en     km
en     km

កម្ពុជាហៅសាររបស់ទូតអាមេរិកថាជាទង្វើវាយប្រហារយ៉ាងគគ្លើន

Share

ក្រុងភ្នំពេញ៖ ក្រសួងការបរទេស កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ចាត់ទុកសាររបស់ទូតអាមេរិកប្រចាំនៅកម្ពុជាដែលបានហៅ ការបោះឆ្នោត សភានីតិកាលទី៦ ថាជាការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ គឺជាអាកប្បកិរិយាខ្វះការទូតដោយ វាយប្រហារយ៉ាងគគ្លើនលើអធិប​តេយ្យកម្ពុជាជាម្ចាស់ប្រទេស។

យ៉ាងណា សង្គមស៊ីវិលយល់ថា សាររបស់អាមេរិកប្រាកដជាមានទិន្នន័យ និង ភស្តុតាងច្បាស់លាស់ចំពោះការបោះឆ្នោតនៅពេលនោះ។

ស្តាប់ការរាយការណ៍របស់លោក សេរី វឌ្ឍនៈ៖

ការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ មិនមានគណបក្សសង្រ្គោះជាតិ ចូលរួមប្រកួតនោះទេ ព្រោះ បក្សប្រឆាំងនេះ ត្រូវបានតុលាការកំពូលរំលាយនៅចុងឆ្នាំ ២០១៧ ដែលអ្នក​សង្កេតការណ៍ ជាតិនិងអន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុប ចាត់ទុកថា

ជា​ព្រឹត្តិការណ៍​រំលាយគូប្រជែងខ្លាំងមួយហើយទុកឱកាសខ្លួនឈ្នះតែឯង ហើយជាការ​បំបាត់​សំឡេងអ្នកគាំទ្របក្សប្រឆាំង។

ក្នុងន័យនេះ ស្ថានទូតអាមេរិក កាលពីថ្ងៃទី៣០កក្កដា បានរំលឹកខួប មួយឆ្នាំ នៃការបោះឆ្នោត​មួយ ដែលទូតមហា​អំណាច​​នេះ ថា​ ការបោះឆ្នោត​នោះ​​មិនផ្អែកលើ​ឆន្ទៈពលរដ្ឋ​ឡើយ​ដោយ​បាន​ទាញ​ប្រទេស​កម្ពុជាងាកចេញ​ពីប្រជាធិបតេយ្យ​មួយមានពហុបក្ស។

https://www.facebook.com/us.embassy.phnom.penh/photos/a.390395653223/10156548549983224/?type=3&theater
អត្ថន័យដើមទាំងស្រុងពីសាររបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា

ដោយប្រតិកម្មដូចនេះ  ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន​ផ្សព្វផ្សាយតាមរយៈអ្នកនាំពាក្យ  កាលពីយប់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ បានចេញ​សេចក្ដីថ្លែងការណ៍ដោយទាត់ចោលសាររបស់ស្ថានទូតអាមេរិក។

សេចក្ដីថ្លែងការណ៍ក្រសួងការបរទេស បានហៅ ទង្វើរបស់ស្ថានទូតអាមេរិកថាជាការវាយប្រហារដ៏គគ្លើន មួលបង្កាច់ឥតឈប់ឈរ ដោយរំលោភលើបទប្បញ្ញាត្តិទាំងឡាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។

https://www.facebook.com/mfaic.gov.kh/posts/1606567769473804
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ

នៅក្នុងសេចក្តីថ្លែងការណ៍កម្រាស់ ២​ ទំព័រនោះបានវាយបកទៅស្ថានទូតអាមេរិកដោយរំលឹកសារជាថ្មីដល់ស្ថានទូតនេះ ពីគោលបំណងតែមួយដែលចែងយ៉ាងច្បាស់ក្នុងមាត្រា ១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលចែងយ៉ាងច្បាស់ថា គោលបំណងតែមួយក្នុងចំណោមគោលបំណងទាំងឡាយដោយផ្អែកលើការគោរពគោលការណ៍នៃសិទ្ធិស្មើភាពគ្នា និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន និងសមស្របទាំងឡាយផ្សេងទៀត ដើម្បីពង្រឹងសន្តិភាពសកល។ សេចក្តីថ្លែងការនេះចាត់ទុកថាជាទង្វើមួលបង្កាច់ឥតឈប់ឈរ។

យ៉ាងណាវិទ្យុស្រ្តីមិនបានទទួលការឆ្លើយតបពីស្ថានទូតអាមេរិកនៅឡើយទេពាក់ព័ន្ធនឹងបញ្ហានេះ។ តែសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅកម្ពុជា បានហៅព្រឹត្តិការណ៍នេះថាជាការបោះឆ្នោតដែលធ្វើឲ្យបាត់បង់ថែមទៀតនូវសមិទ្ធផលរបស់កម្ពុជា ក្នុងការជំរុញឲ្យមានការផ្សព្វផ្សាយនយោបាយជាតិ និង លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១ មក។

យ៉ាងណាក៏ដោយ មន្រ្តីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្រ្តីថា ការការពារពីការវាយប្រហាររបស់ស្ថានទូតអាមេរិកគឺជារឿងត្រឹមត្រូវ។ លោកថា ការសាររបស់ទូតអាមេរិកគ្រាន់តែជាមតិ និង ការគិតពីមជ្ឈដ្ឋានខាងក្រៅ ពោលគឺមានបំណងចង់បំបែកបំបាក់ផ្ទៃក្នុង ហើយបង្ហាញពីទំនោជ្រុលនិយមទៅលើគណបក្សប្រឆាំងទៅវិញ។ 

