en     km
en     km

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

Share

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវជំងឺមហារីក នៃអង្គការសុខភាពពិភពលោក បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូន ជាជំងឺលំដាប់ទី២ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលតែងតែមានក្នុងចំណោមស្ត្រីអាយុចន្លោះពី១៥ ឆ្នាំទៅអាយុ ៤៤ ឆ្នាំ ។

តាមការប៉ាន់ស្មានបច្ចុប្បន្នបង្ហាញថា ជារៀងរាល់ឆ្នាំស្រ្តីចំនួន ៦៤៣ នាក់បានស្លាប់ដោយសារជំងឺមហារីកមាត់ស្បូន និងស្ត្រីចំនួន ១១៣៥ នាក់ បានធ្វើរោគវិនិច្ឆ័យជំងឺនេះផងដែរ។ បន្ថែមពីនេះ ស្ត្រី ៦.០៦ លាននាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងកំពុងស្ថិតក្នុងហានិភ័យនៃការវិវត្តនៃជំងឺមហារីកមាត់ស្បូននេះផងដែរ ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តើអ្វីជាជំងឺមហារីកមាត់ស្បូន?

បើតាមគេហទំព័រសុខភាព Healthtime  ជំងឺមហារីកមាត់ស្បូន គឺជាជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាមួយចំនួនទៀតដូចជា៖

ទី១ ទំនាក់ទំនងការរួមភេទ៖ ការឆាប់រួមភេទមុនអាយុ ១៧ឆ្នាំ ការមានដៃគូរួមភេទច្រើន ការមានកូនមុនអាយុ២០ឆ្នាំ និងការមានកូនច្រើនជាដើម។

ទី២ ការចុះថយនូវភាពស៊ាំរបស់រាង្គកាយ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ។

ទី៣ ស្រ្តីប្រើប្រាស់ថ្នាំពន្យារកំណើត៖ ដោយពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នា

ទី៤ គឺការជក់បារី

ចំណែកទី៥ គឺបណ្តាលមកពីស្រ្តីមានបញ្ហារលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការតាមដានរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវជាដើម។

និងកត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ បញ្ហាភាពក្រីក្រ កម្រិតសង្គម ការយល់ដឹងមានកម្រិតទាបរបស់ពលរដ្ឋរស់នៅក្នុងប្រទេសក្រីក្រដែលធ្វើឱ្យស្រ្តីពុំសូវយកចិត្តទុកដាក់បញ្ហាមួយនេះ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

យ៉ាងណាមិញ ចំពោះរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនវិញ បើតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក  រោគសញ្ញានៃជំងឺមហារីកមាត់ស្បូននៅដំណាក់កាលដំបូងមាន៖ ការមករដូវមិនមិនទៀងទាត់ចំពោះស្ត្រីដែលមានវ័យបន្តពូជ ការសម្គាល់ក្រោយអស់រដូវឬឈាមរដូវ ការហូរឈាមបន្ទាប់ពីការរួមភេទ និងការកើនឡើងទឹករំអិលទ្វារមាស ជួនកាលមានក្លិនមិនល្អ។

បន្ថែមពីនេះ នៅពេលដែលមហារីកមាត់ស្បូនកាន់តែធ្ងន់ធ្ងរ រោគសញ្ញា អាចលេចឡើងរួមមាន: ឈឺខ្នង, ជើងឬអាងត្រគាក; ស្រកទម្ងន់, អស់កម្លាំង, បាត់បង់ចំណង់អាហារ; និងហូរទឹករំអិលដែលមានក្លិនមិនល្អ; ហើយមានហើមជើង ឬចុងជើងទាំងពីរ។

បន្ទាប់ពីយើងបានស្វែងយល់ពីនិយមន័យ និង រោគសញ្ញានៃជំងឺមហារីកមាត់ស្បូនរួចហើយ  តទៅនេះយើងនឹងលើកយកវិធីសាស្រ្តនៃការព្យាបាលជំងឺនេះវិញម្តង។

បើយោងតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ការព្យាបាលមហារីកមាត់ស្បូននេះ អាចប្រើវិធីសាស្រ្ត វះកាត់ ការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយគីមី។

បន្ថែមពីនេះ គេហទំព័រសុខភាព Healthtime ក៏បានបង្ហាញថា បើនៅក្នុងដំណាក់កាលមុនមហារីកទៅដល់មហារីកដំណាក់កាលដំបូង គេអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើវិធីដុតមាត់ស្បូន កាត់កស្បូន ឬកាត់ស្បូនទាំងមូលចេញតែម្តង។ ផ្ទុយទៅវិញ បើអ្នកជំងឺមានការយឺតយ៉ាវ ឬមិនបានទទួលបានព្យាបាល ត្រឹមត្រូវទេនោះនឹងធ្វើឲ្យជំងឺវិវត្តទីរកទៅមហារីកដំណាក់កាលធ្ងន់ធ្ងរនោះអ្នកជំងឺមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ  ។

ចំណែកដំណាក់កាលធ្ងន់ធ្ងរវិញ វេជ្ជបណ្ឌិតព្យាបាលដោយបន្ថយការឈឺចាប់ ដែលអាចជួយឲ្យអ្នកជំងឺអាចរស់នៅបានតែមួយរយៈទៀតប៉ុណ្ណោះ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ដើម្បីអាចកាត់បន្ថយអត្រាប្រឈមនៃការកើតមានមហារីកមាត់ស្បួននេះ សាធារណជន ជាពិសេសស្រ្តី គួរស្វែងយល់ពីវិធីបង្ការនៃជំងឺមហារីកមាត់ស្បូននេះផងដែរ។

វិធីបង្ការជាបឋមមាន៖ ការចាក់វ៉ាក់សាំង HPV ដើម្បីការពារជំងឺមហារីកនេះ ។ គេអាចចាក់វ៉ាក់សាំងនេះ លើក្មេងស្រីដែលមិនទាន់មានការរួមភេទ និងមានអាយុចាប់ពី៩ឆ្នាំ ទៅ២៥ឆ្នាំ។ វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ ៣ដង ក្នុងមួយរយៈពេល ៦ខែ។

ចាក់លើកទី១នៅខែសូន្យ លើកទី២នៅមួយខែក្រោយការចាក់លើកទី១ និងលើកទី៣ នៅ៥ខែក្រោយចាក់លើកទី២។

វីធីបង្ការបន្ថែមផ្សេងទៀត៖ មានវិធីការពារ និងស្រាវជ្រាវរកមេរោគមហារីកមាត់ស្បូន។ វិធីការពារនោះគឺត្រូវយល់ដឹងឲ្យច្បាស់ពីកត្តាដែលបង្កនូវជំងឺនេះ។ ចំណែកឯការស្រាវជ្រាវវិញ គឺស្រ្តីអាចទៅជួបគ្រូពេទ្យដែលធ្វើការនៅតាមមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកនានា ដើម្បីឲ្យស្រ្តីធ្វើការពិនិត្យស្រាវជ្រាវ។ របៀបស្រាវជ្រាវនេះ គឺមានការប្រើទឹកថ្នាំដើម្បីពិនិត្យ ការធ្វើកំនៀរយកកោសិកាមាត់ស្បូនទៅពិនិត្យ និងអាច ធ្វើតេស្តរកមេរោគ HPV ។ កាលណាយើងបានធ្វើការស្រាវជ្រាវទាន់ពេលវេលា យើងនឹងអាចធ្វើការព្យាបាលបានត្រឹមត្រូវ។ ពេលនោះយើងអាច ចៀសផុតពីជំងឺមហារីកមាត់ស្បូនបានយ៉ាងពិតប្រាកដ៕

Share

Image
Image
Image