អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺមួយ ក្រោយសារព័ត៌មានខេមបូចា (CamboJANews) បានផ្សាយព័ត៌មានមួយជុំវិញការបិទ ដោយចោទថា ជាការផ្សាយព័ត៌មានខុសពីការពិត។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានទាមទារឱ្យខេមបូចា កែតម្រូវអត្ថបទខ្លួនជាបន្ទាន់ ហើយក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ ក្រសួងព័ត៌មាន នឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន។ លោក គីម ចាន់ចាវ រាយការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញការមិនពេញចិត្តចំពោះសារព័ត៌មានខេមបូចា (CamboJANews) ដែលអះអាងថា សារព័ត៌មាននេះ មិនបានបំពេញតួនាទីត្រឹមត្រូវដូចការអះអាងពីឯករាជ្យភាពរបស់ខ្លួននោះ។ ពួកគេអះអាងថា សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្ត តួនាទីភាកិច្ចរបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង ក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចំណងជើងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» ដែលអាចមានន័យថា «ក្រសួងព័ត៌មាន ដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន៣ បន្ទាប់ពីមានរបាយការណ៍ស្តីពីតួនាទីមន្ត្រីជាន់ខ្ពស់ក្នុងការក្លែងបន្លំដីធ្លី»។ ក្រសួងថា សារព័ត៌មានខេមបូចា បានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសមួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង ០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
ការកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារក្នុងកិច្ចសម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍ នៃក្រមសីលធ៌មវិជ្ជជីវៈសារព័ត៌មាន ដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។
វិទ្យុស្ត្រីមិនអាចទាក់ទងលោក ណុប វី នាយកប្រតិបត្តិសារព័ត៌មានខេមបូចា ដើម្បីបំភ្លឺបានទេនៅល្ងាចថ្ងៃទី២០ ខែមីនានេះ ដោយទូរសព្ទហៅចូលប៉ុន្តែគ្មានអ្នកទទួល។
ករណីនេះ ក្រសួងព័ត៌មានក៏បានលើកពីកំហុសចាស់របស់ខេមបូចា កន្លងមកផងដែរ ដោយថាករណីខាងលើ ពុំមែនជាករណីលើកទីមួយនោះទេ ដែលសារព័ត៌មាននេះបានប្រព្រឹត្តិខុសឆ្គង។
ទោះយ៉ាងណា កាលពីចុងឆ្នាំ២០២២ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) បានចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនស្ដីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជាថា សេរីភាពសារព័ត៌មាននៅកម្ពុជាគ្មានភាពប្រសើរឡើងនោះទេ គឺមានតែវិវឌ្ឍទៅរកស្ថានភាពអាក្រក់ទៅៗ។ ជាងនេះ ខេមបូចា ថាហានិភ័យដែលអ្នកសារព័ត៌មានកម្ពុជាកំពុងប្រឈមនោះ គឺការភ័យខ្លាចចំពោះបញ្ហាផ្លូវច្បាប់ដែលរដ្ឋាភិបាលប្រើដើម្បីគាបសង្កត់ពួកគេសព្វថ្ងៃនេះ។
របាយការណ៍ដដែលលើកឡើងថា អ្នកសារព័ត៌មាននៅកម្ពុជាតែងតែរងនូវការបំភិតបំភ័យ និងការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលកម្ពុជាជាប់ជានិច្ច ដូចជាការហាមឃាត់អ្នកកាសែតមិនឲ្យថតសកម្មភាពដែលអាជ្ញាធរបានរារាំងជាដើម។ ជាងនេះទៀត ក៏មានការចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដែលបានស៊ើបអង្កេតលើករណីរសើបនានា ដូចជាការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងររបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងការចុះផ្សាយពាក់ព័ន្ធនឹងករណីនយោបាយរបស់បក្សកាន់អំណាច ជាដើម៕