en     km
en     km

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

Share

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ្យបុត្រធីតាមានសុខភាពល្អ ហើយឆ្លងកាត់ការសម្រាលប្រកបដោយសុវត្ថិភាពទាំងខ្លួនជាម្តាយ និងកូន។ ស្ត្រីមានផ្ទៃពោះតែងតែមានការបារម្ភនៅពេលដែលខ្លួនជិតដល់ពេលសម្រាល ជាពិសេសស្ត្រីមានផ្ទៃពោះដែលកូនមានទម្រង់បញ្ច្រាសជើង ឬនិយាយឱ្យងាយយល់កូននៅក្នុងពោះកំពុងបញ្ច្រាសជើង ហើយបញ្ហាកើតមានចម្ងល់ជាច្រើនសម្រាប់ម្តាយ។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាសជើង?
បើតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយចេញមុនគេមានជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកតាមក្រោយទៅវិញ។ ជាទូទៅ ស្ត្រីមានផ្ទៃពោះទាំងអស់មានទម្រង់បែបនេះត្រឹមតែ ៣% ទៅ ៤% តែប៉ុណ្ណោះ។

យ៉ាងណាមិញ មូលហេតុដែលស្ត្រីមានផ្ទៃពោះទម្រង់កូនបញ្ច្រាស មានដូចជា៖ កូនក្នុងផ្ទៃមិនគ្រប់ខែ កូនភ្លោះ ឬកូនមិនគ្រប់លក្ខណៈ។ ម្យ៉ាងទៀតស្រ្តីមានទឹកភ្លោះច្រើនលើសលប់ ឬមានទឹកភ្លោះតិចពេក សុកពាំងមាត់ស្បូន ទងសុកខ្លី ឬទងសុករុំកទារក។ មូលហេតុម្យ៉ាងទៀត បណ្តាលមកពីស្រ្តីដែលកំពុងពរពោះមានដុំនៅស្បូនឬដុំនៅដៃស្បូន ស្រ្តីធ្លាប់មានកូនច្រើនដងរួចហើយ និងស្រ្តីមានឆ្អឹងត្រគាកមិនប្រក្រតី។ ចំណែកឯករណីខ្លះក៏គ្មានមូលហេតុច្បាស់លាស់ផងដែរ ។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

តាមមន្ទីរពេទ្យកាល់ម៉ែតដដែលបានបង្ហាញពីរបៀបដែលស្ត្រីមានផ្ទៃពោះអាចដឹងបានថាកូនកំពុងមានស្ថានភាពទម្រង់បញ្ច្រាស នោះគឺម្តាយអាចដឹងតាមរយៈ ការស្ទាបពោះ ការស្តាប់ចង្វាក់បេះដូងទារកដែលស្ថិតនៅផ្នែកខាងលើនៃផ្ចិតម្តាយ ឬដោយការពិនិត្យអេកូសាស្ត្រ និងការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិច។

ចំពោះបញ្ហានេះ តើស្ត្រីមានផ្ទៃពោះដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើបែបណា? តើគួរធ្វើការវះកាត់ ឬសម្រាលតាមធម្មជាតិ?

នាងកញ្ញា លោក លោកស្រី តទៅយើងនឹងលើកយកនៅវីធីសម្រាលសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានទម្រង់កូនបញ្ច្រាសជើងដូចតទៅ៖
ចំពោះស្ត្រីមានផ្ទៃពោះ ដែលមានទម្រង់កូនបញ្ច្រាសទាំងឡាយ អាចធ្វើការសម្រាលតាមធម្មជាតិបានលុះត្រាតែ ស្រ្តីជាម្តាយមានអាងត្រគាកទូលាយល្អ និងរាងកាយមិនធាត់ខ្លាំង ស្រ្តីនោះមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន ស្ត្រីគ្មានជំងឺផ្ទាល់ខ្លួនដែលអាចមានកម្លាំងប្រឹងក្នុងពេលសម្រាល និងស្រ្តីគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ ឬស្រ្តីដែលគ្មានសុកពាំងមាត់ស្បូន។

 

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

 

សម្រាប់ទារកវិញ ត្រូវប្រាដកថាមានទំងន់ខ្លួនចន្លោះពី២គីឡូកន្លះ(២៥០០g) ទៅជិត ៤ គីឡូក្រាម (៣៨០០g)។ ចំណែកទំហំក្បាលវិញគឺមិនត្រូវមានទំហំធំខ្លាំង និងមិនងើយខ្លាំងពេកទេ។ មួយទៀត ទារកនៅក្នុងពោះមិនត្រូវមានសញ្ញាថាខ្សោយ ទារកមិនគ្រប់ខែខ្លាំង និងមិនមានការបែកទឹកភ្លោះយូរមុនឈឺពោះសម្រាល។ ស្រ្តីត្រូវមានការយល់ព្រមពីសមាជិកគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិនេះ។

ជាចុងក្រោយ មន្ទីរពេទ្យកាល់ម៉ែតអំពាវនាដល់ស្រ្តីមានផ្ទែពោះគ្រប់រូប គប្បីទៅពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ និងត្រឹមត្រូវ ព្រោះការធ្វើបែបនេះ អាចបញ្ចៀសបាននូវបញ្ហានានា និងនាំមកនូវសុខភាពល្អដល់ម្តាយ និងទារក៕

Share

Image
Image
Image