en     km
en     km

ភូមា៖ប្រធានាធិបតីលើកបន្ដុបបានចុះចេញពីតំណែងក្រោមហេតុផលសុខភាព

Share

លោក ទិន ខ្យាវ ដែលជាប្រធានាធិបតីលើកបន្ដុបដោយលោកស្រីអុង សានស៊ូជី បានសម្រេចលាលែងពីតំណែង កាលពីថ្ងៃពុធទី២០មីននា ក្រោមហេតុផលសុខភាព ដែលអ្នកសង្កេតការណ៍ចាត់ទុកថា ​លោក ខ្យាវ មិនចង់ជាប់ឈ្មោះ ជាមេដឹកនាំជាប់ទាក់ទិន នឹងការបង្រ្កាបសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា។

លោក ទិន ខ្យាវ បានចូលកាន់តំណែង តាមរយៈការជ្រើសតាំងពីសមាជិកសភា នៅឆ្នាំ២០១៦ ប៉ុន្តែ អ្នកនយោបាយភូមាអាយុ៧១ឆ្នាំរូបនេះ ជាមេដឹកនាំភូមាដែលមានសិទ្ធិមិនច្រើនទេ ដោយអំណាច​និងសិទ្ធិសម្រេច ទាំងឡាយស្ថិតនៅក្រោមក្រុមប្រឹក្សារដ្ឋដឹកនាំដោយលោកស្រី អុង សានសូជី។

លោក ទិន ខ្យាវ ពុំសូវមានវត្តមាននៅក្នុងព្រឹត្តិការណ៍ធំៗរបស់ជាតិទេ។គេសង្កេតឃើញតែ លោកស្រី អុងសានសូជី។ តែយ៉ាងណាក៏ដោយ លោក ទិន ខ្យាវ និងលោកស្រីសូជី គឺមិត្តភក្ដីនឹងគ្នាតាំងពីនៅរៀនវិទ្យាល័យ និងធ្វើនយោបាយប្រឆាំងរបបសឹក។

លោក ទិន ខ្យាវ ចុះចេញពីតំណែងចំពេលប្រទេសនេះមានវិបត្តិធ្ងន់ធ្ងរដោយសារពួកកងទ័ព វាយបង្រ្កាបលើសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា ដែលនាំឱ្យ មានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរ និងមនុស្សស្លាប់ជាច្រើនពាន់នាក់ ។ សហគមន៍អន្តរជាតិបានថ្កោលទោស យ៉ាងខ្លាំង។ 

លោក Zaw Htay អ្នកនាំពាក្យរដ្ឋាភិបាលដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានThe Guardian  បាននិយាយថា លោក ទិន ខ្យាវ ពិតជាបានចុះចេញពីតំណែងដោយសាររឿងសុខភាព។

ស្របពេលនេះ ដែរ លោក Win Myint ប្រធានរដ្ឋសភាមកពីបក្សកាន់អំណាចរបស់លោកស្រី អុង សានសូជីក៏បានលាលែងពីតំណែងដែរនៅពេលដំណាលគ្នានឹងលោកលោក ទិន ខ្យាវ។

ការចុះពីតំណែងរបស់អ្នកនយោបាយជើងចាស់ទាំងពីររូបនេះ នាំឱ្យមានការភ្ញាក់ផ្ញើលជាខ្លាំង ។

ក្រុមអ្នកសង្កេតការណ៍ចាត់ទុកថា ការលាលែងពីតំណែងរបស់អ្នកទាំងនេះថាជាសញ្ញានៃការមិនចុះសម្រុងគ្នារវាង ក្រុមប្រជាធិបតេយ្យនិងក្រុមយោធា។ 

សូមជម្រាបថា ប្រទេសភូមា សព្វថៃ្ងនេះ បើទោះបីដឹកនាំដោយ ក្រុមអ្នកប្រជាធិបតេយ្យក៏ដោយ តែអំណាចសន្តិសុខជាតិទាំងមូលស្ថិតនៅលើពួកយោធាដែលមានអំណាចនៅក្នុងសភានៅឡើយ៕

Share

Image
Image
Image