en     km
en     km

តុលាការផ្ដើមជំនុំជម្រះទោសអ្នកនាង សេង ធារី និងជនជាប់ចោទជាង៤០នាក់ទៀត

Share

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ បានបើកសវនាការជំនុំជម្រះទោសអ្នកនាង សេង ធារី និងជនជាប់ចោទ៤៤នាក់ផ្សេងទៀត ទាក់ទងនឹងបទចោទរួមគំនិតក្បត់ និងបទញុះញង់។

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ បានបើកសវនាការជំនុំជម្រះទោសអ្នកនាង សេង ធារី និងជនជាប់ចោទ៤៤នាក់ផ្សេងទៀត ទាក់ទងនឹងបទចោទ«រួមគំនិតក្បត់»និងបទ«ញុះញង់» បន្ទាប់ពីអ្នកទាំងនេះបង្ហាញការគាំទ្រគម្រោងមាតុភូមិនិវត្តន៍របស់ឯកឧត្ដម សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មុនចូលក្នុងសវនាការ អ្នកនាង សេង ធារី ដែលជាអ្នកសិក្សានិងធ្វើការក្នុងវិស័យច្បាប់ និងជាប្រធានស្ថាបនិកមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ បានថ្លែងតាមបណ្ដាញសង្គមថា ការជំនុំជម្រះរបស់តុលាការជាល្ខោននយោបាយ។ សូមអញ្ជើញស្ដាប់សំឡេងរបស់អ្នកនាង សេង ធារី៖

មេធាវី សំ សុគង់ ដែលការពារក្ដីឱ្យជនជាប់ចោទ បានប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា សវនាការនៅព្រឹកថ្ងៃចន្ទ ពាក់ព័ន្ធនឹងការសួរដេញដោលលើអង្គហេតុថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ជាកាលបរិច្ឆេទដែលឯកឧត្ដម សម រង្ស៊ី មានគម្រោងធ្វើមាតុភូមិនិវត្តន៍។

មានចំណុចគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងដំណើរការជំនុំជម្រះជនជាប់ចោទទាំងអស់ចំនួន៤៥នាក់ ក្នុងចំណោមនេះ មាន៤២នាក់នៅក្រៅឃុំ និង៣នាក់ស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន។ នេះបើយោងតាមលោក សំ សុគង់ ដែលបានរៀបរាប់ចំណុចគួរឱ្យកត់សម្គាល់នៅក្នុងដំណើរការក្ដីនេះបន្ថែមថា៖

សនាការជំនុំជម្រះទោសជនជាប់ចោទជាក្រុមបែបនេះ គ្រោងធ្វើនៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ជាបន្តទៀត ខណៈដែលមេធាវីរបស់ជនជាប់ចោទមានជំនឿថាសំណុំរឿងរបស់ពួកគេជាសំណុំរឿងនយោបាយ។ លោក សំ សុគង់ ពន្យល់៖

ទោះបីជាយ៉ាងនេះក្ដី មេធាវី សំ សុគង់ យល់ឃើញថា អាជ្ញាធរពុំមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើកូនក្ដីរបស់លោកទេ ជាហេតុនាំឱ្យលោករំពឹងថា កូនក្ដីរបស់ខ្លួនអាចនឹងត្រូវដោះលែង ឬលើកលែងការចោទប្រកាន់។

ជនជាប់ចោទ«សុទ្ធតែជាអ្នកមានជំងឺ ហើយមានគ្រួសារ ដែលជាបន្ទុក»។ នេះបើតាមសម្ដីផ្ទាល់របស់មេធាវី សំ សុគង់ ដែលស្នើឱ្យតុលាការពិចារណាពន្លឿនសវនាការ និងដោះលែងកូនក្ដីរបស់ខ្លួនឱ្យមានសេរីភាព ដើម្បីជួបជុំគ្រួសារ មើលប្រពន្ធ មើលកូន ឬរកស៊ីចិញ្ចឹមប្រពន្ធកូនឡើងវិញ។

សូមរម្លឹកថា ក្នុងឆ្នាំ ២០១៩ ឯកឧត្ដម សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបាននិរទេសខ្លួននៅបរទេស បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ មកទទួលរូបលោកដែលគ្រោងធ្វើមាតុភូមិនិវត្តន៍ចំថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

ប៉ុន្តែគម្រោងមាតុភូមិនិវត្តន៍នេះមិនបានសម្រេចទេ ដោយសារតែអាជ្ញាធរកម្ពុជាចាត់ទុកថា វាជាគម្រោងរដ្ឋប្រហារ ហើយបានចាត់វិធានការដើម្បីទប់ស្កាត់មិនឱ្យឯកឧត្ដម សម រង្ស៊ី វិលចូលស្រុកវិញបាន។

ចំណែកឯអ្នកសកម្មក្នុងការគាំទ្រគម្រោងមាតុភូមិនិវត្តន៍ពេលនោះ ត្រូវបានឃាត់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការក្នុងបទរួមគំនិតក្បត់ ដែលអាចមានទោសជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ឬពី១០ឆ្នាំទៅ២០ឆ្នាំ ប្រសិនបើប្រព្រឹត្តដោយមន្ត្រីរាជការសាធារណៈ ព្រមទាំងបទញុះញង់ដែលអាចមានទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៕

Share

Image
Image
Image