESCO, Internews, EWMI, និង SDC ៕

Share

Image
Image
Image