en     km
en     km

សម្ដេច ហ៊ុន សែន ប្ដេជ្ញាកម្ទេចអ្នកប្រឆាំងឱ្យវិនាសសន្ដិ

Share

ថ្លែងក្នុងពិធីសម្ពោធទំនប់វារីអគ្គិសនីសេសានពីរនៅខេត្តស្ទឹងត្រែង ថ្ងៃទី ១៧ ធ្នូនេះ សម្ដេចនាយករដ្ឋមន្រ្ដីនៅតែបន្ដផ្ញើសារទៅកាន់សាធារជន ជាមួយនូវការប្ដេជ្ញាមួយដ៏មុតមាំ ទាក់​ទិន​នឹងភាពជាអ្នកកាន់អំណាច ដែលត្រូវតែកម្ទេចពួកប្រឆាំង។ សម្ដេចថា នឹងកម្ទេចក្រុមប្រឆាំងឱ្យវិនាសសន្តិក្នុងអំឡុងសម្ដេចកាន់១០ឆ្នាំទៀត។តែអ្នកវិភាគយល់ថាការប្ដេជ្ញារបស់ប្រមុខរាជរដ្ឋាភិបាលទំនង មិនអាចទៅរួចទេ។

កញ្ញា រិន ឆោមពៅនិកា ជូនព័ត៌មាននេះ៖

មកដល់ពេលនេះរយៈពេលកាន់អំណាចរបស់សម្ដេច ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា ស្ថិតជាង ៣ទសវត្សមកហើយ។​ សម្ដេចនាយករដ្ឋមន្រ្ដីដែលទទួលបានវីរភាព ៦អាណត្តិមកនេះ បានបន្ដថ្លែងសារម្ដងទៀត នៅថ្ងៃនេះ នៅឯពិធីសម្ពោធទំបន់វារីអគ្គិសនីសេសានពីរ ខេត្ដស្ទឹង ត្រែងនៅចំពោះមុខមហាជនថា សម្ដេចនឹងកម្ទេចក្រុមប្រឆាំងឱ្យអស់ ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ។

សម្ដេចក៏មានប្រសាសន៍បន្ថែមទៀតថា សម្ដេចនឹងមានអាយុជាង ១០០ឆ្នាំ។

ការថ្លែងដូចនេះទំនងសម្ដេចចង់បញ្ជាក់ថា របត់នយោបាយប្រឆាំងនៅកម្ពុជាកំពុងវិវត្តន៍ទៅរកអ្វីដែលសម្ដេចកំពុងគិត តែទាមទារពេលវេលាក្នុងការបំពេញបេសកកម្មបោសសម្អាតក្រុមប្រឆាំងដែលត្រូវការហោចណាស់ ២អាណត្តិទៀត។

ពាក់ព័ន្ធនឹងការថ្លែងរបស់លោកនាយករដ្ឋមន្រ្ដីស្ដីពីអនាគតនយោបាយនៃកម្ពុជាក្នុងរយៈពេល១០ឆ្នាំទៀតនឹងមិនមានក្រុមប្រឆាំង អ្នកវិភាគបញ្ហាសង្គម លោកឯមសុវណ្ណារ៉ា យល់ឃើញ​ថា ជំហរនេះមានការលំបាកនឹងទៅរួចណាស់ដរាបណាមិនអាចធ្វើសមាហរណកម្មទស្សនៈប្រឆាំងចូលជាធ្លុងមួយបាន និង មានភាពជាគម្រូនៃយន្ដការដឹកនាំបាន។

គួរបញ្ជាក់ដែលថាលំហចលនាប្រឆាំងនៅកម្ពុជាមានការប្រែប្រួល ឥតឈប់ឈរ គឺ ក្រោយពីបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយយុត្តាធិការនៃតុលាការកំពូល ដែលមិនអាចចូលរួមក្នុងការបោះឆ្នោតតំណាងរាស្រ្ដនីតិកាលទី ៦កន្លងទៅ ហើយបក្សនានាដែលបានចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ កក្កដាភាគច្រើនបានរួបរួមចូលបង្កើតឱ្យមាន ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់។

តែទោះបីជាយ៉ាងណា ស្ថានភាពអំបិល​រលាយកំពុងត្រូវបានមជ្ឈដ្ឋានអ្នកឃ្លាំមើលសង្កេតថា ភាពរប៉ាក់រប៉ើក ក៏បម្រុងនឹងកករឡើងវិញជារូបរាង តាមរយៈសម្ពាធពីអន្ដរជាតិ ដែលឃើញថា ថ្មីនេះ រដ្ឋសភាអនុម័តវិសោធនកម្មច្បាប់គណបក្សនយោបាយដើម្បី បើកផ្លូវឱ្យមានការធ្វើនយោបាយឡើងវិញចំពោះអ្នកនយោបាយរូបណាដែលត្រូវបានអំណាចនៃសេចក្ដីសម្រេចរបស់តុលាការបញ្ឈប់ ហើយអាចស្នើសុំសិទ្ធិនេះមកវិញបានបានតាមរយៈលោកនាយករដ្ឋមន្រ្ដី។

នៅក្នុងវេទិកាមួយនៅប្រទេសបារាំង​លោកសមរង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិបានដាស់តឿនអ្នកនយោបាយរបស់លោកក្នុងចំណោម ១១៨រូប កុំបោះបង់ចោលគណបក្សសង្គ្រោះជាតិហើយ ធ្វើសំណើសុំសិទ្ធិនយោបាយឡើងវិញទៅនាយករដ្ឋមន្រ្ដី។លោកថា ជនណាដែលមិនតាមលោក គឺជាជនក្បត់បក្សនិង​ក្បត់ឆន្ទៈអ្នកគាំទ្របក្សសង្គ្រោះជាតិ។

គួរឱ្យកត់សម្គាល់ផងដែរថា មកដល់ពេលនេះគេនៅមិនទាន់ឃើញមាន អ្នកនយោបាយណាមួយក្នុងចំណោម ១១៨រូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ មកធ្វើការស្នើសុំទៅកាន់លោកនាយករដ្ឋមន្រ្ដីដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះទេ៕

 

Share

Image
Image
Image