លោក ហង្ស ពុទ្ធា បន្តថា៖ ការការពាររបស់ក្រសួងការបរទេសគីជារឿងដែលត្រឹមត្រូវ ហើយការបោះឆ្នោតមួយមិនមែនមានន័យថាទាល់តែមានគណបក្សប្រឆាំងចូលរួមបានត្រឹមត្រូវនោះទេ ព្រោះអត់មានបានចែងក្នុងរដ្ឋធម្មនុញ្ញ។

មន្រ្តីអ្នកនាំពាក្យរូបនេះបានចាត់ទុកថាការបោះឆ្នោតកាលពីឆ្នាំ ២០១៨ ជាការបោះឆ្នោតដែលមានភាពត្រឹមត្រូវ លោកថាការបោះឆ្នោតនេះ មិនមែនទាល់តែមានវត្តមានបក្សប្រឆាំងទើបហៅថាត្រឹមត្រូវនោះទេ ព្រោះក្នុងច្បាប់រដ្ឋធម្មនុញ្ញមិនមានចែងនោះទេ ហើយការចូលរួមរបស់ពលរដ្ឋលើសពី  ៨០ ភាគរយផងដែរ។

ផ្ទុយពីការយល់ឃើញរបស់មន្រ្តីនាំពាក្យរូបនេះ លោក កន​ សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេតការរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល យល់ និង ជឿជាក់ថា អ្វីដែលស្ថានទូតអាមេរិកប្រចាំកម្ពុជាលើកឡើងគឺមានភាពត្រឹមត្រូវ និង ភស្តុតាងច្បាស់លាស់។

លោកថា ការបោះឆ្នោតមួយដែលពុំមានគណបក្សប្រឆាំង និង ការបិទសិទ្ធិធ្វើនយោបាយរបស់ថ្នាក់ដឹកនាំ ១១៨ នាក់ រួមទាំងការបាត់បង់សិទ្ធិស្របច្បាប់របស់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងនោះគឺជារឿងមួយដែលគ្រប់ភាគីពាក់ព័ន្ធត្រូវតែពិនិត្យ និង គោរព ដើម្បីឲ្យដំណើការបោះឆ្នោតមួយមានភាពច្បាស់លាស់។

លោក កន សាវាង្ស បន្តថា៖ ការលើកឡើងរបស់អាមេរិកហ្នឹង! មិនមែនគេចេះតែលើកឡើងទេ ប្រាកដជាគេមានភស្តុតាងទិន្នន័យច្បាស់លាស់ហើយ ហើយការបោះឆ្នោតមួយដែរគ្មានគណបក្សប្រឆាំងដែលមហាជនគេទទួលស្គាល់ ហើយគ្មានការគម្រាមកំហែង និង ភាពភ័យខ្លាច ហើយគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមពិនិត្យ និង គោរពទាំងអស់គ្នា

យ៉ាងណា លោកថា ការបោះឆ្នោតមួយដែលមានភាពត្រឹមត្រូវគឺ ជាការបោះឆ្នោតដែលមានការចូលរួមពីគ្រប់គណបក្សនយោបាយដែលអាចទទួលយកបាន ហើយចូលរួមដោយមិនមានការភ័យខ្លាច និង ការគម្រាមកំហែង។

ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្សី ថ្មីៗនេះ បានបង្ហោះខ្លីបវីដេអូ ចាត់ទុកការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ គឺជាការសម្លាប់ និង បំផ្លាញលិទ្ធិប្រជាធិបតេយ្យកម្ពុជា  និង ហៅរដ្ឋាភិបាលកម្ពុជាថាជារបបឯកបក្ស។

 ដោយ ចាត់ទុកលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ជួបគ្រោះថ្នាក់ ដោយពុំមានសំឡេងប្រឆាំងនៅ​ក្នុង​រដ្ឋសភា សហភាពអឺរ៉ុបកំពុងពិចារណាក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយតំណាងរាស្រ្តសហរដ្ឋអាមេរិកក៏កំពុងស្នើច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជាផងដែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនស្តារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

ទោះបីជាមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និង អន្តរជាតិយ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជាចាត់ទុកថាពាក្យសម្តីទាំងនោះ គ្រាន់តែជាការគិត និង មតិ តែប៉ុណ្ណោះ។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងពីទីក្រុងហ្សឺណែវថា បើគ្មាន EBA ក៏កម្ពុជាមិនស្លាប់ដែរ។

ការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ មានគណបក្សចូលរួមប្រកួត ២០គណបក្ស តែ​មានបក្ស ប្រជាជនកម្ពុជាមួយគត់ បានអាសនៈទាង១២៥នៃរដ្ឋសភា អាណត្តិទី៦។ សហគម​ន៍​អន្តរជាតិ ជាពិសេស អាមេរិក និងសហភាពអឺ​រ៉ុប ចាត់ទុករដ្ឋសភាកម្ពុជា ជាសភាឯកបក្ស ព្រោះគ្មានសំឡេង ប្រឆាំង ឬសំឡេងភាគតិចកើតចេញពីការបោះឆ្នោត៕

អត្ថបទដោយ៖ សេរី វឌ្ឍនៈ

Share

Image
Image
Image