ក្រុមអង្គការ-សមាគម សហជីព និងសហគមន៍មូលដ្ឋាន បានចេញសេចក្ដីថ្លែងការណ៍រួមដោយទាមទារឲ្យផ្អាកបង់សងប្រាក់កម្ចី និងប្រាក់បង្គរទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាររយៈពេល ៣ខែក្នុងពេលពួកគាត់ជួបផលលំបាកក្នុងស្ថានភាពកូវិដ។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល បានឱ្យដឹងថា វិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត និងសំណង់ បានរងគ្រោះខ្លាំងជាងគេ ។
តាមរបាយការណ៍របស់សេចក្ដីថ្លែងការណ៍ វិស័យទាំងនេះបានផ្ដល់ការងារដល់ស្ត្រីរាប់សែននាក់ ហើយស្ត្រីប្រមាណ ៧៥ភាគរយ បានខ្ចីប្រាក់ពីធនាគារ។ ជាមួយគ្នានេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក៏បាត់បង់ប្រាក់ចំណូលផងដែរនាំអោយជីវភាពពួកគាត់ធ្លាក់ចុះ។ ដោយបណ្ដាលមកពីកម្ចីឥណទានខ្នាតតូចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានប៉ះពាល់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋហើយអ្នកខ្ចីប្រាក់អាចនឹងបាត់បង់ដីធ្លី ដោយសារការបង្វិលការប្រាក់និងប្រាក់ដើមពុំទាន់ពេលវេលា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការ-សមាគម សហជីព និងសហគមន៍មូលដ្ឋានមានជាង១០០ស្ថាប័ន។
សេចក្ដីថ្លែងការណ៍បានបន្តទៀតថា ការធ្វើអត្តឃាតដោយសារបញ្ហាបំណុល និងការប្រើអំពើហិង្សាក្នុងគ្រួសារបានកើតឡើងជាបន្តបន្ទាប់ ដោយសារការតានតឹងផ្លូវចិត្ត បណ្ដាលមកពីប្រាក់បំណុល និងវិបត្តិហិរញ្ញវត្ថុ។
អំឡុងពលរដ្ឋធ្លាក់ចុះជីវភាព ប្រចាំថ្ងៃដោយសារកូវិដ មជ្ឈដ្ឋានផ្សេងៗគ្នា បានអំពាវនាវឱ្យរដ្ឋាភិបាលជួយសម្រាលបន្ទុក។ ក្នុងហេតុផលនេះ ខាងរដ្ឋាភិបាល ក៏បានប្រកាសដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ អោយជួយទទួលបន្ទុកសេដ្ឋកិច្ចខ្លះដល់ប្រជាពលរដ្ឋ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ក្នុងបទសម្ភាសមួយជាមួយវិទ្យុមួយ លោកបានអះអាងថា រដ្ឋាភិបាលមិនអាចធ្វើតាមការណែនាំរបស់អង្គការសង្គមស៊ីវិលនេះបានទេ ដែលលោកថា កម្ពុជាជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី ដែលមានការប្រកួតប្រជែង។ ប៉ុន្តែលោកបញ្ជាក់ថា ក្នុងស្ថានភាពនេះ គឺកូនបំណុលនឹងម្ចាស់បំណុលគួរពិភាក្សាគ្នាព្រោះការខ្ចីបុលជាមួយធនាគារ គឺជារឿងឯកជនភាពរបស់គ្រួសារនីមួយៗ។
ការស្ទាបស្ទង់មួយដោយក្រុមហ៊ុនពិគ្រោះយោបល់ឈ្មោះ Angkor Research ដែលបានចុះជួបមួយមេភូមិ៥៤នាក់ និងពលរដ្ឋ១ ០០០គ្រួសារ បានឱ្យដឹងថា ពលរដ្ឋកម្ពុជា៤៥%ក្នុងចំណោមអ្នកដែលផ្តល់សម្ភាស បានធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងភាពក្រីក្រក្នុងចន្លោះខែមករានិងខែមេសា នៅឆ្នាំ២០២០
ខណៈដែលម្នាក់ក្នុងចំណោមប្រាំបីនាក់ ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ ដូចជាសត្វពាហនៈ គ្រឿងយន្តកសិកម្ម និងដីធ្លី ជាដើមដើម្បីយកប្រាក់សងម្ចាស់បំណុល។
ចំពោះបំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋាភិបាលកម្ពុជាជំពាក់ដៃគូបរទេស បានកើនឡើង ជិត ៩ ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២០។
ឯកសារបង្ហាញអំពីទិន្នន័យនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា «សន្និធិបំណុលសាធារណៈក្រៅប្រទេស» ដែលរដ្ឋនៅជំពាក់ដៃគូបរទេស បានឡើងដល់កម្រិត ៨៨៥៩ លានដុល្លារអាមេរិក មកទល់នឹងដំណាច់ខែធ្នូ ឆ្នាំ២០២០៕