en     km
en     km

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

Share

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្រជាតិបានសម្តែងកង្វល់អំពីរបាយការណ៍នានារបស់តំណាងរដ្ឋាភិបាលដែលលើកឡើងថា ការមិនបោះឆ្នោតអោយគណបក្សណាមួយ គឺខុសច្បាប់ ហើយថា អាចនឹងមានការដាក់ពិន័យលើមនុស្សដែលផ្ញើសារអំពីការមិនបោះឆ្នោតអោយគណ បក្សណាមួយ ឬការធ្វើពហិការមិនបោះឆ្នោត។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យបក្សកាន់អំណាចបានប្រតិកម្មទៅនឹងមន្ត្រីUNថា កំពុងធ្វើមេធាវីអោយចលនាមួយប្រឆាំងប្រជាធិបតេយ្យនៅកម្ពុជា ។

លោក នួន បូរិន ជូនសេចក្ដីរាយការណ៍លំអិត៖

ការទទូចរបស់លោកស្រី រ៉ូណា ស្មិត អ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្រជាតិត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី ២០ កក្កដា នៅលើបណ្ដាញសង្គម។ នៅក្នុងកំណត់សម្គាល់នេះ  លោកស្រីបានសម្ដែងការព្រួយបារម្ភមួយទៀតនោះ គឺមានរបាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាចដែល នេះជាការបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំមួយបន្ថែមទៀត។

តែយ៉ាងណាក៏ដោយ លោកស្រី បានលើកទឹកចិត្តរដ្ឋាភិបាលឲ្យថ្កោលទោសអោយបានច្បាស់​លាស់ចំពោះការបំភិតបំភ័យដល់អ្នកបោះឆ្នោត និងសូមអោយបញ្ជាក់អះអាងថា ការអំពាវនាវអោយធ្វើពហិការមិនចូលរួមបោះឆ្នោតដែលមិនមែនជាកាតព្វកិច្ចនោះ គួរតែអនុញ្ញាតឲ្យធ្វើបាន។

ទាក់ទិនការទទូចរបស់លោកស្រី រ៉ូណា ស្មិត អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សួស យ៉ារ៉ា មានប្រសាសន៍នៅក្នុងបទសម្ភាសខ្លីមួយជាវិទ្យិស្ត្រីនៅថ្ងៃនេះដោយរិះគន់តបនឹងតំណាងអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះថា កំពុងដើរតួនាទីជាមេធាវីអោយចលនាមួយប្រឆាំងកម្ពុជា ហើយរំលោភភាពឯករាជ្យរបស់ខ្លួនទៀតផង។

ចំពោះបរិយាកាសសេរីភាពនៃការបោះឆ្នោតនេះ អ្នកច្បាប់ និងជាមេធាវីដ៏ល្បីម្នាក់ គឺ លោក ជួង ជូងី បានបង្ហោះសាររបស់លោកលើបណ្ដាញសង្គម កាលពីថ្ងៃទី ១៨កក្កដា ។ លោក មេធាវី បានពន្យល់និងលើកទឹកចិត្តពលរដ្ឋកុំអោយភ័យខ្លាចការគំរាមកំហែង​។ លោកថា ការភ័យខ្លាចនឹងនាំអោយគេបំភ័យកាន់តែច្រើន ព្រោះអ្នកបំភ័យពិតជាបានផលប្រយោជន៍ពីរឿងនេះ។

លោកមេធាវីបានធ្វើការពន្យល់និងបកស្រាយជាច្រើនអំពីសិទ្ធិពលរដ្ឋដែល ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ លោកពលរដ្ឋមានសិទ្ធិទៅ ឬមិនទៅបោះឆ្នោត ហើយគ្មានទោសអ្វីនោះទេ។

យ៉ាងណានៅក្នុងបទសម្ភាសមួយជាមួយវិទ្យុស្ត្រីកាលពីថ្ងៃម្សិលមិញ លោក សុខ ឥសាន្ត អ្នកនាំពាក្សបក្សកាន់អំណាចមួយរូបទៀតនោះ បានហៅលោកមេធាវី ជួង ជូងី ថា កំពុងដើរតួនាទីជំនួសអោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលលោកចាត់ទុកជារឿងខុសច្បាប់។

ដោយឡែក លោក សៃម៉ុន វ៉កឃឺរ តំណាងការិយាល័យ OHCHR អះអាងថា “អំឡុងពេល​ដំណើរ​ការបោះឆ្នោត រដ្ឋាភិបាលត្រូវតែគោរពសេរីភាព​នៃការបញ្ចេញ​មតិ​របស់​​បេក្ខជននយោបាយ អ្នកគាំទ្រ ក្រុមប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ​អ្នកសរសេរប្លក់ អ្នកអត្ថាធិប្បាយ និងអ្នកវិភាគ  ”។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបន្តថា សេចក្តីចាំបាច់ដើម្បីឲ្យ​ការជជែកវែកញែក​ដ៏រស់រវើក និងសំខាន់ខ្លាំងក្នុងអំឡុងការបោះឆ្នោត គឺសូមអោយតួអង្គនយោបាយ ជាពិសេសតំណាងរដ្ឋាភិបាល​ បើកចិត្តឲ្យទូលាយ​ចំពោះការរិះគន់ ហើយការរឹតត្បិតលើសេរីភាពបញ្ចេញមតិ គួរតែត្រូវបាន​កំណត់ចំពោះតែមតិយោបល់​ដែលមិនមានមូលដ្ឋានសោះ។

ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់នេះ គេសង្កេតឃើញ សហគមន៍អន្តរជាតិមានប្រតិកម្មចម្រុះលើកម្ពុជា ដូចជា​ សហភាពអឺរ៉ុប សហរដ្ឋ អាមេរិកបានប្រកាសថា នឹងមិនទទួលស្គាល់ការបោះឆ្នោតនេះទេ ដោយសារមិនឆ្លើយតបនឹងឆន្ទៈពលរដ្ឋព្រោះសំឡេងតំណាងអោយបក្សប្រឆាំង ត្រូវបានគេបំបាត់។ តែបែបនេះក្ដី  សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា ទោះជាគ្មានបក្សប្រឆាំងចូលរួមក៏ដោយ ក៏ការបោះឆ្នោតនេះនឹងឆ្លើយ តបសំឡេងម្ចាស់ឆ្នោតដោយសម្ដេចធានាថា ការបោះឆ្នោតនឹងប្រព្រឹត្តដោយភាពសេរី និងពហុបក្ស។

ការបោះឆ្នោតសភានីតិកាលទី ៦នៅថ្ងៃទី ២៩កក្កដា មានគណបក្សនយោបាយចូលរួម ២០គណបក្ស។ ក្នុងចំណោមបក្សទាំង ២០នេះ ទំនងមាន តែគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រីអាចនឹងបានសំឡេងឆ្នោតច្រើនជាងគេព្រោះបក្សធំនេះ មាននៅក្នុងបេះដូងរបស់អ្នកបោះឆ្នោតរួចទៅហើយ៕

Share

Image
Image
Image