loader

ប្រធានស្ដីទី CNRP លើកឡើងទិដ្ឋភាព ៤ ចំណុចពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានធ្វើអត្ថាធិប្បាយតាមរយៈសំណេរលើទំព័រហ្វេសបុករបស់លោក ដោយលើកយកបញ្ហា ៤ ចំណុច ដែលជាប់ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេ​ច ហ៊ុន សែន ។  បួនចំណុចនោះ គឺមានពាក់ព័ន្ធនឹងលោក កឹម សុខា, មន្ត្រី ១១៨ រូបរបស់អតីតគណបក្សប្រឆាំង, គណបក្សតូចៗដែលបង្កើតថ្មី និងលទ្ធផលបោះឆ្នោតសភា នីតិកាលទី ៦ កាលពីចុងខែកក្កដា ឆ្នាំ ២០១៨ ។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ការលើកឡើងរបស់លោក សម រង្ស៊ី មិនធ្វើឱ្យគណបក្សប្រជាជនកម្ពុជាខ្វល់ខ្វាយ និងឆ្លើយឆ្លងឡើយ ព្រោះលោក សម រង្ស៊ី ជាមនុស្សក្រៅច្បាប់ ។

រាយការណ៍ដោយ លោក សោម លាភ

 

ព្រឹត្តិការណ៍ដំណើរការនៃការបោះឆ្នោតសភានីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺលទ្ធផលបោះឆ្នោតបានទៅលើគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន ជាបក្សឈ្នះឆ្នោតតែមួយគត់។

ក្រុមមន្ត្រីទាំងជាន់ខ្ពស់ ទាំងជាន់ទាប បានអបអរសាទរ នូវជ័យជំនះនេះ ។

តែយ៉ាងណា មជ្ឈដ្ឋានក្រុមអ្នកប្រឆាំង ជាពិសេសគឺមនុស្សដែលនិយមគណបក្សសង្គ្រោះជាតិ មិនសាទរចំពោះលទ្ធផលនេះឡើយ ។

ជាងនេះទៅទៀត អន្តរជាតិដែលជាប្រទេសប្រជាធិបតេយ្យធំៗ ក៏មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះដែរ ដែលឈានទៅដល់ទាមទារឱ្យប្រទេសនេះស្ដារនូវលទ្ធិប្រជាធិបតេយ្យឡើងវិញ  ព្រោះពួកគេចាត់ទុកថាកម្ពុជាមិនអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ។

ការចាត់ទុកថា កម្ពុជាគ្មានប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្ស ពិសេសមិនគោរពឆន្ទៈពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ គឺបន្ទាប់ពីតុលាការកំពូលកម្ពុជា បានសម្រេចចេញដីកាតុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយដល់មន្ត្រីនៃគណបក្សនេះចំនួន ១១៨ រូប រយៈពេល ៥ ឆ្នាំរបស់គណបក្សនេះ ។

កម្ពុជា បានរៀបចំការបោះឆ្នោតតាមការគ្រោងទុក ដោយមិនមានគណបក្សប្រឆាំងធំជាងគេចូលរួមប្រកួតប្រជែង គឺគណបក្សសង្គ្រោះជាតិ គឺមានតែគណបក្សតូចៗ ចូលរួមចំនួន ១៩ គណបក្ស ។

យ៉ាងណាមិញ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ និងបន្តឃុំខ្លួនក្នុងផ្ទះបន្ថែមទៀត ក្រោមបទចោទប្រកាន់ថា ក្បត់ជាតិ ។

ពាក់ព័ន្ធនឹងករណីឃុំខ្លួនលោក កឹម សុខា នេះ លោក សម​ រង្ស៊ី ដែលជាសហស្ថាបនិករបស់គណបក្សសង្គ្រោះជាតិ ជាមួយលោក កឹម សុខា រួមទាំងអន្តរជាតិ បានទាមទារម្ដងហើយម្ដងទៀតទៅតុលាការក្រុងភ្នំពេញ និងរាជរដ្ឋាភិបាល ឱ្យដោះលែងលោក កឹម សុខាដោយគ្មានលក្ខខណ្ឌ ។

