loader

ព្រះមហាក្សត្រប្រកាសឱ្យប្រើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ

ភ្នំពេញ៖ ច្បាប់ស្តីពីវិសោធនកម្មស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ថ្មី ស្ទួន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ ច្បាប់នេះ វិសោធនកម្មឡើង ដើម្បីជាការបើកផ្លូវដល់បុគ្គលដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយ ឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ ។ ច្បាប់នេះទទួលការរិះគន់ជាច្រើនពីសាធារណៈជន ។

លោក សោម លាភ រាយការណ៍៖

 

តាមព្រះរាជក្រមដែលចុះព្រះហស្ថលេខា ដោយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី កាលពីថ្ងៃទី ២ មករា ឆ្នាំ ២០១៩ បញ្ជាក់ថា ច្បាប់នេះប្រកាសឱ្យប្រើប្រាស់ជាប្រញាប់ ។

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានបណ្ដាអ្នកវិភាគយល់ថា ជាការធ្វើឡើងដើម្បីបំបែកផ្ទៃក្នុងរបស់អតីតគណបក្សសង្រោះជាតិ ។

ជាងនេះ ការវិសោធនកម្មនេះ ជាចេតនារបស់អ្នកបង្កើតច្បាប់ដែលទុកចន្លោះក្នុងការបកស្រាយដើម្បីយកឈ្នះលើភាគីម្ខាងទៀតតែប៉ុណ្ណោះ ។

ដោយឡែក អ្នកច្បាប់ថា ការវិសោធនកម្មច្បាប់ច្រើនដងធ្វើឱ្យច្បាប់គ្មានតម្លៃនោះទេ ព្រោះជាការធ្វើច្បាប់សម្រាប់ប្រើតែមួយរយៈពេលខ្លី ។

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន តំណាងរាស្ត្រ ចំនួន ៨៧ រូបចុះហត្ថលេខា សើរើធ្វើវិសោធនកម្មឡើងវិញ ។

មាត្រា ៤៥ ថ្មី(ស្ទួនមួយ) ចែងថា គណបក្សនយោបាយដែលត្រូវបានសម្រេចផ្អាកសកម្មភាព មិនត្រូវអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ ។

ត្រូវលុបចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវបានសម្រេចផ្អាកសកម្មភាព ឬត្រូវបានសម្រេចរំលាយសម្របតាមច្បាប់នេះ ។

បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាច៖

-បង្កើតគណបក្សនយោបាយ ឬ

-ចូលរួមក្នុងគណកបក្សនយោបាយណាមួយ ឬ

-ឈរឈ្មោះឱ្យគេបោះឆ្នោត ឬ

-ធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ក្រោយពេលមួយថ្ងៃនៃច្បាប់នេះ ត្រូវបានចូលជាធរមានដោយព្រះមហាក្សត្រឡាយព្រះហស្ថលេខា សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កាលពីថ្ងៃទី ៣ ខែមករាថា មិនទាន់មានអ្នកនយោបាយ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយណាម្នាក់ មកសុំសិទ្ធិធ្វើនយោបាយនៅឡើយនោះទេ ។

ថ្មីៗនេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថា មានតែនាយករដ្ឋមន្ត្រីតែម្នាក់គត់ ដែលមានសិទ្ធិស្នើសុំទៅព្រះមហាក្សត្រ ដកបម្រាមសិទ្ធិធ្វើនយោបាយដល់បុគ្គលដែលហាមឃាត់សិទ្ធិធ្វើនយោបាយនោះ ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត