ទំនៀមទម្លាប់ប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិដើមភាគតិចចារ៉ាយ ស្ថិតនៅក្នុងភូមិឡុំ ខេត្តរតនគិរី ជាប់ព្រំប្រទល់វៀតណាម កាន់តែមានការវិវត្តន៍ពីសម័យកាលមួយទៅសម័យកាលមួយ ដោយបច្ចុប្បន្នការរៀបចំពិធីនានាហាក់ដូចទៅនឹងខ្មែរកណ្តាលដែរ។ការវិវត្តន៍នោះរៀបចាប់តាំងពីថ្លៃបណ្តាការ ការរៀបចំម្ហូបអាហារ ការជួលរោងពិធី និងការចងដៃជាដើម ពោលគឺពីសម័យមុនជនជាតិចារ៉ាយមិនទម្លាប់ធ្វើនោះទេ។
(កញ្ញា លី ណា ជូនសេចក្ដីរាយការណ៍)
បុរសវ័យកណ្តាលម្នាក់គឺលោក ក្លាន ស្វីន ជាអ្នកបកប្រែនិងចងក្រងសៀវភៅភាសាចារ៉ាយ-ខ្មែរ រស់នៅក្នុងសហគមន៍ឡុំស្ថិតនៅក្នុងភូមិឡុំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនិយាយថា មង្គលការរបស់ជនជាតិដើមភាគតិចចារ៉ាយពីមុនមក អនុវត្តតាម ប្រពៃណីទំនៀមទម្លាប់ វប្បធម៌ពីដូនតា ពោលគឺនៅពេលកំលោះ ក្រមុំ ស្រលាញ់គ្នាគឺគ្រាន់តែរៀបចំពិធីសែនព្រេនធម្មតាៗ មិនចំណាយទៅលើគ្រឿងសម្អាងការ ឬ ជួលរោងនិងសម្ភារៈតុបតែងច្រើននោះទេ។
លោកបន្តថា៖«ដូចសម័យសព្វថ្ងៃនេះ ធ្វើរោងធំហៅភ្ញៀវច្រើន។ បើសម្លៀកបំពាក់សម័យនេះ ដូរពីមួយ ទៅមួយៗ។ សម្រាប់រោងយើងអាចលើកធម្មតា ដែលអាចឱ្យគេអង្គុយលេងដែរពីបីខុសគ្នា។ អ្នកចូលរួមយើងត្រូវតែ ឱ្យលុយកាក់គេម្ចាស់កម្មវិធី យើងទៅចូលរួមយើងត្រូវឱ្យលុយ អ្នកខ្លះគេកាត់ចំណងដៃដែរ ពីមុនគេអត់មានធើ្វអ៊ីចឹងទេ គ្រាន់គេអញ្ជើញហៅពុកម៉ែបងប្អូនមកហូបខាងកូនកំលោះកូនក្រមុំគេអ្នកទទូលខុសត្រូវទាំងអស់ តែអ្នកដែលទៅហ្នឹង យើងជួយចែករំលែកដល់គ្រូសារថ្មី ដែលគេចំណាយក្នុងកម្មវិធីនេះឱ្យជាលុយជាកាក់ទៅវិញដើម្បីជួយសម្រួលដល់ម្ចាស់កម្មវិធី។»
ដោយឡែកការរៀបបចំម្ហូបអាហារពេលទទួលភ្ញៀវវិញ លោក ក្លាន ស្វីន និយាយថា សម័យនេះជួលសុទ្ធតែចុងភៅការមានរោងធំដុំមិនខុសអីពីខ្មែរកណ្តាលឡើយ។ ប៉ុន្តែ សម័យមុនជនជាតិចារ៉ាយតែងតែស្រាក់ដៃគ្នាជួយធ្វើម្ហូបដោយមានត្រឹមតែជ្រូក មាន់ទា ខ្លះមិនមានដល់គោក្របីផង ក៏អាចដំណើរការកម្មវិធីមង្គលការបានដែរ។
«អាពាហ៍ពិពាហ៍ ដែលធើ្វកម្មវិធីហូបបាយជុំគ្នាភាគច្រើន គេធ្លាប់ធើ្វនៅពេលដែលគេហើយពីការងារដូចជាបូតស្រូវ។ ទំនេរខែប្រាំង គេចាប់ផ្ដើមឱ្យខាងស្រីទៅប្រាប់ដល់ មេអណ្ដើកៗនោះ ទៅប្រាប់ដល់គ្រួសារខាងប្រុស់ឱ្យដឹងឮ ថាថ្ងៃណាខែណាដែលគេអាចរៀបមង្គលការ ពេលនោះគេសួរបញ្ជាក់ថាកូនប្រុសនិងកូនស្រីបានត្រៀមរួចទាំងស្រាទាំងម្ហូបរួច ដូចជាកាប់គោរកាប់ជ្រូកអីគេយកគ្រឿងក្នុងយកទៅស្ងោគេជិតមួយចំណិតៗហើយឱ្យទៅកូនកំលោះកូនក្រមុំ ហើយក៏បួងសួងអធិស្ឋានសូមពីម្ចាស់ទឹកម្ចាស់ដីនិងការពារគ្រួសាររបស់គេក្នុងការរស់នៅឱ្យមានក្ដីសុខ។»
ដោយឡែកចាស់ទុំក្នុងមួយរូបទៀតមានវ័យល្បាក់ ៧០ឆ្នាំគឺលោករស់នៅសហគមន៍ឡុំនោះផងដែរ ឱ្យដឹងថា ការរៀបអាពាហ៍ពិពាហ៍របស់ជនជាតិដើមភាគតិចចារ៉ាយជំនាន់ដើម កាន់តែបាត់បង់ទម្រង់បន្តិចម្តងពីសម័យកាលមួយទៅសម័យកាលមួយ។ លោកចង់មនុស្សចាស់ៗក្នុងភូមិស្រុកដែលនៅសេសសល់ដឹងពីប្រពៃណី ទំនៀមទម្លាប់គួរណែនាំដល់មនុស្សជំនាន់ក្រោយៗឱ្យប្រតិបត្តិតាមប្រពៃណីពីមុនខ្លះ ដើម្បីរក្សាអត្តសញ្ញាណបានយូរអង្វែរ។
លោក រម៉ាស់ ស្វាត់ ៖«គេការហ្នឹងមានត្រឹមជ្រូកបានហើយ ប៉ុណ្ណឹង៤ចាំឬក៏៥ចាំអស់ធំ មានធំជាងហ្នឹងក៏បានដែរ។ ជួនកាល អ្នកមានត្រឹមជ្រូកទេ កាប់គោរកាប់ក្របីដូចឥឡូវហ្នឹង គេស៊ីផឹកស្រាពាងមួយភូមិម្នាក់មួយៗខ្លះបងប្អូនយើងជាប់ជីដូនជីតាគេមានស្រាពាងម្នាក់មួយៗប៉ុណ្ណឹងទេ ។ គេចងតាមជួរ ហើយសាច់គេចងដាក់លើមាត់ពាង ពីដើមគេធើ្វអ៊ីចឹងខ្លះស្រាស ខ្លះ១ ដបខ្លះ២ដប គេស៊ីផឹកដល់យប់ ពីដើមអ្នកការអត់ជំពាក់គេទេ គេបានប៉ុណ្ណឹងលុយមួយកាក់ មួយរៀលក៏អត់ ស្រេចតែម្ចាស់ការហ្នឹងហើយចំណាយ ជ្រូកស្រា។»
បុរសឆ្លងកាត់ច្រើនរបបសម័យកាលរូបនេះ បន្តលើកឡើងពីភាពខុសគ្នាលើការចំណាយពេលរវាងសម័យមុននិងពេលបច្ចុប្បន្ន ដោយលោកសម្គាល់ឃើញថាមានការចំណាយច្រើនលើការរៀបចំរោងការ ដោយពីមុនអាចប្រើប្រាស់ទីធ្លាមុខផ្ទះ ក្រោមផ្ទះ និងម្លប់ឈើក៏អាចរៀបចំរោងបានដោយមិនចាំបាច់ត្រូវជួលរោងដូចបច្ចុប្បន្ននេះ។
«សម័យឥឡូវគេប្រែហើយគេជួលរោងជួលអីគេបងប្អូនគេខ្លះគេចងដៃដូចបងប្អូនខ្មែរ ឥឡូវគេផ្លាស់ប្ដូរបាត់ប្រពៃណីជនជាតិដើមភាគតិចពីដើម ចឹងអត់មានទៀតទេ ដូចជាការសម័យឥឡូវគេអត់ធើ្វទេឥឡូវ ប្រពៃណីជនជាតិដើមភាគតិចឡូវបាត់បង់អស់ហើយ ការងារអីបាត់ទាំងអស់ សម័យឥឡូវបើចាស់ៗគេអត់រំលឹកនិងគេអត់ស្គាល់ទេប្រពៃណីពីដើមដូចចាតាំងពីធម្មជាតិព្រៃឈើក៏អស់ ពីដើមវាសប្បាយត្រជាក់ត្រជុំម្លប់ដើមឈើវាច្រើនសត្វព្រៃសត្វអីក៏មានទាំងអស់។»
តាមការឱ្យដឹងពីប្រភពខាងលើ មានការវិវត្តន៍ដ៏ធំមួយទៀតក្នុងសង្គមជនជាតិដើមភាគតិចចារ៉ាយក្នុងសហគមន៍ភូមិឡុំនោះគឺការទារថ្លៃបណ្តាការឬថ្លៃទឹកដោះដូចខ្មែរកណ្តាលដែរ។ ការទារប្រាក់បណ្តាការនេះ គឺដើម្បីសម្រាប់ចំណាយក្នុងការរៀបចំពិធីមង្គលការ។ ដោយការពីដើមឡើយ ជនជាតិដើមភាគតិចចារ៉ាយមិនមានទម្លាប់ទារថ្លៃបណ្តាការ ហើយភ្ញៀវមកចូលរួមពិធីមង្គលការក៏ពុំចាំបាច់ចង់ដៃគូស្វាមីភរិយានោះដែរ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា រម៉ាស រស្មី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (BBC Media and Action) និងInternews រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