មកដល់ថ្ងៃទី ១០ មករា ឆ្នាំ ២០១៩ លោក សម រង្ស៊ី បានបញ្ចេញសារមួយពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ ដែលលោកថាជាការបរាជ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា គឺនាយករដ្ឋមន្ត្រីកម្ពុជា ។

លោក សម រង្ស៊ីបានលើកឡើងចំនួន ៤ ចំណុចពាក់ព័ន្ធនឹងសម្ដេច ហ៊ុន សែន ។

ចំណុចដំបូងបំផុត ដែលលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុក គឺសម្ដៅទៅលើនាយករដ្ឋមន្ត្រីកម្ពុជា កំពុងតែព្យាយាមបកស្រាយប្រាប់ទៅអន្តរជាតិថា លោក កឹ​ម សុខា មិនមែនជាអ្នកជាប់ឃុំឃាំងទៀតទេ ពោលគឺប្រាប់ទៅអន្តរជាតិថា លោក កឹម សុខា មានសេរីភាពពេញលេញហើយ ក្រោយការដោះលែងពីពន្ធនាគារត្រពាំងផ្លុង  ។

លោក សម រង្ស៊ី ពន្យល់ថា ច្បាប់កម្ពុជា មិនអាចឃុំឃាំងជនជាប់ចោទណាមួយលើសពី ១៨ ខែនោះទេ ។

យ៉ាងណា លោក បន្ថែមថា លោក កឹម សុខា ត្រូវបានជាប់ឃុំ ជិតដល់ពេលកំណត់នៃច្បាប់ តែមិនទាន់បានសម្រេចសេចក្ដីឱ្យមានទោសនៅឡើយនោះទេ ។

លោក កឹម សុខា ត្រូវបានប្ដូរពីការឃុំខ្លួនក្នុងពន្ធនាគារ មករស់នៅក្នុងផ្ទះរបស់លោក ដោយស្ថិតក្រោមការរឹតបន្តឹងយ៉ាងតឹងរឹង តាមរយៈលក្ខខ័ណ្ឌរបស់តុលាការ ដែលចងដោយចៅក្រមស៊ើបសួរ លោក គី រឹទ្ធី ។

យ៉ាងណា លោក សម រង្ស៊ីថា ការប្ដូរពីការឃុំខ្លួនក្នុងពន្ធនាគារ មករស់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យ និងតាមដាននេះ ក៏ជាការឃុំខ្លួនដែរ  ។

លោក ពន្យល់ថា ពាក្យថា ឃុំខ្លួនក្នុងផ្ទះ គឺមកពីពាក្យជាភាសាអង់គ្លេសថា  House arrest ។ ពាក្យថា House arrest បើតាមន័យអន្តរជាតិ គឺសម្ដៅទៅលើការឃុំឃាំង ព្រោះជាចំណាត់ការដែលធ្វើឱ្យបុគ្គលនោះបាត់បង់សេរីភាព ។

លោក សម រង្ស៊ី បានលើកយកបុគ្គលចំនួនពីរនាក់ មានលោកស្រី អ៊ុង សាន ស៊ូ ជី និងលោក នែលសុន ម៉ាន់ដេឡា ។

ជាក់ស្ដែងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ សរសេរថា  «លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅប្រទេសភូមា ដែលអន្តរជាតិធ្លាប់ចាត់ទុកថាជាអ្នកទោសនយោបាយ មិនដែលបានជាប់ឃុំឃាំងក្នុងពន្ធនាគារណាម្តងឡើយ តែគាត់ត្រូវបានរបបផ្តាច់ការនៅប្រទេសភូមា ឃុំឃាំងគាត់ក្នុងលំនៅដ្ឋានរបស់គាត់ អស់រយៈពេលសរុប ១៥ ឆ្នាំ។

