en     km
en     km

ជប៉ុនដាក់ថវិកាជាង ៣០០ លានដុល្លារគាំទ្រពាណិជ្ជកម្មតាមអេឡិចត្រូនិច

Share

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ថវិកាប្រមាណ ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ ពាណិជ្ជកម្មតាមអេឡិចត្រូនិច។ ថវិកានេះនឹងជួយដល់ប្រទេសជាសមាជិកអាចពង្រឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកាន់តែល្អប្រសើរជាងមុន។​ ការប្រកាសដាក់ថវិកានេះធ្វើឡើងក្នុងព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃម្សិលមិញ។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក មូគីសា គីទូយី (Mukhisa Kituyi) អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD)។

លោករដ្ឋមន្ត្រីបានស្នើសុំឲ្យ UNCTAD ជួយលើការងារអាទិភាពមួយចំនួនដោយយោងលើឯកទេសរបស់ UNCTAD ក្នុងការងារនេះ។ ការងារទាំងនោះរួមមាន៖

១) គាំទ្រដល់ការបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិច ដែលជាជំហានបន្ទាប់សម្រាប់ជំរុញការអភិវឌ្ឍក្នុងវិស័យនេះ។

២) គាំទ្រដល់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់។

៣) ជួយក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម-ប្រភេទ C (Trade Facilitation Agreement – Category C) និងការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែម។

៤) ស្នើ UNCTAD ឲ្យជួយធាតុចូលស្ដីពី ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមអេឡិចត្រូនិច នៅក្នុងការធ្វើបច្ចុប្បន្នភាពឯកសារវិភាគសមាហរណកម្មពាណិជ្ចកម្មកម្ពុជា ២០១៩-២០២៣។

ឆ្លើយតប​ នឹងសំណើរបស់កម្ពុជា លោក គីទូយី នឹងសន្យាបញ្ជូនជំនាញការដើម្បីពិភាក្សាការងារលំអិតជាមួយក្រសួងពាណិជ្ជកម្ម នៅពេលក្រោយ។ លោកជំរុញកម្ពុជាត្រូវប្រឹងប្រែងទាញយកថវិកានោះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតបរិយាកាសជំរុញ (enabling environment) និងអនុវត្តន៍​ការងារអាទិភាពដទៃទៀត សម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មតាមអេឡិចត្រូនិច។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍«សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» ប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិក ធុរជនជាន់ខ្ពស់មកពីវិស័យឯកជន អង្គការអន្តរជាតិ ធនាគារអភិវឌ្ឍន៍ និងសង្គមស៊ីវិលផងដែរ៕

Share

Image
Image
Image