en     km
en     km

ប្រធានគ.ជ.ប៖ អវត្តមានបក្សសង្គ្រោះជាតិ កម្ពុជានៅតែមានលទ្ធិប្រជាធិបតេយ្យ

Share

ក្រុងភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប លោក ស៊ិក ប៊ុនហុក ដែលជាប្រធានរបស់ស្ថាប័ននេះបានលើកឡើងថា អវត្តមានគណបក្សប្រឆាំង CNRP មិនប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានោះទេ ដោយផ្អែកទៅលើច្បាប់កំពូលរដ្ឋធម្មនុញ្ញ។ យ៉ាងណាក៏ដោយ អ្នកជំនាញការបោះឆ្នោតថាត្រូវមើលលើបរិយាកាសនយោបាយកម្ពុជាថាតើមានស្ថានភាពល្អសម្រាប់សេរីភាពនយោបាយឬនៅ។

ស្តាប់សំឡេង ការរាយការណ៍ដោយលោក សេរី​វឌ្ឍនៈ ៖

ក្នុងសន្និសីទសារព័ត៌មានស្តីពី​ ការប្រកាសផ្សាយការប្រព្រឹត្តិទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ ២០១៨  ដែលធ្វើឡើងនៅសាលសន្និសីទ សារព័ត៌មាន គ.ជ.ប កាលពីព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ នេះ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា ប្រសិនបើគ្មានវត្តមានរបស់ គណបក្សសង្គ្រោះជាតិ កម្ពុជានៅតែរក្សាជំហរលទ្ធិប្រជាធិបតេយ្យ។

លោកពន្យល់បន្ថែមទៀតថា កម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលគណបក្សនយោបាយមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រឡូកវិស័យនយោបាយ ដោយស្មើរភាព តែពុំមែនមានន័យថា គណបក្សមានប្រជាប្រិយភាពច្រើន ឬ តិចនោះទេ។ ដូច្នេះករណីអវត្តមានគណបក្សសង្គ្រោះជាតិ គឺជារឿងដាច់ដោយឡែកពុំប៉ះពាល់អីដល់ លទ្ធិប្រជាធិបតេយ្យនោះទេ។

សំឡេង លោក ស៊ិក ប៊ុនហុក៖

ប្រធានស្ថាប័ន រៀបចំការបោះឆ្នោតដែលជារបស់រដ្ឋ  បានអោយដឹងថា គណបក្ស នយោបាយជា ជិត៤០ នឹងធ្វើការប្រកួតប្រជែងយកអាសនៈនៅរដ្ឋ សភា អាណត្តិថ្មី ចំនួន ១២៥។ លោក បញ្ជាក់ថាបក្សតូចក្ដី ក៏ជាបក្សមួយដែរ។ លោកបានពន្យល់ជាច្រើនពីស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលបានការពារសិទ្ធិនៃការធ្វើនយោបាយ។

តែបែបនេះក្ដី អ្នកសង្កេតការណ៍ យល់ខុសពី ប្រធាន គ.ជ.ប រូបនេះ។

លោក កន សាវាង្ស មន្រ្តីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេត របស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល យល់ស្របនឹងការលើកឡើងនេះ តែលោកថា ត្រឹមតែយោងទៅច្បាប់របស់រដ្ឋធម្មនុញ្ញគឺពុំគ្រប់គ្រាន់ទេ គឺគេត្រូវមើលទៅលើលក្ខន្តិកៈរបស់ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និង អន្តរសភា ដែលគេចែងពីសិទ្ធិរបស់ពលរដ្ឋក្នុងការចូលរួមក្នុងការធ្វើនយោបាយ។

លោក ពន្យល់បន្ថែមថា លក្ខន្តិកៈទាំងនោះមានដូចជាបរិយាកាសនយោបាយ ចាប់តាំងពីដំណើរការរហូតដល់បិទបញ្ចប់តើ ធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ សេរី និង យុត្តិធម៌ហើយឬនៅ។

សំឡេង លោក កន សាវាង្ស៖

ចំណែកលោក​ហង្ស វិទូ ប្រធាន​អ្នកវិភាគ​វ័យក្មេង ក៏បង្ហាញទស្សនៈស្រដៀងគ្នានេះដែរ ។លោកថា គ.ជ.ប គួរតែដាក់ការព្រួយបារម្ភអំពីការដែលរៀបចំការបោះឆ្នោត នេះ មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ។លោកថាចំណុចនេះ គឺជាចំណុចដែលរដ្ឋាភិបាលគួរតែធ្វើការពិចារណា និង ដោះស្រាយឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិប្រព្រឹត្ត។

សំឡេង លោក ហង្ស វិទូ៖

នៅក្នុងជំនួប ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃអាទិត្យទី៨មេសា  នៅវិមានសន្តិភាព សម្ដេចហ៊ុនសែន បានធានាថា ការបោះឆ្នោតខែកក្កដា ត្រូវតែមាន ភាពសេរី និងត្រឹមត្រូវ។ តែលោក Taro Kono  ចង់ឃើញការបោះឆ្នោតឆ្លុះបញ្ជាំងឆន្ទៈរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានជប៉ុន NHK ៕

 

Share

Image
Image
Image