បច្ចេកទេសកសិកម្មឆ្លាតវៃ បានជួយបង្កើនប្រាក់ចំណេញជាមធ្យមប្រចាំឆ្នាំរបស់កសិករគោលដៅ ពី១,៤០១ ដល់២,២៣៤ ដុល្លារសហអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីកសិករបានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ នៃគម្រោងស្ទៀរ របស់អង្គការ Save the Children។ នេះបើតាមព័ត៌មានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការ Save the Children ប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
កសិករដែលទទួលផលពីគម្រោងស្ទៀរ បានឱ្យដឹងថា គម្រោងស្ទៀរបាននាំមកជាមួយនូវបច្ចេកទេសដាំដុះថ្មី ការដោះស្រាយបញ្ហាទីផ្សារ បង្កើតឱ្យមានអ្នកលក់សម្ភារៈកសិកម្មភ្ជាប់ជាមួយចំណេះដឹងបច្ចេកទេស ការលើកកម្ពស់កិច្ចការពារកុមារ សមភាពយេនឌ័រ និងកិច្ចការពារបរិស្ថាន។ សម្រាប់កសិករឧបសគ្គក្នុងការប្រកបរបបកសិកម្ម គឺកសិករស្ទើរភាគច្រើន ដាំដុះតាមតែរបៀបបុរាណ ពុំមានគំនិតដាំបន្លែ ឬកែលម្អដំណាំអ្វីនោះទេ ដ្បិតខ្វះខាតបច្ចេកទេស ពិបាករកពូជ ជី ថ្នាំ និងមិនសូវមានទំនាក់ទំនងជាមួយអ្នកប្រមូលទិញ មិនស្គាល់ផ្សារ ហើយទិន្នផលទទួលបានតិចតួច និងតែងបរាជ័យជាមួយការដាំដុះជារឿយៗ។
អ្នកស្រី ងិន គីមហួយ ដែលកសិករអ្នកផលិត និងជាតំណាងក្រុម និងកសិករអ្នកទទួលផលពីគម្រោងស្ទៀរ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។
គម្រោងស្ទៀរ ដែលទទួលបានថវិកាគាំទ្ររយៈពេល ៥ឆ្នាំ (២០១៩-២០២៤) ពីក្រសួងការបរទេស និងពាណិជ្ជកម្ម នូវែលសេឡង់ បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច សុខមាលភាពគ្រួសារ និងភាពធន់របស់ប្រជាសហគមន៍ តាមរយៈវិធីសាស្ត្រដោយឈរលើគោលការណ៍ទីផ្សារ ក្នុងស្រុកថ្មបាំង ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង។
ផលកសិកម្មដែលដាក់តាំងបង្ហាញក្នុងវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពី ការផ្តួចផ្តើមអភិវឌ្ឍន៍កសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ផ្សារភ្ជាប់នឹងការអភិវឌ្ឍមនុស្ស ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។
កិច្ចអន្តរាគមន៍ពីគម្រោងស្ទៀរ ពិតជាធ្វើឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទាំងសេដ្ឋកិច្ចគ្រួសាររបស់កសិករ ទាំងចំណេះ និងជំនាញកសិកម្ម គួបផ្សំនឹងការវិនិយោគលើកុមារ។ នេះបើតាមការឱ្យដឹងពីកសិករ។
ជាងនេះបច្ចេកទេសកសិកម្មឆ្លាតវៃ បានជួយបង្កើនប្រាក់ចំណេញជាមធ្យមប្រចាំឆ្នាំរបស់កសិករគោលដៅ ពី១,៤០១ ដល់២,២៣៤ ដុល្លារសហអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីកសិករបានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ។
ក្រុមស្រ្តីកសិករដែលបានចូលរួមជាមួយគម្រោងស្ទៀរ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។
ថ្លែងបើកក្នុងវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពី ការផ្តួចផ្តើមអភិវឌ្ឍន៍កសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ផ្សារភ្ជាប់នឹងការអភិវឌ្ឍមនុស្ស នៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោកស្រី Heidi Coetzee នាយិកាប្រតិបត្តិនៃអង្គការ Save the Children នូវែលសេឡង់ លើកឡើងថា គម្រោងស្ទៀរ បានបណ្តុះបណ្តាលកសិករជាង ១ពាន់នាក់ លើការអនុវត្តកសិកម្មឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ។ កសិករចំនួន ៥៣នាក់ ត្រូវបានទទួលស្គាល់សម្រាប់ការងារឆ្នើម ហើយឥឡូវនេះកសិករ កំពុងគាំទ្រ និងបង្វឹកកសិករផ្សេងទៀតបន្ត។
