en     km
en     km

កម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់៦ឆ្នាំជាប់គ្នា បើទោះបីពុំទាន់បានលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងក្តី

Share

កម្ពុជាបានបង្ហាញរបាយការណ៍ និងវឌ្ឍនភាពរបស់ខ្លួនជុំវិញការប្រយុទ្ធប្រឆាំងនិងលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥។ តែយ៉ាងណា ប្រមុខរដ្ឋាភិបាលនៅតែផ្ញើសារអំពាវនាវដល់អ្នកពាក់ព័ន្ធ រួមគ្នាពន្លឿនអនុវត្តផែនការលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ដោយផ្តោតលើការផ្តល់សេវាបានគត់មុត នៅតំបន់ឆ្ងាយដាច់ស្រយាលប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិចដែលប្រឈមនឹងហានិភ័យខ្ពស់។អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ប្រទេសកម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ គ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន។ ចំពោះមុខវឌ្ឍនភាព និងសមទិ្ធផលជោគជ័យទាំងនេះ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ មិនត្រូវភ្លេចខ្លួន ព្រោះកម្ពុជាមិនទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលត្រូវតែខិតខំរួមគ្នាដោះស្រាយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យសម្រាប់ប្រទេសកម្ពុជាគ្មាន ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។


ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ«លើកកម្ពស់សមធម៌សុខភាព សមភាពយេឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិចដែលប្រឈមនឹងហានិភ័យខ្ពស់។ ហើយការផ្តល់សេវាព្យាបាលមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាពសង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែ ក៏ជា សិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ។


ក្នុងនាមជាអ្នកទ្រទ្រង់សុខភាពភូមិ ស្រែអំពិល ឃុំ ស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី កញ្ញា កើក ញ៉ាញ់ ជនជាតិដើមភាគតិចព្នង ទាក់ទងនឹងជំងឺគ្រុនចាញ់នេះបើធៀបពីពេលមុននឹងឥឡូវមានការថយចុះច្រើន« ឥឡូវអត់មានទេ ដោយសារតែពីមុនយើងទៅព្រៃយើងអត់ដឹងថា ត្រូវកាន់មុងជាប់ជាមួយ អ៊ីចឹងដល់ពេលឥឡូវយើងដឹងព្រោះអីមានគេចុះអប់រំដែរ កាន់មុងទៅព្រៃ ឥឡូវថយចុះច្រើន!»។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ។ លោកសាស្រ្តាចារ្យបានមានប្រសាសន៍បែបនេះខណៈអញ្ជើញចូលរួមអបអរទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ«លើកកម្ពស់សមធម៌សុខភាព សមភាពយេឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នៅក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ កាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលបានជោគជ័យ៦ឆ្នាំជាប់គ្នា ដោយមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់ នេះបើយោងតាមការបង្ហាញឱ្យដឹងពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត៕

រូបភាព៖មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត

Share

ព័ត៌មានទាក់ទង

Image