ឧទាហរណ៍មួយទៀត គឺលោក នែលសុន ម៉ាន់ដេឡា (Nelson Mandela) នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានជាប់ឃុំឃាំងអស់រយៈពេល ២៧ ឆ្នាំ ដែលរយៈពេលនោះ បែកចែកដូចតទៅ ៖ ២៥ ឆ្នាំ ឃុំឃាំងក្នុងពន្ធនាគារ និង ២ ឆ្នាំចុងក្រោយ ឃុំឃាំងក្នុងផ្ទះ»។

លោក សម រង្ស៊ី បញ្ជាក់ថា ដោយអំណះអំណាងខាងលើ តុលាការត្រូវតែដោះលែងលោក កឹម សុខា មុនដើមខែមីនា ២០១៩ ។

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មី(ស្ទួនមួយ) ត្រូវបានចុះព្រះហស្ថលេខា ដោយព្រះមហាក្សត្រកម្ពុជា ព្រះបាទព្រះបរមនាថនរោត្តម សីហមុនី ប្រកាស់ដាក់ឱ្យប្រើប្រាស់ជាប្រញាប់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩ ។

ច្បាប់នេះ អាចផ្ដល់លទ្ធភាពដល់បុគ្គលទាំងឡាយណា ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិធ្វើនយោបាយវិញពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការកំណត់របស់តុលាការ ឬត្រូវបានផ្ដល់នីតិសម្បទាដោយព្រះមហាក្សត្រ តាមការស្នើពីនាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធា្លប់មានប្រសាសន៍ថា សម្ដេច ត្រៀមខ្លួនរួចហើយ ក្នុងការទទួលពាក្យស្នើពីបុគ្គលដែលចង់បានសិទ្ធិធ្វើនយោបាយ ។

សម្ដេច បញ្ជាក់ថាម្ដងហើយម្ដងទៀតថា ការស្នើសុំនេះ គឺធ្វើម្ដងម្នាក់ មិនមែនជាកញ្ចប់នោះទេ ។

ម្សិលមិញ គឺថ្ងៃទី ៩ មករា លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សសង្រ្គោះជាតិ និងគង់ បូរ៉ា បានដាក់ពាក្យស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈច្បាប់វិសោធនកម្មនេះ ។ ខាងមន្ត្រីក្រសួងមហាផ្ទៃឱ្យដឹងថា បានទទួលលិខិតស្នើសុំនេះហើយ ។

អ្នកវិភាគថា ករណីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ធ្វើឡើងជាចេតនាបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ។

បើទោះបីជាមន្ត្រីរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលអះអាងថា ការសើរើវិសោធនកម្មច្បាប់នេះ ដើម្បីគណបក្សទាំងអស់នៅកម្ពុជាក៏ដោយ ដែលមិនសម្ដៅដល់គណបក្សសង្រ្គោះជាតិ ក៏លោក សម រង្ស៊ីថា នាយករដ្ឋមន្ត្រីកម្ពុជា​មានចេតនាអូសទាញមន្ត្រីទាំង ១១៨ រូប ។

លោក សម រង្ស៊ីថា សម្ដេច ហ៊ុន សែន បរាជ័យក្នុងការអូសទាញមន្ត្រីទាំង ១១៨ រូបនោះ ឱ្យសុំសិទ្ធិធ្វើនយោបាយ ដែលលោក សម រង្ស៊ីថា ក្នុងចំណោម ១១៨ មានតែ ២ នាក់តែប៉ុណ្ណោះ គឺលោក គង់ គាំ និងកូនប្រុសរបស់លោក ដែលសុំសិទ្ធិធ្វើនយោបាយ ។

