en     km
en     km

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

Share

 

ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌាទទួលរងនូវការរបៀតបៀនផ្លូវភេទនៅតាមកន្លែងសាធារណៈ។ ក្នុងនោះ ស្រ្តីមួយចំនួនមិនបានតបត ឬរាយការណ៍នូវករណីនេះទៅសមត្ថកិច្ចឡើយ ក៏ប៉ុន្តែស្រ្តីមួយចំនួនទៀតមិនព្រងើយកន្តើយនោះទេ ពោលគឺពួកគេប្រើប្រាស់មធ្យោបាយ ឬឧបករណ៍ការពារខ្លួនមានដូចជាម្ជុលខ្ទាស់ជាដើម។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ស្រ្តីឥណ្ឌា ៥៦% ត្រូវបានបៀតបៀនផ្លូវភេទនៅលើរថយន្តដឹកជញ្ជូនសារធារណៈ ក្នុងនោះមានស្រ្តី​តែ ២% ប៉ុណ្ណោះ បានរាយការណ៍ទៅប៉ូលីស។ ស្រ្តីភាគច្រើននិយាយថា ពួកគេជ្រើសរើសប្រើមធ្យោបាយការពារខ្លួន ឬមិនអើពើ ដោយសារពួកគេមិនចង់មានរឿង ឬធ្វើឱ្យអាណាព្យាបាលព្រួយបារម្ភ។

តាមប្រភពដដែលបានបន្តថា ស្រ្តីឥណ្ឌាប្រើវិធីសាស្រ្តការពារខ្លួនដូចជា ប្រើឆ័ត្រ ទុកក្រចកដៃឱ្យវែងសម្រាប់ក្តិចនិងចាក់ទម្លុះសាច់ ប្រើស្បែកជើងកែងចោទមុតស្រួច និងប្រើម្ជុលខ្ទាស់ជាដើម។ តួយ៉ាង ម្ជុលខ្ទាស់ជាឧបករណ៍មួយមានរាងតូចស្តើង ប៉ុន្តែវាមុតស្រួច និងងាយដាក់តាមខ្លួន ហើយក៏ជាទីពេញនិយមនៅទូទាំងសកលលោក ដោយវាអាចប្រើខ្ទាស់សម្លៀកបំពាក់ផង និងដើម្បីទប់ទល់នឹងការបៀតបៀនផងដែរ។

កាលពីប៉ុន្មានខែមុន ស្ត្រីជាច្រើននៅក្នុងប្រទេសឥណ្ឌាបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ពួកគេតែងតែដាក់ម្ជុលខ្ទាស់នៅក្នុងកាបូប ឬកាន់ជាប់នៅក្នុងដៃពេលឡើងលើរថយន្តក្រុង ដោយសារតែវាជាអាវុធ ដើម្បីតបតនឹងជនខិលខូចនៅកន្លែងដែលមានមនុស្សច្រើន។

អ្នកស្រី​ Deepika Shergill ជាជនរងគ្រោះម្នាក់ដែលត្រូវគេបៀតបៀននៅលើរថយន្តក្រុង បានប្រាប់សារព័ត៌មាន BBC ថា អំឡុងពេលអ្នកស្រីធ្វើដំណើរទៅកន្លែងធ្វើការ ជនខិលខូចម្នាក់មានវ័យជាង ៤០ ឆ្នាំ បានដើរមកឈរក្បែរ និងប៉ះពាល់រាងកាយអ្នកស្រី។ ពេលនោះ អ្នកស្រីបានជាន់ជើងបុរសនោះមួយទំហឹង និងយកម្ជុលខ្ទាស់ចាក់កំភួនដៃរបស់ជននោះ។

យ៉ាងណាមិញ សកម្មជនឥណ្ឌានិយាយថា វាគឺជាការភ័យខ្លាច និងអាម៉ាស់មួយ ដែលស្ត្រីឥណ្ឌាភាគច្រើនមានអារម្មណ៍ត្រូវគេ​បៀតបៀននៅតាមទីប្រជុំជន ជាពិសេសបញ្ហានេះមិនបានថយចុះពីមួយថ្ងៃទៅមួយថ្ងៃនោះទេ។  ស្រ្តីជាង ៥២% បានរាយការណ៍ថា ពួកគេមិនចង់ទៅសាលារៀន ឬចូលរួមវគ្គបណ្ដុះបណ្ដាល និងទៅធ្វើការងារនោះទេ ដោយសារតែពួកគេមានអារម្មណ៍មិនមានសុវត្ថិភាព និងអសន្តិសុខទាំងផ្លូវចិត្ត និងរាងកាយ។

ដោយឡែក អ្នកស្រី Viswanath គូសបញ្ជាក់ថា ការបៀតបៀនស្ត្រីមិនមែនគ្រាន់តែជាបញ្ហាកើតមានឡើងនៅក្នុងតែប្រទេសឥណ្ឌាទេ វាជាបញ្ហារបស់សកលលោក។ តាមការស្ទង់មតិរបស់មូលនិធិ Thomson Reuters លើស្ត្រីចំនួន ១,000 នាក់នៅទីក្រុងឡុងដ៍ ញូវយ៉ក ទីក្រុងម៉ិកស៊ិក តូក្យូ និងគែរ បានបង្ហាញថា ជនខិលខូចឆ្លៀតធ្វើសកម្មភាពនៅកន្លែង​ចង្អៀត ដើម្បីបំពានលើស្រ្តីរងគ្រោះនៅតាមរថយន្តក្រុង៕

ប្រភព៖ BBC ចុះថ្ងៃច័ន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image