en     km
en     km

ប្រទេសហៃទី ក្រហើយ ឈឺច្រើនទៀត ដោយសារតែចន្លោះប្រហោងក្នុងប្រព័ន្ធចាត់ចែងអំណាច

Share

ក្រោយពីមានការធ្វើឃាតលើរូបលោក ហ្សូវឺណែល ម៉យអ៊ីស (Jovenel Moise) កាលពីថ្ងៃពុធ សប្ដាហ៍មុន ប្រទេសហៃទីជួបប្រទះស្ថានភាពទទេមួយចំនួន។ ទី ១ គឺមិនអាចអនុវត្តរដ្ឋធម្មនុញ្ញបាន ដោយសារនាយករដ្ឋមន្ត្រីស្ដីទីមិនបានស្បថចូលកាន់តំណែង ដោយសាររដ្ឋសភារលាយតាំងពីឆ្នាំ២០១៩ និងដោយសារប្រធានតុលាការកំពូលដែលត្រូវធ្វើប្រធានាធិបតីបណ្ដោះអាសន្ន ក្នុងករណីដែលអំណាចប្រធានាធិបតីពុំមានអ្នកកាន់ បានស្លាប់ដោយសារជំងឺកូវីដ១៩បាត់ទៅហើយ។ ទី ២ គឺពុំមានការពន្យល់ ព្រោះគេនៅតែមិនទាន់បានដឹងថា អ្នកណាជាអ្នកបញ្ជាពីក្រោយ ឱ្យធ្វើឃាតលោកប្រធានាធិបតី ទោះបីរដ្ឋាភិបាលបានប្រកាសពីការសម្លាប់សមាជិក៤នាក់នៃក្រុមឃាតករ ពេលបាញ់គ្នាជាមួយកងរក្សាសណ្ដាប់ធ្នាប់, ទោះបីជាមានការស៊ើបអង្កេតដែលពាក់ព័ន្ធដល់ទាហានស៊ីឈ្នួលជាជនជាតិកូឡុំប៊ីនិងជនជាតិអាម៉េរិកដើមកំណើតហៃទី, ហើយទោះបីជាថ្មីៗនេះ ក្រុមហ៊ុនសន្តិសុខមួយនៅម៉ៃអាមី សហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងការសួរចម្លើយពាក់ព័ន្ធនឹងការធ្វើឃាតនោះក៏ដោយ។

អ្វីដែលប្រាកដគឺថា លោក ហ្សូវឺណែល ម៉យអ៊ីស ពុំមែនឥតមានសត្រូវទេ។ ប្រហែលមិនដល់ថ្នាក់សម្លាប់រូបលោកទេ ប៉ុន្តែមានពួកអ្នកដែលបានស្នើសុំឱ្យគាត់ចុះចេញពីតំណែង ព្រោះប្រទេសហៃទីបានញ័ររញ្ជួយអស់រយៈពេល ២ ឆ្នាំ ដោយសារតែមានបាតុករជាច្រើនចោទប្រធានាធិបតីថាមានរឿងអាស្រូវពាក់ព័ន្ធនឹងការនាំប្រេងចូល ហើយចាប់តាំងពីខែកុម្ភៈមក គណបក្សប្រឆាំងបានអះអាងថា អាណត្តិរបស់គាត់បានចប់ជាផ្លូវការហើយ ប៉ុន្តែលោកប្រធានាធិបតីមិនព្រមចុះចេញ។

គេថាជា«ភាពស៊យ»ឬ«បណ្ដាសា»ហៃទី។ មើលទៅដូចជាមានន័យគ្រប់គ្រាន់។ ប៉ុន្តែវាមិនទំនងទាល់តែសោះ។

តាមពិត ហៃទី ដែលស្ថិតនៅភាគកណ្ដាលនៃទ្វីបអាម៉េរិក បានក្លាយជាប្រទេសសាធារណៈរដ្ឋស្បែកខ្មៅឯករាជ្យដំបូងគេនៅឆ្នាំ ១៨០៤ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីមានការបះបោររបស់ពួកទាសករដែលប្រឆាំងនឹងកងទ័ពអធិរាជណាប៉ូឡេអុងរបស់បារាំង។ ប៉ុន្តែពិតណាស់ ក្នុងឯករាជ្យភាពអស់រយៈពេលជាង ២ សតវត្សរ៍ ប្រទេសហៃទីរកពុំបានស្ថិរភាពនិងប្រព័ន្ធអំណាចរដ្ឋមួយដែលពេញលេញឡើយ។

ចន្លោះប្រហោងក្នុងការចាត់ចែងអំណាចរដ្ឋកំពុងបង្កបញ្ហាចំពោះប្រទេសហៃទី។ នៅពេលនេះ អ្នកនយោបាយកំពូលៗនៅក្នុងដែនកោះទទេនៅមហាសមុទ្រអាត្លង់ទិចនេះ កំពុងដណ្ដើមអំណាចគ្នា។ នាយករដ្ឋមន្ត្រីស្ដីទី ក្លូដ ហ្សូសេហ្វ (Claude Joseph) ដែលកំពុងកាន់អំណាចជាប្រធានាធិបតីស្ដីទី ដោយមាននគរបាលនិងទាហាននៅពីក្រោយ បានបង្ហាញជំហរធ្វើការជាមួយសត្រូវនិងមិត្តរបស់អតីតប្រធានាធិបតី ហ្សូវឺណែល ម៉យអ៊ីស។ ប៉ុន្តែ លោក ក្លូដ ហ្សូសេហ្វ ត្រូវប្រជែងនឹងមនុស្សពីរនាក់ទៀត។ ម្នាក់គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អារីយែល អង់រី (Ariel Henry) ដែលអតីតប្រធានាធិបតី ហ្សូវឺណែល ម៉យអ៊ីស មុនពេលលោកស្លាប់មួយថ្ងៃ បានតែងតាំងឱ្យធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែមិនទាន់បានស្បថចូលកាន់ដំណែងនៅឡើយ។ ឯម្នាក់ទៀតឈ្មោះ ហ្សូសេហ្វ ឡំប៊ែរ (Joseph Lambert) ជាប្រធានព្រឹទ្ធសភាដែលត្រូវបានរំលាយរួចហើយ និងដែលត្រូវបានជ្រើសរើសក្នុងពេលថ្មីៗ ដោយក្រុមអ្នកនយោបាយល្បីៗ ឱ្យធ្វើជាប្រធានាធិបតីបណ្ដោះអាសន្ន។

