en     km
en     km

យុវជនទទួលបានបទពិសោធន៍ថ្មីបន្ទាប់ពីចូលរួមវេទិកាសាធារណៈស្តីពីស្រ្តីនិងភាពជាអ្នកដឹកនាំ

Share

កំពង់ធំ៖ អ្នកចូលរួមប្រមាណ ៥០នាក់ ដែលភាគច្រើនជាស្រ្តីមេផ្ទះ យុវតី និងសិស្សានុ សិស្ស បានលើកឡើងថា ពួកគេសប្បាយចិត្ត និងទទួលបានចំណេះដឹង បទពិសោធន៍ល្អៗពីសំណាក់វាគ្មិន បន្ទាប់ពីពួកគេបានចូលរួមវេទិកាសាធារណៈ ស្តីពី ស្រ្តី និង ភាពជាអ្នកដឹកនាំ។

ទិដ្ឋភាពអ្នកចូលរួមក្នុងវេធិកាសាធារណៈ។

មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ ​បានរៀបចំវេទិ កាសាធារណៈ ស្តីពី ស្រ្តី និងភាពជាអ្នកដឹកនាំ នៅទីតាំងផ្ទះខ្មែរ(Khmer Home Stay) ស្ថិតក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អ្នកចូលរួមមានប្រជាពលរដ្ឋ សិស្សានុសិស្ស គ្រូបង្រៀន និងមន្រ្តីឃុំផងដែរ។

វេទិកាសាធារណៈនេះ មានការចូលរួមពីប្រជាពលរដ្ឋ គ្រូបង្រៀន សិស្សានុសិស្សប្រមាណ ៥០នាក់ រួមទាំងវាគ្មិនចំនួនបួនរូប គឺ លោកស្រី ហាក់ ពុទ្ធិតុសិតា អភិបាលរងស្រុកបារាយណ៍ លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា កញ្ញា ណារ៉ា សុខេមា សាស្រ្តាចារ្យសាកលវិទ្យាល័យ និងជាអ្នកប្រឹក្សាគម្រោងអប់រំ និងកញ្ញា យ៉ាង លាភា មន្រ្តីនៃអង្គការតម្លាភាពកម្ពុជា។

លោកស្រី អ៊ុង ច័ន្ទថុល កំពុងថ្លែងទៅកាន់អ្នកចូលរួម(រូបឈរ) លោកស្រី ហាក់ ពុទ្ធិតុសិតា (អង្គុយខាងឆ្វេង) កញ្ញា យ៉ាង លាភា (អង្គុយខាងឆ្វេងបន្ទាប់)និងកញ្ញា ណារ៉ា សុខេមា(អង្គុយខាងស្តាំ)។អ្នកទាំងបួនជាវាគ្មិនក្នុងកម្មវិធីនេះ។

ក្នុងកម្មវិធីនេះ វាគ្មិនទាំងបួនរូបបានលើកឡើងនូវបទពិសោធន៍ជីវិត ការតស៊ូ ជម្នះនូវរាល់ឧបសគ្គ និងពាក្យបន្ទច់បង្អាក់នានា ពិសេសខិតខំសិក្សារៀនសូត្របានជ្រៅជ្រះ រហូតមានការងារតួនាទី និងឋានៈខ្ពស់ក្នុងសង្គម។ ជាងនេះទៀត វាគ្មិនទាំងបួនរូបសុទ្ធសឹងជាស្រ្តី ក៏បានចែករំលែកវិធីសាស្រ្ត និងព័ត៌មាននានា ដើម្បីឱ្យស្រ្តីៗពិសេសយុវតីវ័យក្មេងដែលបានចូលរួម ប្រឹងប្រែងរៀនសូត្រ ចេះចាប់យកឱកាសអភិវឌ្ឍន៍ខ្លួន ជម្នះឱ្យបាននូវផ្នត់គំនិតដែលថា ស្រ្តីបង្វិលចង្ក្រានមិនជុំ។ 

កញ្ញា យ៉ាង លាភា មន្រ្តីនៃអង្គការតម្លាភាពកម្ពុជា កំពុងចែករំលែកបទពិសោធន៍ទៅកាន់អ្នកចូលរួម។

យុវសិស្ស យឹម ដាណែត ជាអ្នកចូលរួមបានសម្តែងចំណាប់អារម្មណ៍របស់ថា រូបគេបានទទួលនូវបទពិសោធន៍យ៉ាងច្រើនពីការចែករំលែកផ្ទាល់របស់វាគ្មិនទាំង ៤រូប ដែលធ្វើឱ្យខ្លួនមានទំនុកចិត្តជាងមុន។ជាងនេះបានទទួលនូវចំណេះដឹងថ្មីៗ បានដឹងពីស្រ្តីខ្មែរមួយចំនួនដែលអាចជម្នះផ្នត់គំនិតចាស់ៗ ដែលថាស្រ្តីមិនឱ្យរៀនច្រើនដូចបុរស( ស្រ្តីបង្វិលចង្ក្រានមិនជុំ  ) និងគន្លឹះតស៊ូរបស់វាគ្មិន។

អ្នកចូលរួមបានថ្លែងចំណាប់អារម្មណ៍ក្រោយទទួលបានបទពិសោធន៍ ចំណេះដឹង ពីវាគ្មិន។

អ្វីពិសេសជាងនេះ យុវតី ដាណែត ឱ្យដឹងថា រូបគេចាប់អារម្មណ៍នូវពាក្យពេចន៍ជំរុញស្មារតីរបស់វាគ្មិនត្រង់ចំណុច ទោះបីជាកូនស្រីក៏ត្រូវជម្នះរៀន មិនបោះបង់ រកការងារស្ម័គ្រចិត្តធ្វើដើម្បីទទួលបានបទពិសោធន៍ការងារជាដើម។ មួយទៀត ដាណែត អាចយល់ដឹងពីគន្លឹះល្អដើម្បីអាចរៀនសូត្របានពិន្ទុល្អ អាចទៅរៀនក្រៅប្រទេស និងយល់ដឹងពីសារៈ សំខាន់ភាពចាំបាច់នៃការចេះភាសាអង់គ្លេស ពិសេសភាពជាអ្នកដឹកនាំ។

អ្នកចូលរួមមានឳកាសលើកជាសំនួរ មតិយោបល់ទៅកាន់វាគ្មិនផងដែរ។

សូមបញ្ជាក់ថា កម្មវិធីវេទិកាសាធារណៈ ស្តីពី ស្រ្តី និងភាពអ្នកដឹកនាំនេះ រៀបចំដោយ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ក្រោមការឧបត្ថម្ភថវិកាដោយ អង្គការតម្លាភាពកម្ពុជា និងជំនួយពលរដ្ឋអាមេរិក៕

ខាងក្រោមនេះជារូបភាពខ្លះៗក្នុងសកម្មភាពរៀបចំវេទិកាសាធារណៈ៖

លោកស្រី ហាក់ ពុទ្ធិតុសិតា អភិបាលរងស្រុកបារាយណ៍ ថ្លែងទៅកាន់អ្នកចូលរួម។
កញ្ញា យ៉ាង លាភា មន្រ្តីនៃអង្គការតម្លាភាពកម្ពុជា កំពុងចែករំលែកបទពិសោធន៍ទៅកាន់អ្នកចូលរួម។
កញ្ញា ណារ៉ា សុខេមា សាស្រ្តាចារ្យសាកលវិទ្យាល័យ និងជាអ្នកប្រឹក្សាគម្រោងអប់រំ ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននិងគន្លឹះល្អទាក់ការសិក្សាជូនទៅអ្នកចូលរួមផងដែរ។
អ្នកចូលរួមបានលើកឡើងជាសំនួរ ការយល់ឃើញក្នុងកម្មវិធី។

អត្ថបទខ្លីសរសេរដោយ គុណ ស្រីណាក់ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image