en     km
en     km

វិធីសាស្រ្តសង្គ្រោះបឋមលើមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹក

Share

ដើម្បីជួយសង្គ្រោះនរណាម្នាក់ក្នុងឧប្បត្តិហេតុលង់ទឹក យើងសូមចែកចេញជាពីរដំណាក់កាល គឺជួយជនរងគ្រោះពេលកំពុងលង់ក្នុងទឹក និងក្រោយស្រង់ចេញពីទឹក។

ពេលកំពុងលង់ក្នុងទឹក អ្នកជួយសង្គ្រោះត្រូវពិនិត្យមើលស្ថានភាពជាមុន ដោយត្រូវមានម្ចាស់ការលើខ្លួនឯងច្បាស់លាស់ថាអាចជួយគេបាន ពោលគឺមិនត្រូវហក់ចូលក្នុងទឹកភ្លាមៗនោះទេ បើសិនកាលទេសៈមិនមានសុវត្ថិភាពចំពោះអ្នកជួយសង្គ្រោះ។ ប្រសិនបើអ្នកគិតថា ស្ថានភាពនោះមានសុវត្ថិភាពចំពោះខ្លួនអ្នក អ្នកក៏ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ចដើម្បីការពារខ្លួនអ្នកកុំឱ្យមានគ្រោះថ្នាក់ពេលទៅជួយសង្គ្រោះអ្នកដទៃ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ដោយឡែក ពេលជួយជនរងគ្រោះចេញពីក្នុងទឹកឡើងនៅលើគោក។ ដំណាក់កាលនេះជាដំបូង អ្នកត្រូវពិនិត្យមើលថាតើពួកគេមានដកដង្ហើមឬអត់។ ហើយសុំឱ្យនរណាម្នាក់ទូរស័ព្ទទៅលេខ ១១៩ សម្រាប់ហៅរថយន្តសង្រ្គោះបន្ទាន់ និងសុំជំនួយផ្នែកវេជ្ជសាស្រ្ត។

ប្រសិនបើជនរងគ្រោះមិនដកដង្ហើមទេ អ្នកត្រូវបើកផ្លូវដង្ហើមរបស់ពួកគេ ព្រមទាំងផ្តល់ដង្ហើមសង្គ្រោះដំបូងចំនួន ៥ដងមុនពេលអ្នកចាប់ផ្តើមធ្វើ CPR (cardiopulmonary resuscitation)។

តើអ្វីជាការធ្វើ CPR?

តាមគេហទំព័រសេវាសុខភាពជាតិ នៃចក្រភពអង់គ្លេស(NHS UK) បានបង្ហាញពីការណែនាំអំពីការសង្គ្រោះបេះដូង ឬហៅថា CPR ដែលបានបញ្ចូលទាំងការធ្វើ CPR ដោយដៃ និង CPR ជាមួយនឹងដង្ហើមសង្គ្រោះផងដែរ។

នាងកញ្ញា លោក លោកស្រី តទៅនេះយើងនឹងបង្ហាញអ្នកពីវិធីសាស្រ្តធ្វើ CPR ចំពោះមនុស្សពេញវ័យ នៅពេលលង់ទឹកដូចតទៅ៖

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ចំពោះវិធីសាស្រ្តធ្វើ CPR ដោយដៃ គឺសំដៅលើ ការសង្កត់ទ្រូង ដែលវិធីសាស្រ្តនេះចែកចេញជា ៥ ជំហានដូចជា៖

ជំហានទី១ អ្នកត្រូវលុតជង្គង់នៅជិតជនរងគ្រោះ ហើយដាក់ដៃទាំងពីររបស់អ្នកលើគ្នាដោយត្រូវភ្ជាប់ម្រាមដៃ រួចដាក់ដៃទាំងពីរនោះឱ្យស្ថិតចំកណ្តាលទ្រូងរបស់ពួកគេ។

ជំហានទី២ អ្នកត្រូវដាក់ស្មា និងដងខ្លួនឱ្យស្របនឹងដៃទាំងពីររបស់អ្នក។

ជំហានទី៣ អ្នកត្រូវប្រើកម្លាំងខ្លួនបន្ថែមពីកម្លាំងដៃរបស់អ្នក សង្កត់ទ្រូងរបស់ពួកគេពី ៥ ទៅ ៦ សង់ទីម៉ែត្រ។

ជំហានទី៤ អ្នកត្រូវបន្តដាក់ដៃលើទ្រូងរបស់ពួកគេ ធ្វើការសង្គត់និងអនុញ្ញាតឱ្យទ្រូងរបស់ពួកគេត្រឡប់ទៅទីតាំងដើមវិញ។