ប្រទេសនេះមិនមានមហាអំណាចណាជួយទេ ទាំងបារាំងដែលបានធ្វើឱ្យប្រទេសនេះសងនៅសតវត្សរ៍ទី ១៩ រហូតដល់ថ្នាក់សល់តែបាតដៃទទេ ទាំងសហរដ្ឋអាម៉េរិកដែលបានកាន់កាប់ប្រទេសហៃទីអស់រយៈពេល ២០ ឆ្នាំ ក្នុងសតវត្សរ៍ទី ២០ កន្លងទៅ។ សូម្បីតែធម្មជាតិក៏មិនជួយប្រទេសហៃទីដែរ។ គេនៅចាំបានអំពីគ្រោះរញ្ជួយដីក្នុងឆ្នាំ​ ២០១០ ដែលបានសម្លាប់ប្រជាជនហៃទីអស់ ២៣ ម៉ឺន នាក់ និងបានធ្វើឱ្យប្រជាជនមួយលានប្រាំសែននាក់ទៀតគ្មានផ្ទះសម្បែង។ ប្រាំមួយឆ្នាំក្រោយមកទៀត ក៏ស្រាប់តែមានខ្យល់ព្យុះដ៏មហាបំផ្លិចបំផ្លាញបក់បោកទៅលើប្រទេសហៃទីថែមមួយទៀត។

ជាប្រទេសក្រីក្របំផុតនៅទ្វីបអាម៉េរិក ប្រទេសហៃទីបានស្គាល់របបផ្ដាច់ការជាច្រើន តួយ៉ាងរបបរបស់លោក ឌុយវ៉ាល្លីយេ (Duvalier) តាំងពីឪពុក តដល់កូន អស់រយៈពេល ៣០ ឆ្នាំ, បានស្គាល់របបប្រជាធិបតេយ្យក្លែងក្លាយនានា និងបានស្គាល់រដ្ឋាភិបាលអសមត្ថភាពនិងពុករលួយជាហូរហែ។ លោក ហ្សូវឺណែល ម៉យអ៊ីស គ្រាន់តែជាអវតារចុងក្រោយនៃរបបទាំងនោះប៉ុណ្ណោះ។

ការធ្វើឃាតប្រធានាធិបតីបង្កើតឱ្យមានភាពមិនប្រាដកប្រជាទាំងស្រុង។ កាលពីនៅរស់ លោក ហ្សូវឺណែល ម៉យអ៊ីស បានបញ្ជាឱ្យគេចាប់ខ្លួនអ្នកប្រឆាំងនឹងជាច្រើននាក់កាលពីខែកុម្ភៈ ក្នុងនោះមានទាំងប្រធានតុលាការកំពូលផងដែលស្លាប់ដោយសារកូវីដ១៩នោះផង ព្រោះលោកបានទាមទារឱ្យអតីតប្រធានាធិបតីចុះចេញពីតំណែង និងស្នើឱ្យមានរដ្ឋធម្មនុញ្ញថ្មី។

ប៉ុន្តែ ការកម្ចាត់លោក ហ្សូវឺណែល ម៉យអ៊ីស ចេញ ក្នុងលក្ខខណ្ឌដូច្នេះ ទំនងជាមិនអំណោយផលដល់រដ្ឋាភិបាលថ្មីដូចអ្វីដែលក្រុមអង្គការសង្គមស៊ីវិលបានទាមទារ តាមរយៈចលនាសង្គមដែលរម្លឹកពីការងើបបះបោររបស់ប្រជាពលរដ្ឋនៅប្រទសឈីលី និងប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

ជាបរាជ័យរបស់រដ្ឋអំណាចហៃទី ហើយក៏ជាបរាជ័យរបស់សហគមន៍អន្តរជាតិ ដែលពុំបានធ្វើអ្វីជាដុំកំភួន ពេលទៅជួយប្រទេសហៃទីក្នុងឆ្នាំ​ ២០១០ ដែរ។ សហគមន៍អន្តរជាតិ កាលនោះ ពូកែខាងសន្យា។

ដូច្នេះ តើប្រជាជនហៃទីបច្ចុប្បន្នសង្ឃឹមលើអ្វី? មានសង្ឃឹមតិចតួចមែនទែន ជាពិសេសពេលគេមិនទាន់បានដឹងថា អ្នកណាជាអ្នកសម្លាប់ប្រធានាធិបតី។ ប្រហែលជាត្រូវសុំជំនួយពីសហរដ្ឋអាម៉េរិក ដែលបានជួយសង្គ្រោះជីវិតភរិយារបស់អតីតប្រធានាធិបតី ម៉យអ៊ីស ហើយ ព្រោះសហរដ្ឋអាម៉េរិកបានបញ្ចូនបេសកជនទៅហៃទី ដើម្បីសិក្សាពីតម្រូវការ។ ប្រធានាធិបតី ចូ បៃឌិន មានជម្រើសក្នុងការធ្វើឱ្យស្ថានភាពនៅហៃទីនឹងន៕

Share

Image
Image
Image