តួយ៉ាង លោក សម រង្ស៊ី សរសេរថា «ទោះជាគាត់បានជម្រុញរដ្ឋសភាទីងមោងរបស់គាត់ ឲ្យធ្វើច្បាប់មួយពិសេស ដើម្បីបង្ខំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ រូប មកសុំសិទ្ធិធ្វើនយោបាយវិញពីគាត់យ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន ទទួលបរាជ័យយ៉ាងអាម៉ាស់ ពីព្រោះអ្នកដែលចាញ់បោកគាត់ ប្រហែលជាមិនលើសពី ២ នាក់ទេ (គឺលោក គង់ គាំ និងកូនប្រុសគាត់ម្នាក់) ក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូប។ ដោយសារតែលោក ហ៊ុន សែន មិនចង់ខ្មាសគេពេក លឺសូរថាគាត់នឹងផ្តល់មួយម៉ឺនដុល្លារម្នាក់ ឲ្យទៅមន្ត្រីគណបក្សសង្គ្រោះជាតិណា ដែលយល់ព្រមមកសុំសិទ្ធិធ្វើនយោបាយពីគាត់»

ដោយឡែក លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជបានសរសេរលើទំព័រហ្វេសបុករបស់លោកថា បំបែកមិនបែកមានតែរំលាយ តែរំលាយហើយនៅមិនព្រមរលាយមានតែលាបធ្យូងមុខក្រែងបានជល់គ្នា

បើទោះបីជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយហើយក្ដី ក៏នៅមានគណបក្សតូចៗជាហូរហែបន្តបង្កើតឡើងដើម្បីប្រឡូកនឹងជីវភាពនយោបាយ ។

លោក សម រង្ស៊ី​ បញ្ជាក់ថា គណបក្សតូចៗទាំងនេះ គឺចាញ់បោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។

អ្នកនយោបាយដែលកំពុងនិរទ្ទេសខ្លួននៅបរទេស ថា គណបក្សតូចៗដែលទើបតែបង្កើតថ្មី មិនទាន់យល់ថា ពេលណាគណបក្សតូចៗណាមួយ ដែលទើបតែបង្កើតថ្មីនោះ រីកធំធាត់រហូតដល់ទៅមានកម្លាំងគ្រប់គ្រាន់ចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ។

លោកថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នឹងរំលាយគណបក្សទាំងនោះដូចរំលាយគណបក្សសង្គ្រោះជាតិ ។

លោក សម រង្ស៊ី ពន្យល់ទៅអ្នកដែលបង្កើតគណបក្សថ្មី ឱ្យយល់ពីគោលបំណងនៃការបង្កើតគណបក្ស ។

លោក ថា ការបង្កើតបក្សឡើងមក គឺដើម្បីដណ្ដើមយកអំណាចក្នុងការដឹកនាំប្រទេស មិនមែនបង្កើតឡើងដើម្បីជាការរណបឱ្យបក្សកាន់អំណាចនោះទេ ។

លោក សម រង្ស៊ី ចង់ឱ្យអ្នកប្រជាធិបតេយ្យទាំងអស់ រួមកម្លាំងគ្នាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីយកជ័យជំនះលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច ហ៊ុន សែនជាប្រធានបក្ស ។

ការបោះឆ្នោតសភានីតិកាលទី ៦ ជាលទ្ធផលដែលគណបក្សប្រជនកម្ពុជា អះអាងថា បានមកពីឆន្ទៈពលរដ្ឋដែលចេញទៅបោះឆ្នោតជាង ៨០ ភាគរយៈ ហើយមានតែគណបក្សប្រជាជនកម្ពុជាដែលជាបក្សមានសម្លេងក្នុងរដ្ឋសភា ។

បើទោះបីជាមន្ត្រីរាជរដ្ឋាភិបាលអះអាងថា ជាជ័យជំនះបែបនេះក្ដី ក៏លោក សម រង្ស៊ី នៅតែថា ជាបរាជ័យរបស់នាយករដ្ឋមន្ត្រីកម្ពុជា ។

ជាចំណុចចុងក្រោយនៃសំណេររបស់លោក សម រង្ស៊ី បានសរសេរថា ទាំងអ្នកសង្កេតការជាតិ និងអន្តរជាតិ មិនភ្ញាក់ផ្អើលទៅនឹងលទ្ធផលនៃការបោះឆ្នោតនោះទេ ខណៈដែលគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រកួតប្រជែង ។

