en     km
en     km

ថ្ងៃស្អែកនេះនឹងមានសមរាត្រីគឺព្រះអាទិត្យរះចំលើកំពូលប្រាសាទអង្គរ

Share

នៅថ្ងៃស្អែកថ្ងៃទី២១ ខែមីនា ជាសមរាត្រីរដូវប្រាំង។ពេលមានសមរាត្រី ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។ នេះបើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាបញ្ជាក់។
លោក ឡាក់ ច័ន្ទតារា ជូននូចសេចក្ដីរាយការណ៍៖

សមរាត្រី កើតមានឡើង ២ ដងរៀងរាល់ឆ្នាំ ដោយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះជាសមរាត្រីរដូវប្រាំង។ ចំណែកនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខជាសមរាត្រីរដូវវស្សា។ សមរាត្រី គឺជាការវាស់វែងរវាងថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។


អភូតហេតុដ៏អស្ចារ្យនៃសមរាត្រីក្នុងប្រទេសកម្ពុជានេះ មាននៅព្រលឹមស្រាងៗនាពេលព្រះអាទិត្យបានរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌលើពិភពលោក។ សមរាត្រីនៅរដូវប្រាំងត្រូវបានអ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី លើកឡើងថា ទាក់ទងដល់ទំនៀមខាងព្រហ្មណៈ និងមានពិធីធំៗជាច្រើនផងនៅសម័យអង្គរ។ បុរាណវិទូរូបនេះបានរំលេចថាពិធីទាំងនោះ មិនបានបន្ដរៀបចំដល់សម័យបច្ចុប្បន្ននេះទេ នាំឱ្យបាត់ដានឈឹងតែម្ដង។
លោក សុខរិទ្ធី ពន្យល់ពីរឿងរ៉ាវ ៤ យ៉ាងទាក់ទងនិងសមរាត្រីនៃទំនៀមខាងព្រាហ្មណ៍ថា ទី១ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្វពិធីបុណ្យមួយយ៉ាងធំ។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀង រាំ យ៉ាងត្រេកអរ ដោយយកម្សៅពណ៌មកបាច និងលាបដាក់គ្នាទៅវិញទៅមក ដើម្បីអបអរសារទជ័យជំនៈរបស់ព្រះនរាយណ៍ដែលបានតំណែងខ្លួនជាអវតារមានទម្រង់ជានរសឹង្ហ បានសម្លាប់យក្សកំណាចដ៏ធំមួយបានបំផ្លាញផែនដីមានឈ្មោះថា ហិរណ្យកស៊ីពុ។
ទី២ លោកថាព្រឹត្តិការណ៍សមរាត្រីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជំនះរបស់ព្រះនរាយណ៍ដែរ គឺព្រះគ្រឹស្ណដែលជាអវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកំចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍ ប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។


ចំណែកទី៣ ក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះឥសូរ និងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា “អឌ្ឍនារីស្វរ”។ ខ្មែរបុរាណនិយមបដិមានេះជាខ្លាំង ដែលបដិមានេះ មាននៅមុនសម័យអង្គរ និងសម័យអង្គរ។ នេះបើតាមការបញ្ជាក់ពីបុរាណវិទូដដែល។
ចុងក្រោយទី៤ លោកថា ចំពោះប្រពៃណីធ្វើយោគៈ នៅថ្ងៃសមរាត្រីរដូវប្រាំង គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគៈ ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ ពីការធ្វើយោគៈ ជាងវេលាណាៗទាំងអស់។


យ៉ាងណាអាជ្ញាធរជាតិអប្សរា ធ្លាប់បានលើកឡើងចំពោះហេតុការណ៍សមរាត្រីដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តថា ជាអច្ឆរិយនៃប្រាសាទ ដែលសាងសង់ឡើងដោយគួបផ្សំនិងទ្រឹស្ដី គណិតសាស្ដ្រ វិសកម្ម និងតារាសាស្ដ្រ៕

Share

ព័ត៌មានទាក់ទង

Image