loader

ព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម

MC៖ យុវជនកម្ពុជាកំពុងពេញនិយមក្នុងការប្រើបណ្តាញសង្គម ពិសេសគឺហ្វេសបុក។ បណ្តាញសង្គម​ដ៏​មាន​ប្រជាប្រិយភាពមួយនេះ មានមុខងារយ៉ាងសំបូរបែប​ធ្វើឲ្យមាន​ភាពងាយស្រួលក្នុងការចែករំលែក​ព័ត៌មាន​ផ្សេងៗ រួមទាំងព័ត៌មានផ្ទាល់ខ្លួនផងដែរ។

ទាក់ទិននឹងការប្រើប្រាស់ និង ការចែកចាយព័ត៌មានផ្ទាល់ខ្លួននេះ យើងសង្កេតឃើញថាក្លាយជាទម្លាប់​ប្រចាំថ្ងៃពិសេសយុវវ័យ ដូចជាការបង្ហោះពីអារម្មណ៍ផ្ទាល់ខ្លួន​  ទីតាំង លេខកុងធនាគារ នៅជាមួយ​អ្នក​ណា និង ប្រាក់កម្រៃជាដើម។ តើការបង្ហោះព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនេះ​មានផលប៉ះ​ពាល់​អ្វីខ្លះ? ដើម្បីជ្រាប ច្បាស់សូមស្តាប់បទយកការណ៍ខ្លី ដែលមានចំណងជើងថាព័ត៌មានផ្ទាល់ខ្លួន​នៅលើបណ្តាញសង្គមដែលរៀបរៀងដោយលោក សេរី វឌ្ឍនៈ ដូចតទៅ!  

នេះគឺជាការរៀបរាប់ពីរបស់អ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងការចែកចាយព័ត៌មានផ្ទាល់ខ្លួននៅលើ​អីនធើណេត។

បច្ចេកវិទ្យាកាន់តែរីកចម្រើន អ្នកប្រើបណ្តាញសង្គមបានសម្របខ្លួនបន្តិចម្តងៗ និងទាញ យកផល​ប្រយោជន៍​ពីការប្រើប្រាស់នេះទៅប្រើប្រាស់ដូចជា ការចែករំលែកព័ត៌មាន កម្សាន្ត ការសិក្សា និងជំនួញ​ជួញ​ដូរតាមប្រព័ន្ធអីនធើណេត។

ដើរនៅលើវិថីជាអាជីវករអនឡាញ ២ ឆ្នាំ អ្នកស្រី ថុង​ សោភ័ណ្ឌ អាជីវករលក់កាម៉េរាសុវត្ថិភាព​​ និងគ្រឿង​​អេឡិចត្រូនិកអនឡាញថា ការលក់ដូរនៅតាមអនឡាញមានប្រសិទ្ធិភាព និង មានភាពងាយស្រួល​ក្នុង​ការ​រកប្រាក់ចំណេញពីការប្រើប្រាស់បណ្តាញសង្គម។

ទន្ទឹមនឹងនេះអ្នកស្រីបានបង្ហាញពីក្តីបារម្ភផងដែរចំពោះការធ្វើជំនួញអនឡាញ ដែលពេលខ្លះត្រូវបង្ហោះ​គណនី​ធនាគាររបស់អ្នកស្រីដើម្បីអតិថិជនងាយស្រួលផ្ទេរ និងទូទាត់សាច់ប្រាក់ តែអ្នកស្រីខ្លាចត្រូវ​បាន​ជនទុចរិតលួចគណនេយ្យអ្នកស្រីផងដែរ។

អ្នកស្រីបានបន្ថែមថា៖ ការពិតទៅ ខ្ញុំក៏បារម្ភដែរ ពេលយើងលក់ហ្នឹង ខ្លាចគេហេកអាខោនវីសា ពេល​យើង​បង្កើតផេក នៅលើហ្វេសបុក ហើយយើងដាក់លុយហ្នឹងតាមអាខោនហ្វេសបុក ហើយតែវា​ហេក​បាន​ហ្នឹង វាលួចយកលុយយើងទៅហើយ ព្រោះអីយើងបង្ហោះវានៅលើផេកអីអញ្ជឹងហា!

អ្នកស្រីថា ការបង្ហោះលេខគណនីធនាគារគឺត្រូវធ្វើដោយបង្ខំចិត្ត។ អ្នកស្រីបានបន្តថា​ ការលក់ដូររមែង​ចង់បាន​ការចាប់អារម្មណ៍ពីអ្នកទិញ។ អ្នកស្រីបន្ថែមថា ធ្លាប់បង្ហោះ​ប្រាក់ដែល​អ្នក​ស្រីលក់ដាច់បានលើ​បណ្តាញ​សង្គម ព្រោះចង់ប្រាប់អ្នកផ្សេងទៀតថាអ្នកស្រីលក់ដាច់ និងជាផលិតផលមានគុណភាពល្អ។ តែពេលអ្នកស្រីបានឃើញព័ត៌មានគេចុះផ្សាយអំពី​ហានិភ័យ​នៃការបង្ហោះប្រាក់កាស អ្នកស្រីបានភ្ញាក់រលឹកនិងឈប់ធ្វើដូច្នោះទៀត។

« ខ្ញុំអត់ផុសរូបលុយទេ ការផុសរូបលុយនោះក៏មែនល្អប៉ុន្មានដែរ ព្រោះអីវាដូចបង្ហាញទីតាំងឲ្យ​ចោរ​អញ្ចឹង ហើយ ណាមួយប្តីខ្ញុំក៏អត់ឲ្យផុសដែរ កាលពីមុនតែម្តងគត់ខ្ញុំផុស ហើយពេលនោះ ក្នុងហ្វេស​បុក​ធម្មតាទេ តែខ្ញុំអត់ផុសក្នុងផេកទេ ហើយមានគេផុសរូបលុយ ដូចដាក់ក្រាលដេកលុយអីអញ្ចឹងហា អាហ្នឹង​​វាជាយុទ្ធសាស្រ្តរបស់គេ តែខ្ញុំថាអាយុទ្ធសាស្រ្តហ្នឹងអត់ល្អទេ ខ្លាចមានហានិភ័យទៅ​ថ្ងៃ​ក្រោយ​ណា! »

ទាក់ទិននឹងការបង្ហោះអំពីទិន្នន័យ ឬ ព័ត៌មានផ្ទាល់ខ្លួនលើបណ្តាញសង្គម លោក ម៉ៅ ពិសិដ្ឋ អ្នកមាន​ចំណេះដឹងផ្នែកព័ត៌មានវិទ្យា បានពន្យល់ថា អាចជាគ្រោះថ្នាក់ និង  ហានិភ័យ សម្រាប់​អ្នកប្រើប្រាស់។

លោកបានបន្ថែមថាការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម​គឺជារឿងមួយដែលអ្នក​ប្រើ​ប្រាស់​គួរប្រុងប្រយ័ត្ន ព្រោះថា ការចែករំលែកព័ត៌មានមួយចំនួនអាចជារឿងមិនល្អ ដោយ​លោកលើក​ឧទាហរណ៍ក្នុងករណីការបង្ហោះរូបភាពកុងធនាគារនោះ អាចមានជនខិលខូច​លួចយក​គណនីធនាគារ​ទៅប្រើប្រាស់ក៏អាចថាបាន។

លោក បន្តថា ប្រសិនបើចែករំលែកនៅក្នុងប្រអប់សារ ឬ គ្រាន់តែជារូបភាពធម្មតាៗ នោះមិនមាន​ជាបញ្ហា​ឡើយ។ តែការចែករំលែករូបភាពមួយចំនួនដូចជា រូបប្រាក់ លេខកុងធនាគារ ឬ រូបភាពស៊ិចស៊ី គឺជារឿង​គ្រោះ​ថ្នាក់ ព្រោះហាក់បីដូចជាបុគ្គលម្នាក់ចែករំលែកមុខសញ្ញា​ទៅមនុស្សដែល​មានបំណងមិនល្អ។