លោកស្រីបន្ថែមថា គម្រោងនេះ ក៏បានបង្កើតកសិដ្ឋានបង្ហាញ និងក្រុមកសិករអ្នកផលិត ផ្តល់ជំនួយអាជីវកម្មដើម្បីពង្រីកផលិតកម្ម និងគាំទ្រកសិករឱ្យទទួលបានទីផ្សារ នៅខាងក្រៅសហគមន៍របស់ពួកគេ តាមរយៈកិច្ចព្រមព្រៀងជាមួយអ្នកប្រមូលទិញផលកសិកម្ម។
អ្នកស្រី Heidi និយាយទៀតថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ កសិករ ទទួលបានការកើនឡើងជិត៦០% នៃប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានពីដំណាំ ក្នុងរយៈពេល ៥ឆ្នាំនៃគម្រោង។ ការកើនឡើងនៃប្រាក់ចំណូលនេះ បានអនុញ្ញាតឱ្យគ្រួសារវិនិយោគកាន់តែច្រើនលើតម្រូវការ និងសុខុមាលភាពរបស់កុមារ ដូចជាសម្ភារៈសិក្សា និងអាហារដែលមានសុខភាពល្អ ព្រមទាំងពេលវេលាកាន់តែច្រើនជាមួយគ្រួសារពួកគេ ដែលឈានទៅរកភាពលទ្ធផលល្អប្រសើរ។
លោកស្រី Heidi Coetzee នាយិកាប្រតិបត្តិនៃអង្គការ Save the Children នូវែលសេឡង់ ថ្លែងក្នុងកម្មវិធីវេទិកា។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។
យោងតាមលោកស្រី សេង គឹមហ៊ាន នាយិកាផ្នែកកសិកម្មនៃ iDE Cambodia ឱ្យដឹងថា អំឡុងពេលបីឆ្នាំដែល iDE ធ្វើការជាមួយគម្រោងស្ទៀរ ក្រុមការងារបានប្រើប្រាស់វិធីសាស្រ្តជាច្រើនដូចជា ការបណ្តុះបណ្តាលគ្រូបង្គោល ការចុះទស្សនកិច្ចផ្ទាល់ ការបង្កើតសៀវភៅណែនាំពីបច្ចេកទេស និងផែនការមេរៀនសម្រាប់បណ្តុះបណ្តាល ព្រមទាំងការបណ្ដុះបណ្ដាល និងការបង្វឹកពីការងារជាដើម។
គណៈធិបតីទស្សនាកសិផលរបស់កសិករក្នុងកម្មវិធី។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។
លោក Mathew Allen លេខាទីមួយផ្នែកអភិវឌ្ឍន៍របស់ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ បានមានប្រសាសន៍ថា រដ្ឋាភិបាលនូវែលហ្សេឡង់ មានមោទនភាពយ៉ាងខ្លាំងចំពោះការងារដែលធ្វើដោយអង្គការ Save the Children ដើម្បីគាំទ្រជីវភាពគ្រួសារកសិករនៅជនបទ និងសហគមន៍របស់កសិករក្នុងខេត្តកោះកុង តាមរយៈគម្រោងស្ទៀរនេះ។
លោកថាការគាំទ្រដែលបានផ្តល់តាមរយៈគម្រោងស្ទៀរ ដល់ការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុបាន និងបន្តជះឥទ្ធិពលយ៉ាងសំខាន់ទៅលើគ្រួសារគោលដៅសម្រាប់ឆ្នាំខាងមុខ។
លោក Mathew Allen លេខាទីមួយផ្នែកអភិវឌ្ឍន៍របស់ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ ឡើងថ្លែងលើវេទិកា។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា គម្រោងស្ទៀរ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៍ និងសម្រេចលទ្ធផល ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិតថ្លែងអំណរគុណដល់អង្គការដៃគូដែលចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោងស្ទៀរ ដែលបានធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង។
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងវេទិកា។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។
ទោះបីជាគម្រោង ស្ទៀរ បានបញ្ចប់ក៏ដោយ អង្គការ Save the Children ប្រចាំកម្ពុជា បាន និងកំពុងអនុវត្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សាំការប្រែប្រួលអាកាសធាតុ គឺគម្រោងការីប ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។ គម្រោងនេះត្រូវអនុវត្តជាមួយដៃគូ អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ ក្នុងស្រុកគោលដៅ៤ គឺស្រុកស្រែអំបិល ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកកោះកុង (ស្រុកថ្មី) ក្រោមថវិកាគាំទ្ររបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម New Zealand៕