en     km
en     km

ធនាគារជាតិជំរុញការចរាចរប្រាក់រៀលឱ្យទូលាយ ខណៈប្រាក់ដុល្លារជ្រៀតចូលជ្រៅក្នុងផ្នត់គំនិតប្រជាជន

Share

ធនាគាជាតិនៃកម្ពុជា បេ្ដជ្ញាជំរុញប្រាក់រៀលឱ្យទូលំទូលាយឡើងវិញ ក្នុងទិវាប្រាក់រៀលខួបលើកទី៤៣ (២០ មីនា ១៩៨០-២០២៣)នេះ ដោយត្រូវការ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្រោយប្រាក់ដុល្លារជ្រៀតចូលកាន់តែជ្រៅក្នុងសង្គមសេដ្ឋកិច្ចសង្គម។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖


នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ជាខួបលើកទី៤៣ នៃទិវាប្រាក់រៀល ដើម្បីរម្លឹកដល់ការចរាចរណ៍ប្រាក់រៀលឡើងវិញ។ លោកស្រី ជា សិរី អគ្គទេសាភិបាលរងនៃធនាគារជាតិ បានលើកឡើងថា ប្រាក់ដុល្លារបានចូលក្នុងសេដ្ឋកិច្ចសង្គម ជាពិសេសផ្នត់គំនិតប្រជាជន ដូច្នេះត្រូវជំរុញប្រាក់រៀលឱ្យទូលំទូលាយឡើងវិញ ដោយត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

គួរជម្រាបថា ការចរាចរណ៍រូបិយបណ្ណជាតិមានផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលជាច្រើន។ លោកស្រី ជា សិរី ថាការប្រើប្រាស់ប្រាក់រៀល នឹងជួយឱ្យធរនាគារជាតិអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងអត្រាប្ដូរប្រាក់កាន់តែមានប្រសិទ្ធភាព។ ក្រៅពីនេះការចរាចរណ៍ប្រាក់រៀល នឹងឈានជំរុញបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ តាមរយៈអត្រាការប្រាក់វិនិយោគផងដែរ។
សូមជម្រាបថា ប្រាក់ដុល្លារអាមេរិកបានហូរចូលក្នុងសេដ្ឋកិច្ចជាតិតាំងពីឆ្នាំ ១៩៩២-១៩៩៣ ពោលគឺសម័យអ៊ុនតាក់ ចូលមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះធ្វើឱ្យវិស័យឯកជន និងប្រជាជនប្រើប្រាស់ប្រាក់ដុល្លារយ៉ាងឆាប់រហ័ស។ បើតាមលោកស្រីអគ្គទេសាភិបាលរងថា ប្រាក់ដុល្លារបានកំណត់អត្រាការប្រាក់ ១ដុល្លា ប្ដូរបាន ៤០៣៦ រៀល តាំងពីឆ្នាំ១៩៩៨មក និងប្រែប្រួល១%ក្នុងមួយឆ្នាំ។


នាពេលបច្ចុប្បន្នដោយសារបញ្ហាការកើនតម្លៃប្រេងឥន្ទនៈ និងថ្លៃម្ហូបអាហារជាសាកល ដោយសារឥទ្ធិពលសង្គ្រាម រុស្សី-អ៊ុយក្រែន បានបណ្ដាលឱ្យការរិតត្បិតនយោបាយរូបិយវត្ថុ ដោយតម្លើងអត្រាការប្រាក់គោល និងកាត់បន្ថយតារាងទំហំតុល្យការ ពីបណ្ដាធនាគារកណ្ដាលនៃប្រទេសធំៗមួយចំនួន។ ខណៈប្រាក់ដុល្លាស្ថិតក្រោមការគ្រប់គ្រង់របស់សហរដ្ឋអាមេរិក បណ្ដាលឱ្យកម្រិតដុល្លារូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិតដល់ប្រសិទ្ធិភាពនយោបាយរូបិយវត្ថុ យ៉ាងណាធនាគារជាតិនៃកម្ពុជាមានឥទ្ធិពលតែលើប្រាក់រៀលប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីលោកស្រី ជា សិរី ។


លោកស្រីបន្ដថា បើចង់កាត់បន្ថយពីផលប៉ះពាល់ពីវិបត្តិខាងក្រៅ ត្រូវប្រើប្រាស់រូបិយវត្ថុជាតិក្នុងសេដ្ឋកិច្ច ដោយអាចពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ និងរក្សាបានម៉ាក្រូសេដ្ឋកិច្ច។ បន្ថែមលើនេះ ជួយឱ្យប្រកួតប្រជែងលើការនាំចេញ និងកាត់បន្ថយការនាំចូល ធ្វើឱ្យជញ្ជីងពាណិជ្ជកម្មមានភាពធំចម្បងជាងប្រទេសជិតខាង។
ក្រោយឆ្នាំ១៩៩៨មក ប្រាក់រៀលបានទទួលពានរង្វាន់មួយចំនួន ក្នុងនោះក្រដាស់ប្រាក់៥០០០០ (ប្រាំម៉ឺន)រៀល ទទួលបានពានសំរិទ្ធពីស្ថាប័នរូបិយបណ្ណអន្ដរជាតិចក្រភពអង់គ្លេសផ្នែកគុណភាព និងសោភណ្ឌភាព។ ដោយឡែកក្រដាសប្រាក់ ១៥០០០ (មួយម៉ឺនប្រាំពាន់)រៀល កាលពីឆ្នាំ២០១៩ ក៏បានទទួលពានរង្វាន់ផងដែរ។ ទោះបីយ៉ាងណា ប្រជាជនធ្លាប់បានលើកឡើងថា ក្រដាសប្រាក់រៀលដែលចេញមកថ្មីៗមានភាពស្រដៀងៗគ្នា ធ្វើឱ្យមានការភ័ន្ដច្រលំម្ដងម្កាលពេលចាយវាយ៕

Share

Image
Image
Image