ផ្ទុយពីនេះ លោក សម រង្ស៊ីថា អ្វីដែលគួរឱ្យភា្ញក់ផ្អើលនោះ គឺគណបក្សចំនួន ១៩ ផ្សេងទៀត ដែលចូលរួមបោះឆ្នោតនោះ គឺគ្មានបក្សណាមួយទទួលបានអាសន្នៈមួយសោះ ។

លោក សម រង្ស៊ី បន្តថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺដោយសារតែការគម្រាមកំហែងជាដើម ។

ជាពិសេសលោកសរសេរបញ្ជាក់ដោយបានសេចក្ដីថា  «មានពលរដ្ឋជាច្រើន ដែលបានគូសខ្វែងចោលគណបក្សទាំង ២០ លើសន្លឹកឆ្នោត ជាសញ្ញាគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងចិត្តរបស់ពួកគេ។ គណបក្សស្រមោល “គូសខ្វែងចោល” នេះ បានទទួលសន្លឹកឆ្នោតលំដាប់ថ្នាក់ទី២ ច្រើនជាងសន្លឹកឆ្នោតសរុប ដែលគណបក្សតូចៗទាំង ១៩ ទទួលបាន។ លទ្ធផលហ្នឹងហើយ ដែលគេយល់ឃើញថា ជាបរាជ័យរបស់ ហ៊ុន សែន ពីព្រោះប្រជារាស្ត្រខ្មែរច្រើនលើសលប់ នៅតែស្រលាញ់គណបក្សសង្គ្រោះជាតិ ក្នុងចិត្ត ហើយចាត់ទុកថា ហ៊ុន សែន ជាជនផ្តាច់ការ ដែលប្លន់អំណាចពីប្រជារាស្ត្រ»

អ្វីដែលលោកសមរង្ស៊ីបានលើកឡើងទាំងអស់នេះត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកថាគ្មានតម្លៃឡើយ។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដោយបញ្ជាក់ថា ការលើកឡើងរបស់លោក សម រង្ស៊ីគ្រាន់តែជាការសោកស្ដាយប្រវត្តិសាស្ត្រនយោបាយរបស់ខ្លួនដែលប្រព្រឹត្តខុស ហើយមិនទទួលកំហុស  ។

ចុងឆ្នាំ ២០១៨ នយោបាយកម្ពុជា ហាក់ដូចជាត្រូវបានរដ្ឋអំណាចបន្ធូបន្ថយវិញ ព្រោះគេសង្កេតឃើញថា មានការប្រកាសជាហូរហែពាក់ព័ន្ធនឹងការបង្ហាញការបើកសិទ្ធិសេរីភាពដល់អង្គការសង្គមស៊ីវិលធ្វើសកម្មភាពដោយមិនចាំបាច់សុំច្បាប់ ស្វាគមន៍ការបើកការិយាល័យរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការដោះស្រាយបញ្ហាដីធ្លី រហូតឈានដល់ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងការធ្វើវិសោធនកម្មច្បាប់ជាបន្តបន្ទាប់ទៀត ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

ជំងឺប៉េស្តជ្រូក៖អ្នកលក់សាច់មាន់ គោ កើបលុយ ខណៈអ្នកទទួលទានមិនទាន់ហ៊ានបរិភោគសាច់ជ្រូក

​(ភ្នំពេញ)៖ សាច់ជ្រូក គឺជាសាច់សត្វមួយប្រភេទ ដ[...]

ប្រវត្តិសាស្រ្ត ៖ តើប្រវត្តិភ្នំពេញ ពិតជាមានពាក់ព័ន្ធទៅនឹងរឿងព្រេងខ្មែរឬយ៉ាងណា?

ភ្នំពេញគឺជាឈ្មោះរាជធានីដ៏ចំណាស់មួយ ដែលបានកសាង[...]

តើស្ដេចកនចាញ់សង្រ្គាមព្រះបាទចន្ទរាជដោយសាររាស្ត្រលែងគាំទ្រឬអស់ល្បិចធ្វើសង្រ្គាម?​

នាងកញ្ញា លោក លោកស្រី រឿងស្ដេចកន និងព្រះបាទចន្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត