en     km
en     km

កម្ពុជាបន្ថែមថវិកា ៤០ លានដុល្លារទៀតទិញសព្វាវុធទំនើបពីចិន

Share

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែនសម្រេចផ្តល់ថវិកា ៤០លានដុល្លារបន្ថែមទៀតទៀត ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងសមត្ថភាពកងទ័ពរបស់កម្ពុជា។

ការប្រកាសជាសាធារណៈ របស់សម្តេច ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច ទៅពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។ អ្នកវិភាគ ចាត់ទុកថានេះ ជាតម្លាភាពមួយក្នុងការបង្ហាញ ទៅប្រទេសមួយចំនួន។

នៅក្នុងពិធីនោះសម្តេច ហ៊ុន សែន បានបញ្ជាក់ថា ថវិកាទិញសព្វាវុធថ្មី ៤០លានដុល្លារអាមេរិកនេះ គឺបន្ថែមលើទឹកប្រាក់២០០លានដុល្លារ និង៩០លានដុល្លារ កាលពីពេលកន្លងទៅ ដែលកម្ពុជាបានទិញសព្វាវុធពីចិន។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ដោយន័យដើមថា «ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី មកដល់កំពង់សោម អ្នកឯងមើលក៏មើលទៅ ឃើញក៏ឃើញទៅ វាមានស្អី ប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង?»«កាំភ្លើងនៅកម្ពុជាវាចាស់ៗបន្តិចហើយ អញ្ចឹងខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»

ក្នុងពិធីដដែលនេះ លោកនាយករដ្ឋមន្រ្តីបានទាត់ចោលនូវព័ត៌មានដែលចុះផ្សាយដោយកាសែតអាមេរិកថា កម្ពុជាគ្មានភាពចាំបាច់ណាមួយដែលចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ករណីកសាងមូលដ្ឋានទ័ពក្បែរសមុទ្ររាមនោះទេ។

សម្តេចថ្លែងថា៖ «កម្ពុជា គ្មានភាពចំបាច់ដែលត្រូវចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ឲ្យចិន កសាងមូលដ្ឋានទ័ពនោះទេ។ តែខ្ញុំ នឹងទិញអាវុធពីចិន និយាយឲ្យត្រង់ៗអ៊ីចឹងតែម្តងទៅ»។ 

យល់ស្របទៅនឹងការលើកឡើងរបស់សម្តេចនាយក អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា បានប្រាប់តាមរយៈទូរស័ព្ទជាមួយវិទ្យុស្រ្តីថា សម្ដេចនាយករដ្ឋមន្រ្តីប្រកាសជាសាធារណៈអំពីការទិញសព្វាអាវុធទំនើបនេះ គឺជារឿងល្អមានតុល្យភាព ពោលគឺមិនមែនមានន័យថានៅពេលដែលសព្វាអាវុធមកដល់ទើបប្រកាសជាសាធារណៈ។ ម្យ៉ាងបង្ហាញពីកិច្ចការទំនាក់ទំនងយ៉ាងល្អូកល្អើនរវាងកម្ពុជានិងចិនដែលវាជាកត្តាវិជ្ជមាន។

យ៉ាងណាលោកដាក់ក្តីព្រួយបារម្ភថា ការដែលកម្ពុជាទិញសព្វាអាវុធពីចិននេះជះឥទ្ធិពលអវិជ្ជមានលើទំនាក់ទំនងការបរទេស មានន័យថា កម្ពុជាមានទំនោរជ្រុលនិយមទៅលើប្រទេសចិន។

លោក ឯម សុវណ្ណារ៉ាថា៖ ការដែលបំពេញកត្តាសព្វាអាវុធនេះគឺជារឿងល្អហើយ តែវាជះឥទ្ធិពលអវិជ្ជមានមួយទៅលើរឿងនយោបាយការបរទេស ដែលយើងមានទំនោរទៅលើប្រទេសចិនដោយគេដាក់ការសង្ស័យលើកម្ពុជាថាបាត់បង់សុក្រិតភាពរបស់ខ្លួន។

យ៉ាងណាកម្ពុជាកំពុងត្រូវបានសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតដាក់ការសង្ស័យថាអាចនឹងមានមូលដ្ឋានទ័ពជើងទឹកចិននៅផែសមុទ្ររាម ភាគនិរតីនៃប្រទេសកម្ពុជា។

ជាការកត់សម្គាល់ចិន គឺជាអ្នកផ្គត់ផ្គង់អាវុធ ដ៏ធំនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ នៅពេលខ្មែរ​ក្រហមចាញ់​សង្រ្គាម​នឹងកងទ័ពរណសិរ្យពីរធ្នូ ដែលកងទ័ព ជួយរំដោះ គឺប្រទេសចិនក៏នៅតែជា អ្នក​ផ្គត់​ផ្គង់​អាវុធ​ទៅ​អោយទ័ពព្រៃមួយនេះយ៉ាងសកម្ម ដើម្បី វាយទប់ទល់នឹងការដឹកនាំរបស់សម្ដេចហ៊ុនសែន ដែល​សម្ដេច​​កាល​នោះ ជា រដ្ឋមន្ត្រីការបរទេស ហើយ បន្ទាប់មកជាប្រធានក្រុមប្រឹក្សា រដ្ឋមន្ត្រី។ តែ​យ៉ាងណា ពួកទ័ពព្រៃក្រុមនេះ បានរលុតរលាយដោយសារនយោបាយ ឈ្នះៗរបស់ សម្ដេចហ៊ុនសែន៕

Share

Image
Image
Image