en     km
en     km

សង្គមស៊ីវិលអំពាវនាវសុំអោយទប់ស្កាត់ការរើសអើង ខណៈកម្មករ​ក្នុងតំបន់​បិទ​ខ្ទប់​សុំជំនួយ​មនុស្សធម៌

Share

អង្គការសង្គមស៊ីវិលជាង ២០ ស្ថាប័នចេញសេចក្ដីថ្លែងការណ៍រួមដោយ​អំពាវនាវសុំឲ្យអាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​ការ​រំលោភបំពានផ្លូវ​ភេទ ការរើសអើង និង​អំពើហិង្សា ក្នុង​អំឡុង​ធ្វើ​ចត្តាឡីស័ក​និង​នៅ​តំបន់​បិទខ្ទប់។​​ សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នទាំងនោះកាល ពីថ្ងៃទី១៧ ខែមេសា ។

សេចក្តីថ្លែងការណ៍របស់ អង្គការសង្គមស៊ីវិល សង្កេតឃើញ​ថា ការធ្វើ​ចត្តាឡីស័ក​អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​ផល​វិបាក​ផ្លូវ​ចិត្ត​និង​ផល​រំខាន​នានា​ដែលជា​ហេតុនាំ​ឲ្យមានការ​កើន​ឡើង​នៃ​អំពើ​ហិង្សា ការរំលោភ​បំពាន​ផ្លូវ​ភេទ លើស្ត្រី​និង​កុមារ។​

សេចក្តី​ថ្លែងការណ៍​​ប្រាប់​ថា ស្ត្រី ​កុមារ ​និង​ក្រុមអ្នកប្តូរភេទ គឺ​ជា​ក្រុម​ដែលងាយ​រងគ្រោះជាង​គេ។

ភាពតានតឹង​របស់​​ឪពុកម្តាយ​ដែល​គ្មាន​ប្រាក់​ចំណូល​និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​បណ្តាល​ឲ្យ​ឪពុកម្តា​យប្រើអំពើហិង្សា​លើកូន។ ចំណែកកុមារ​វិញ ក៏ប្រឈម​នឹង​សម្ពាធផ្លូវចិត្ត ធុញថប់ ដោយសារពួកគេ​មិនអាច​ចេញ​ក្រៅផ្ទះ​ និង​ទៅ​រៀន​សូត្រ​តាមសាលារៀនដូចមុន។

ក្នុងន័យនេះអង្គការ​សង្គមស៊ីវិល ទទូចដល់​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់​ សូមយកចិត្តទុកដាក់​ដោយ​បង្កើន​យន្តការ​ច្បាស់លាស់​ក្នុងការ​ឆ្លើយតប​ក្នុង​ករណី​អំពើហិង្សា​ផ្តល់​អាទិភាព​ដល់​ស្ត្រី​និង​កុមារ ដើម្បី​ស្វែងរក​និង​ផ្តល់​ទីតាំង​មានសុវត្ថិភាព​ដល់​ពួកគេ​នៅពេល​ផ្ទះពួកគេ​គ្មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ចត្តាឡីស័ក។

បន្ត​ធានា​ឲ្យ​មាន​ទីធ្លា​សុវត្ថិភាព​និង​ឯកជន​ភាព​គ្រប់គ្រា​ន់​ សំរាប់​អ្នក​ធ្វើចត្តាឡីស័ក​រួម ដូចជា​កន្លែង​គេង​ដែល​កំណត់​ដោយ​ស្ត្រី បុរសម្នាក់ៗ​និង​ក្រុម​គ្រួសារជាដើម។​

ក្រៅពីនេះ អង្គការសង្គមស៊ីវិល បានសុំអោយ​អាជ្ញាធរ​បង្កើន​ការ​ផ្សព្វផ្សា​យនិង​មាន​វិធានការ​តឹងរឹង ដោយស្នើអោយ ​បង្កើ​ត​វិធីសាស្ត្រថ្មីៗ​ ក្នុងការ​បង្កើន​ការគាំទ្រ​នានា​ដើម្បី​អាច​ជួយ​ទប់ស្កាត់​អំពើ​ហិង្សា ការរំលោភ​បំពាន ការលុប​បំបាត់​ការរើសអើងនិងការប្រមាថជាដើម។

ក្នុងន័យនេះទៀត អង្គការសង្គមស៊ីវិល បានផ្ដល់អនុសាសន៍ ដល់រដ្ឋាភិបាល​ក្នុងការលើកទឹកចិត្ត​និង​គាំទ្រ​កិច្ចសហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ដែល​ជាដៃ​គូ​អភិវឌ្ឍន៍​និង​ក្រុមហ៊ុន​ឯកជន​ជាដើម។

