en     km
en     km

CPP​ ថា​ លិខិត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ មិន​អាច​បង្គាប់បញ្ជា​រដ្ឋាភិបាល​កម្ពុជា​ឱ្យធ្វើ​តាម​ឡើយ​

Share

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​១២​ ខែ​ កុម្ភៈ​ នេះ​ថា​ លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​ និង​សភា​សហរដ្ឋអាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​សមាជិក​សភា​គណបក្សប្រឆាំង​បាន​វិល​ត្រឡប់​ចូល​មាតុភូមិ​វិញ​ គឺ​មិន​អាច​បង្គាប់បញ្ជា​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យធ្វើ​តាម​នោះ​ឡើយ​ ។​

​យោង​តាម​សារព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក​ បានឱ្យ​ដឹង​ថា​ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​ ៧​នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចូលរួម​ជាមួយនឹង​សមាជិក​សភា​សហរដ្ឋអាមេរិក​ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​អនុញ្ញាត​ឱ្យ​សមាជិក​សភា​គណបក្សប្រឆាំង​បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ការ​ចាប់ខ្លួន​ ឬ​ការយ​កមក​កាត់ទោស​អ្វី​ឡើយ​។​

លោក សុខ ឥសាន
លោក សុខ ឥសាន

ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន​ បាន​ឆ្លើយ​តប​ថា​ លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​ និង​សមាជិក​សភា​សហរដ្ឋអាមេរិក​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​ គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​ច្បាប់​កម្ពុជា​ឡើយ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ បន្ត​ថា​ លោក​ចាត់​ទុក​លិខិត​ ឬ​អនុសាសន៍​របស់​ សមាជិក​ព្រឹទ្ធសភា​ និង​សមាជិក​សភា​សហរដ្ឋអាមេរិក​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​ ៧​នាក់​ នោះ​ គ្រាន់តែ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ ដូច្នេះ​មិន​អាច​មាន​ឥទ្ធិពល​មក​លើ​ច្បាប់​របស់​កម្ពុជា​ និង​មិន​អាច​មក​បង្គាប់បញ្ជា​ប្រមុខ​ដឹកនាំ​កម្ពុជា​ឱ្យធ្វើ​តាម​ឡើយ​។​

លោក​ សុខ​ ឥ​សាន​ បាន​បញ្ជាក់​ថា​៖​ «​ មុន​នឹង​ផ្តល់​អនុសាសន៍​ជូន​សម្តេច​ឱ្យ​ដោះ​លែង​ ឯកឧត្តម​ សម​ រ​ង្ស៊ី​  សមាជិក​ព្រឹទ្ធសភា​ទាំងនោះ​ គួរតែ​ទៅ​ណែនាំ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ កុំ​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ផ្ទួនៗ​នៅ​ប្រទេស​កម្ពុជា​ ឱ្យ​តែ​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ហើយ​ គេ​អនុវត្ត​ហើយ​   មិន​អាច​លើកលែង​ថា​ប្រធាន​គណបក្សប្រឆាំង​ ឬ​ក៏​ថា​អ្នក​ណា​ អ្នក​នោះ​ឡើយ​ ច្បាប់​គឺ​ច្បាប់​»​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ បាន​នៅឡើយ​ទេ​ នៅរ​សៀ​ស​ថ្ងៃ​សុក្រ​នេះ​ ។​

លោក​ អ៊ូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​គួរតែ​អនុញ្ញាតិ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​វិល​ចូល​ស្រុក​វិញ​ ដើម្បី​ឱ្យ​លោក​ មាន​សិទ្ធិ​ប្រកួត​ប្រ​ជែក​ផ្នែក​នយោបាយ​។​

លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ

លោក​បន្ថែម​ថា​ បញ្ហា​របស់​លោក​ សម​ រ​ង្ស៊ី​ នេះ​ គឺជា​រឿង​នយោបាយ​ ដូច្នេះ​មាន​តែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ប៉ុណ្ណោះ​ ទើប​អាច​មាន​សង្ឃឹម​។​ ជាង​នេះ​ទៀត​ លោក​ អ៊ូ​ វី​រៈ​  មាន​សង្ឃឹម​តិច​តូច​ណាស់​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​វិល​ចូល​ស្រុក​វិញ​បាន​ ព្រោះ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ចង់ឱ្យ​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ វិល​ចូល​មាតុភូមិ​កម្ពុជា​វិញ​ឡើយ​ លុះណាតែ​លោក​ សម​ រ​ង្ស៊ី​ ហ៊ាន​ដើរ​ចូល​ពន្ធ​ធា​គារ​ដោយ​ខ្លួនឯង​។​

លោក​ អ៊ូ​ វី​រៈ​និយាយ​ថា​៖​ «​ទាល់តែ​គាត់​ [​លោក​ សម​ រ​ង្ស៊ី​]​ ហ៊ាន​បន្តិច​ មាន​ន័យ​ថា​ ទាល់តែ​ លោក​ សម​ រ​ង្ស៊ី​ ចូល​គុក​ ប្រសិនបើ​លោក​ សម​ រ​ង្ស៊ី​ ហ៊ាន​ចូល​គុក​ ប្រហែលជា​អាច​ចូល​ស្រុក​ ហើយ​ប្រហែលជា​អាច​បង្ខំ​ឱ្យ​មានការ​ចរចា​ណាមួយ​ដែល​អាច​ទទួលយក​បាន​ទាំង​សងខាង​»​។​

សូម​ជម្រាប​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​តែ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​នៅឡើយ​  បន្ទាប់​ពី​រដ្ឋសភា​កម្ពុជា​សម្រេច​លុប​ចោល​សមាជិកភាព​សភា​របស់​លោក​ ។​

លើស​ពី​នេះ​ទៀត​ លោក​ សម​ រ​ង្ស៊ី​ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ទាក់ទង​នឹង​រឿង​បរិហារកេរ្តិ៍​លោក​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​៕

Share

Image
Image
Image