និងជំហានចុងក្រោយ គឺ ធ្វើការសង្កត់ម្តងទៀតក្នុងអត្រាពី ១០០ ទៅ ១២០ ដងក្នុងមួយនាទី រហូតដល់រថយន្តសង្គ្រោះមកដល់ ឬធ្វើឱ្យបានយូរតាមដែលអ្នកអាចធ្វើបាន។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

បន្ថែមពីនេះ ជាវិធីសាស្រ្តធ្វើ CPR នឹងដង្ហើមសង្គ្រោះ ដែលវិធីសាស្រ្តនេះចែកចេញជា ៤ ជំហានដូចជា៖

ជំហានទី១ ដាក់ដៃទាំងពីររបស់អ្នកលើគ្នាឱ្យស្ថិតចំកណ្តាលទ្រូងរបស់ពួកគេ រួចសង្កត់ទ្រូងរបស់ពួកគេពី ៥ ទៅ ៦ សង់ទីម៉ែត្រក្នុងអត្រាថេរពី ១០០ ទៅ ១២០ ក្នុងមួយនាទី។

ជំហានទី២ គឺបន្ទាប់ពីសង្កត់ទ្រូងបាន 30 ដង ត្រូវផ្តល់ដង្ហើមសង្គ្រោះចំនួន ២ ដងដល់ពួកគេ។

ជំហានទី៣ អ្នកត្រូវផ្អៀងក្បាលជនរងគ្រោះថ្នមៗ និងលើកចង្កាឡើងដោយប្រើម្រាមដៃ ២ របស់អ្នក។ បន្ទាប់មក អ្នកត្រូវច្របាច់ច្រមុះរបស់ពួកគេ។ រួចត្រូវដាក់មាត់របស់អ្នកលើមាត់របស់ពួកគេ ដោយត្រូវផ្លុំខ្យល់ទៅក្នុងមាត់របស់ពួកគេប្រហែល ១ វិនាទី ឱ្យបានចំនួន ២ ដង ហើយត្រូវពិនិត្យការប្រែប្រួលទ្រូងរបស់ពួកគេផងដែរ។

និងជំហានចុងក្រោយគឺ អ្នកត្រូវបន្តសង្កត់ទ្រូងចំនួន 30 ដងនិងដង្ហើមសង្គ្រោះ 2 ដង រហូតដល់ពួកគេដឹងខ្លួន ឬរថយន្តសង្គ្រោះបន្ទាន់មកដល់។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

យ៉ាងណាមិញ ប្រសិនបើជនរងគ្រោះសន្លប់ ហើយនៅតែដកដង្ហើម អ្នកត្រូវដាក់ជនរងគ្រោះឱ្យមានស្ថានភាពដែលមានសុវត្ថិភាព (recovery position)  ដោយត្រូវដាក់ផ្នែកក្បាលរបស់ពួកគេទាបជាងខ្លួន។ ហើយអ្នកក៏ត្រូវហៅរថយន្តសង្គ្រោះបន្ទាន់ឱ្យបានភ្លាមៗផងដែរ។

ចំពោះរបៀបក្នុងការដាក់ឱ្យជនរងគ្រោះនៅស្ថានភាពដែលមានសុវត្ថិភាព (recovery position) មានដូចជា៖  

ជាដំបូងអ្នកត្រូវដាក់ឱ្យជនរងគ្រោះដេកផ្ងារ និងកន្ថេកដៃឆ្វេងរបស់ពួកគេទៅខាងដៃស្តាំដៃរបស់អ្នក និងដាក់បាតដៃរបស់ពួកគេបែរឡើងលើ។ រួចមកបត់ដៃស្តាំរបស់ជនរងគ្រោះ ឱ្យខ្នងដៃបះថ្ពាល់ខាងឆ្វេងរបស់ពួកគេ ហើយអ្នកត្រូវកាន់វានៅនឹងកន្លែង។

បន្ទាប់មកត្រូវប្រើដៃទំនេរម្ខាងទៀតរបស់អ្នក ពត់ជង្គង់ខាងស្តាំជនរងគ្រោះ។ រួចរមៀលជនរងគ្រោះ បែរទៅរកអ្នកដោយប្រុងប្រយ័ត្ន។

និងចុងក្រោយ អ្នកត្រូវបើកផ្លូវដង្ហើមរបស់ពួកគេដោយផ្អៀងក្បាលទៅក្រោយថ្នមៗ និងលើកចង្កាឡើង ហើយពិនិត្យមើលថា មិនមានអ្វីធ្វើស្ទះផ្លូវដង្ហើមរបស់ពួកគេទេ។ ហើយអ្នកត្រូវតាមដានស្ថានភាពរបស់ពួកគេ ដើម្បីធានាថាពួកគេមិនឈប់ដកដង្ហើម ហើយបន្តដកដង្ហើមធម្មតារហូតដល់ជំនួយមកដល់៕

Share

Image
Image
Image