ក្នុងអំឡុងបិទខ្ទប់ក្រុងភ្នំពេញ  គេសង្កេតឃើញកម្មករ និង​ពលរដ្ឋ ស្នាក់​នៅ​តាម​បន្ទប់​ជួល​ច្រើន​រយ​នាក់  ​អំពាវនាវសម ​អំណោយ​ពី​អាជ្ញាធរ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​ពេល​ពួកគេ​រង​ការ​បិទ​ខ្ទប់​មិន​ឱ្យ​ធ្វើដំណើរ ។

អាជ្ញាធរ​ខណ្ឌ​ទាំង​២ បាន​បិទ​ខ្ទប់​កម្មករ​ច្រើន​ម៉ឺន​នាក់ ឱ្យ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជិត​ដប់​ថ្ងៃ។ កម្មករ​និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ខ្លះ ឱ្យ​ដឹង​ថា​អ្នកខ្លះ ចាប់ផ្ដើម​អស់​លុយ​ទិញ​ម្ហូប និង​គ្មាន​អង្ករ​ហូប​បណ្ដើរៗ​ហើយ។

កម្មការិនី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​ឌីនឡាក់ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​កញ្ញា នី សុគន្ធ ប្រាប់​ថា កម្មករ​មិនអាចចេញទៅក្រៅបានហើយខ្វះខាតទៀតផង ​ទើប​នាំគ្នា​តវ៉ា​។

កញ្ញា​បន្តថា អាជ្ញាធរ​បាន​បិទ​ខ្ទប់​កម្មករ​និង​អ្នក​រស់នៅ​តាម​បន្ទប់​ជួល តាំងពី​ថ្ងៃទី៩ មេសា ហើយ​ជាង​មួយ​សប្ដាហ៍​មក​នេះ គ្មាន​នរណា បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​រដ្ឋ​នោះ​ទេ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​បិទ​ខ្ទប់​បរិវេណ​នោះ​ទាំងស្រុង​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ចេញ​ក្រៅ​បរិវេណ​នៃ​ម្ដុំ​បន្ទប់​ជួល​បានទេ ។

កញ្ញា​បន្ត​ថា កម្មករ​ទាំងអស់​អាច​ទិញ​ម្ហូបអាហារ​បានតែ​នៅ​ខាងក្នុង​បរិវេណ​នៃ​ម្ដុំ​បន្ទប់​ជួល​ទេ ហើយ​មាន​អ្នកលក់​ម្ហូប ចូល​មក​លក់​ដល់​ក្នុង​នោះ តែ​បន្លែ សាច់ ថ្លៃ​ជាង​នៅ​ផ្សារ។

កម្មករ​តាម​រោងចក្រ​នានា និង​អ្នក​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល នៅ​ចន្លោះ​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ជួបជុំ​នាំគ្នា​តវ៉ា​ក្នុង​បរិវេណ​បន្ទប់​ជួល នៅ​ម្ដុំ​ផ្លូវ​វេងស្រេង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មេសា ។

បើទោះជាយ៉ាងណា អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​មក​សម្របសម្រួល និង​សន្យា​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​នេះ ក្នុង​ចន្លោះ​ពីរ ទៅ​បី​ថ្ងៃ​ទៀត។ គេពុំដឹងថា មានកម្មករប៉ុន្មាននាក់នោះទេ ដែល បាន​អំពាវនាវដូចនេះ ​ប៉ុន្តែនៅសង្កាត់ខ្លះ ក្នុងតំបន់រាំងខ្ទប់ក្នុងរាជធានីភ្ន​ពេញ ​ក៏ត្រូវបានអាជ្ញាធរបាន​ចែក​អំណោយ​ដែរ ហើយក្នុងនោះមានកម្មករស្នាក់នៅបន្ទប់ជួលផងដែរ។​ អំណោយមានដូចជា អង្ករ២០គីឡូ​ក្រាម មីមួយកេះ ត្រីខ២០កំប៉ុង និងថវិកា ៣០ម៉ឺនរៀល​។សម្រាប់អង្ករនិងថវិកា​៣០ម៉ឺនរៀល​ដាក់​ក្នុង​ស្រោប​សំបុត្រ ដោយសរសេរថាជាអំណោយរបស់សម្ដេចហ៊ុន​សែន៕

Share

Image
Image
Image