លោក ម៉ៅ ពិសិដ្ឋ«ខ្ញុំថាបើសិនតែគ្រាន់តែជារូបភាពធម្មតាៗ រូបភាពអនុស្សាវរីយ៍មួយចំណួន នោះមិន​មាន​អ្វី​ជាគ្រោះថ្នាក់ទេ តែប្រសិនបើក្នុងករណីខ្លះ ការបង្ហោះរូបភាពស៊ីចស៊ីទៅលើប្រព័ន្ធអ៊ីនធើណេត ជួន​កាលជនខិលខូចអាចលួចយកទៅបង្ហោះនៅក្នុងវេបសាយអាសអាភាស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នោះវាជារឿងមួយដែលយើងត្រូវយកចិត្តទុកដាក់» ។​

លោកបានផ្តល់ជាដំបូន្មានថា អ្នកប្រើប្រាស់គួរកាត់បន្ថយការចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅ​លើបណ្តាញ​សង្គម និង ជៀសវាងការចែករំលែកព័ត៌មានណាដែលអាចបង្កហានិភ័យដល់ខ្លួនឯង អ្នកដទៃ និង សង្គម​ជាតិ។

លោក បន្តថា៖ « ការចែករំលែកនោះ យើងព្យាយាមកាត់បន្ថយវាខ្លះទៅ ហើយជៀសវាង​ការចែករំលែក​ព័ត៌មានបុគ្គលមួយចំនួនណាដែលវាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់យើង ប៉ះពាល់ដល់លុយ​កាក់ ហើយព័ត៌មានខ្លះអាចប៉ះពាល់ក្នុងកម្រិតស្រាល ឬ ធ្ងន់។»  

បើយោងតាមការចុះផ្សាយពីប្រភពសារព័ត៌មានសហរដ្ឋអាមេរិក The New York Times  មានករណីចោរប្លន់សម្លាប់ មួយបានកើតឡើងនៅទីក្រុងញ៉ូយ៉ក បន្ទាប់ពីនារីម្នាក់បានបង្ហោះប្រាក់ដុល្លារអាមេរិកនៅលើប្រព័ន្ធអ៊ីនធើណេត។ ហេតុការណ៍នេះគឺជាឧទាហរណ៍ច្បាស់ៗ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយប្រុងប្រយ័ត្ន និង ពិចារណាឲ្យបានគត់មត់ មុននឹងបង្ហោះរឿងរ៉ាវផ្ទាល់ខ្លូន ជៀសវាងបច្ច័យអាក្រក់ណាមួយអាចកើតឡើងជាយថាហេតុ៕

ផលិតដោយ

សហការផលិតដោយ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កំពង់ធំ៖ អាជ្ញាធរស្រុកបារាយណ៍ បើកយុទ្ធនាការប្រឆាំងជំងឺ Covid-19

កំពង់ធំ៖ ខណៈការផ្ទុះឡើងនៃជំងឺ Covid-19 អាជ្ញា[...]

កំពង់ធំ៖ តំណាងសហគមន៍ទទួលការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទឹកប្រកបដោយចីរភាព

​កំពង់ធំ៖ តំណាងសមាជិកស្ទឹងជីនិត តាំងក្រសាំង ឈ[...]

កំពង់ធំ៖ ស្រ្តីនិងកុមារក្រីក្រក្រោមអាយុ២ឆ្នាំទទួលបានប្រាក់ឧបត្ថម្ភពិសេសពីអាជ្ញាធរមូលដ្ឋាន

កំពង់ធំ៖ ប្រជាពលរដ្ឋក្រីក្រជាស្រ្តី និងកុមារក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត