en     km
en     km

វិធីសាស្រ្តសង្គ្រោះបឋមពេលកុមារលង់ទឹក

Share

កាលពីអត្ថបទមុន​ យើងបានលើកយកនូវវិធីសាស្រ្តសង្គ្រោះបឋមចំពោះមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹករួចមកហើយ ដែលយើងបានបញ្ចូលនូវវិធីជួយជនរងគ្រោះពេលកំពុងលង់ក្នុងទឹក និងក្រោយស្រង់ចេញពីទឹក។ ហើយក្នុងការសង្រ្គោះនេះផងដែរ អ្នកសង្គ្រោះត្រូវពិនិត្យមើលអាការៈជនរងគ្រោះជាមុនសិន។

ប្រសិនបើជនរងគ្រោះសន្លប់ តែមិនដកដង្ហើមទេ អ្នកសង្គ្រោះត្រូវបើកផ្លូវដង្ហើមរបស់ពួកគេ ព្រមទាំងផ្តល់ដង្ហើមសង្គ្រោះ រួចត្រូវចាប់ផ្តើមធ្វើ CPR (cardiopulmonary resuscitation) ដែលបានបញ្ចូលទាំងការធ្វើ CPR ដោយដៃ និង CPR ជាមួយនឹងដង្ហើមសង្គ្រោះផងដែរ។  មួយវិញទៀត ប្រសិនបើជនរងគ្រោះសន្លប់ ហើយនៅដកដង្ហើម អ្នកសង្គ្រោះត្រូវដាក់ជនរងគ្រោះឱ្យមានស្ថានភាពដែលមានសុវត្ថិភាព(recovery position)និងត្រូវដាក់ផ្នែកក្បាលរបស់ពួកគេទាបជាងខ្លួន។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស
 

 

 

ដោយឡែកក្នុងថ្ងៃនេះ យើងនឹងលើកយកនូវវិធីសាស្រ្តសង្គ្រោះបឋមចំពោះកុមារពេលជួបឧប្បត្តិហេតុលង់ទឹកវិញម្តង ហើយវិធីសាស្រ្តសង្គ្រោះបឋមលើកុមារក៏ដូចនឹងមនុស្សពេញវ័យដែរ ប៉ុន្តែចំណុចដែលខុសគ្នាគឺការធ្វើចលនាបេះដូង CPR។ ដូចច្នេះ យើងបានលើកយកនូវវិធីធ្វើ CPR ចំពោះកុមារដែលជួបឧប្បត្តិហេតុលង់ទឹកនេះ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

សម្រាប់ការធ្វើ CPR លើកុមារនេះចែកចេញជា ៥ ជំហានដូចជា៖

ជំហានទី១ អ្នកត្រូវបើកផ្លូវដង្ហើមរបស់កុមារ ដោយដាក់ដៃ ១ លើថ្ងាសរបស់ជនរងគ្រោះ នឹងផ្អៀងក្បាលថ្នមៗ ហើយលើកចង្កាឡើង។ 

ជំហានទី២ អ្នកត្រូវច្របាច់ច្រមុះ និងដាក់មាត់របស់អ្នកនៅលើមាត់របស់កុមារ ហើយផ្លុំខ្យល់ទៅក្នុងមាត់របស់ពួកគេ ព្រមទាំងមើលការប្រែប្រួលទ្រូងរបស់ពួកគេ រួចផ្លុំខ្យល់សង្គ្រោះបឋមចំនួន៥ដង ។

ជំហានទី៣ អ្នកត្រូវដាក់ដៃម្ខាងឱ្យស្ថិតចំកណ្តាលទ្រូងរបស់កុមារ និងសង្កត់ចុះក្រោម ៥ សង់ទីម៉ែត្រ ដែលប្រហែលមួយភាគបីនៃអង្កត់ផ្ចិតទ្រូង។ ប្រសិនបើអ្នកប្រើដៃម្ខាងសង្កត់ទ្រូងមិនបានជម្រៅ ៥ សង់ទីម៉ែត្រទេ អ្នកអាចប្រើដៃទាំងពីរ ព្រោះជម្រៅនៃការសង្កត់ទ្រូងមានសារៈសំខាន់ណាស់។ 

ជំហានទី៤ គឺបន្ទាប់ពីសង្កត់ទ្រូងបាន ៣0 ដង អ្នកត្រូវផ្តល់ដង្ហើមសង្គ្រោះចំនួន ២ ដងដល់ពួកគេ ដោយក្នុងអត្រាពី ១០០ ទៅ ១២០ ក្នុងមួយនាទី។

និងជំហានចុងក្រោយគឺ អ្នកត្រូវតែបន្ត​ការ​សង្កត់​ទ្រូង​ចំនួន ៣០ ដង និង​ដង្ហើម​សង្គ្រោះ ២ ដង​រហូត​ដល់​កុមារ​ចាប់​ផ្តើម​ជា​ធូរស្បើយ ឬ​ក្រុមជំនួយ​សង្គ្រោះ​បន្ទាន់​មក​ដល់។

សូមបញ្ជាក់ផងដែរថា​ នៅទូទាំងពិភពលោក អត្រាលង់ទឹកខ្ពស់បំផុតគឺក្នុងចំណោមកុមារអាយុពី ១ ឆ្នាំដល់ ៤ ឆ្នាំ។ បន្ទាប់មកគឺកុមារអាយុពី ៥ ដល់ ៩ ឆ្នាំ។ បន្ថែមពីនេះនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច កុមារបានស្លាប់ជាញឹកញាប់ដោយសារការលង់ទឹកនេះជាងមូលហេតុដទៃទៀត នេះបើតាមការបង្ហាញពីអង្គការសុខភាពពិភពលោក។

 

នាងកញ្ញា លោក លោកស្រី តទៅនេះយើងនឹងបង្ហាញអ្នកពីវិធីសាស្រ្តការពារកុមារពីការលង់ទឹកដូចទៅ៖

  • អាណាព្យាបាលត្រូវប្រាកដថាកុមារ ទទួលការគ្រប់គ្រងដោយមនុស្សពេញវ័យនៅពេលហែលទឹក ឬលេងនៅក្បែរប្រភពទឹក។
  • និងត្រូវបង្រៀនកូនរបស់អ្នកឱ្យចេះហែលទឹក ឬចុះឈ្មោះរៀនហែលទឹកដែលសមស្របតាមអាយុ ដើម្បីជួយការពារពួកគេពីការលង់ទឹក។
  • បន្ថែមពីនេះ អ្នកត្រូវដំឡើងរបងជុំវិញអាងទឹកក្នុងផ្ទះឱ្យបានគ្រប់ជ្រុងទាំងអស់នៃអាង និងមានកម្ពស់យ៉ាងតិច ១ ម៉ែត្រកន្លះ និងចាក់សោឱ្យបានល្អ។ ជាពិសេស​ត្រូវប្រុងប្រយ័ត្នកុំឱ្យកុមារនៅក្បែរអាងទឹក ពាងទឹក ឬធុងមានទឹកដែលអាចឱ្យកុមារលង់បាន។
  • ហើយអ្នកត្រូវប្រាកដថាកូនរបស់អ្នកពាក់អាវពោងបានត្រឹមត្រូវ នៅពេលជិះទូក ឬលេងក្នុងទឹក។
  • ជាពិសេសអ្នកត្រូវចេះធ្វើ CPR ឱ្យបានត្រឹមត្រូវ ព្រោះអាចជួយសង្គ្រោះជីវិតកុមារក្នុងករណីលង់ទឹកណាមួយ៕

 

Share

Image
Image
Image