ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹង លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានប្រើពាក្យរិះគន់ មកលើព្រះកិត្តិនាម ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។
ក្រសួងព្រះបរមរាជវាំងបានចេញសេចក្ដីថ្លែងការណ៍ចុះផ្សាយនៅថ្ងៃទី១៣កញ្ញានេះ គឺភ្លាមៗ បន្ទាប់ពី លោក សមរង្ស៊ីបាននិយាយនៅក្នុងបទសម្ភាសជាមួយ វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២កញ្ញា។
សម្រង់សំដីដើម របស់លោក សមរង្ស៊ីដូចនេះថា គ្មាននរណាអាចប្រៀបធៀបជាមួយព្រះនរោត្តម សីហនុ បានទេ ។ ព្រះអង្គប្រជុំរកដំណោះស្រាយនយោបាយ កាលពីព្រះអង្គនៅមានព្រះជន្ម ។ ខ្ញុំជឿថាឥឡូវនេះ មានតែសហគមន៍អន្តរជាតិទេ ពីព្រោះអ្នកដែលរស់នៅលើទឹកដីប្រទេសកម្ពុជា គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីតែព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ។ ដូច្នេះលោកអត់ហ៊ានធ្វើអ្វីទេ លោកខ្លាច ហ៊ុន សែន លោកចង់រក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន បានទេ»។
សេចក្ដីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង បានប្រកាសដូចនេះថា៖«សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្ស៊ី ដែលចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ដ៏ឧត្តុងឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនអាចកាន់អំណាចឡើយ ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។
ប៉ុន្តែមាត្រា ៨.-បានចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។
ច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៤៣៧ ស្ទួន បានចែងថា៖ ការប្រមាថ គឺជាវាចារ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ នីតីបុគ្គល ដែលសំដៅលើអង្គភាព ស្ថាប័ន អង្គការ ឬក្រុមហ៊ុន ជាដើម អាចនឹងត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសផ្សេងៗទៀត ក្នុងករណីប្រមាថព្រះមហាក្សត្រ។
លោក សម រង្ស៊ី គឺជាប្រធានស្ដីទីនៃ អតីតបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសក្រៅប្រទេស។
អ្នកនយោបាយ រូបនេះ បានរងបណ្តឹងពីសម្ដេច ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល មានជាង១០បណ្ដឹង ក្នុងនោះ បណ្តឹងចំនួន៨ ត្រូវបានជំនុំជម្រះរួច ចំណែក២ទៀត កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ ក្នុងនោះ ក៏មានបណ្ដឹងមួយ ប្ដឹងដោយរាជរដ្ឋាភិបាល ដែលប្ដឹងលោកពីបទប្រមាថព្រះមហាក្សត្រ។ ក្នុងបណ្ដឹងទាំងនោះ មានបណ្ដឹងរបស់នាយករដ្ឋមន្ត្រី បណ្ដឹងរបស់ប្រធានរដ្ឋសភា និងបណ្ដឹងរបស់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។ សម្រាប់លោកសមរង្ស៊ី មិនទទួលយកការប្ដឹងទាំងនោះទេ ដោយលោកចាត់ទុកថា ការប្ដឹងលោកក្រោមប្រព័ន្ធតុលាការមួយ ដែលក្រោមឥទ្ធិពលនយោបាយ គឺមិនអាចធានាយុត្តិធម៌សម្រាប់រូបលោកឡើយ។ ទោះជារងបណ្ដឹងច្រើនយ៉ាងនេះ ក៏លោកសមរង្ស៊ីនៅតែប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩នេះ៕