ក្រុមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីច្បាប់ឧក្រិដ្ឋកម្មអ៊ីនធើណែត ដើម្បីប្រមូលមតិយោបល់របស់អ្នកជំនាញជាតិ និងអន្តរជាតិផ្នែកបចេ្ចកវិទ្យា និងព័ត៌មានវិទ្យា ដើម្បីដាក់ជូនរដ្ឋាភិបាលពិចារណាមុននឹងបង្កើតសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធើណែត។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងពេញ១ថ្ងៃ គឺថ្ងៃទី២៤ កក្ដដា ឆ្នាំ២០១៥នេះ នៅសណ្ឋាគារសាន់វ៉េក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ មានអ្នកចូលរួមជាង៧០នាក់សុទ្ធសឹងជាក្រុមអង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកជំនាញផ្នែកច្បាប់ឧក្រិដ្ឋកម្មអ៊ីនធើណែត បានពិភាក្សាគ្នាដើម្បីធ្វើឲ្យច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានលក្ខណៈបើកទូលាយ មិនបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោក ជ័យ តិច ជាអ្នកសម្របសម្រួលរបស់អង្គការ Freedom House ប្រចាំនៅកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ គឺធ្វើឡើងក្នុងគោលបំណង គឺដើម្បីប្រមូលយោបល់ពីអ្នកពាក់ព័ន្ធ ហើយលទ្ធផលនៅថ្ងៃនេះ គឺនឹងដាក់ជូន រដ្ឋាភិបាល។ លោកបន្ថែមថា ក្រោយពីកិច្ចពិគ្រោះយោបល់នេះ ក្រុមអង្គការសង្គមស៊ីវិលនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល នៅខែកញ្ញាខាងមុខនេះ ដើម្បីឲ្យរដ្ឋាភិបាលពិនិត្យ និងផ្តល់យោបល់មកវិញ។ «ក្រុមអង្គការសង្គមស៊ីវិល បានទទួលលិខិតពីក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៍ថាដើម្បីឲ្យច្បាប់នេះក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការការពារពលរដ្ឋ និងការពារសេរីភាពនៃការបញ្ចេញមតិ។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ លោក ខូវ មករា បាននិយាយថា ទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍នេះ ក្រសួងគ្រាន់តែរៀបចំធ្វើបានបន្តិច ហើយក៏ផ្អាកលែងធ្វើ និងមិនមានបានពិភាក្សាអ្វីទៀតទេ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់របស់អង្គការក្រៅរដ្ឋាភិបាលនេះ គឺជាលើកទី៥ហើយ ដោយកិច្ចពិគ្រោះយោបល់ទី១ គឺធ្វើជាមួយយុវជន ទី២ធ្វើជាមួយក្រុមអង្គការសង្គមស៊ីវិល ទី៣ ធ្វើជាមួយអ្នកសារព័ត៌មាន និងកិច្ចពិគ្រោះយោបល់ទី៤ ធ្វើជាមួយវិស័យឯកជន។ ក្រោយពីរៀបចំកិច្ចពិគ្រោះយោបល់ទាំង៥លើកនេះអង្គការ Freedom House នឹងចងក្រងជាសេចក្តីថ្លែងការទាក់ទងនឹងសិទ្ធិប្រើប្រាស់អ៊ីធើណែតដើម្បីដាក់ជូនរដ្ឋាភិបាល។