លោក ហ៊ុន ម៉ាណែត ហាក់សម្តែងការហួសចិត្ត ចំពោះការផ្សាយចោទប្រកាន់ថា លោកជាមេឈ្មួញរកស៊ីឈើខុសច្បាប់ ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពីសំណាក់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Dialy)។ លោកទាមទារឱ្យសារព័ត៌មាន មានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ រកភស្តុតាងមកបង្ហាញ និងជាអំណះអំណាងសម្រាប់ការផ្សាយមួយនេះ។ លោក គីម ចាន់ចាវ រាយការណ៍
ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់បក្សប្រជាជនកម្ពុជាបន្តពីឪពុក ធ្វើឡើងតាមរយៈវីដេអូឃ្លីបរយៈពេល ៦ នាទីបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្និតរដ្ឋាភិបាលយកមកផ្សាយយ៉ាងព្រោងព្រាត។ ការចេញវីដេអូឃ្លីបនេះ បន្ទាប់ពីសារព័ត៌មាន ខេមបូឌា ដេលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ បានចេញផ្សាយអត្ថបទមួយមានចំណងជើង «សារព័ត៌មានអន្តរជាតិលាតត្រដាងពីបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត»។ ក្នុងអត្ថបទនេះ សារព័ត៌មាន ខេមបូឌា ដេលី បានដកស្រង់ការផ្សាយរបស់សារព័ត៌មានអន្តរជាតិ Mongabay មានមូលដ្ឋាននៅអង់គ្លេស សរសេរដោយអតីតអ្នកសារព័ត៌មាននៅវីអូឌី។ Mongabay បានលាតត្រដាង និងបង្ហាញឈ្មោះបុគ្គលមួយចំនួនពាក់ព័ន្ធសកម្មកាប់ព្រៃឈើក្នុងស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Dialy) បានដកស្រង់ការផ្សាយនោះថា «របាយការណ៍ស៊ើបអង្កេតរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លង ដោយបង្ហាញរចនាសម្ព័ន្ធសែស្រឡាយដែលនៅពីក្រោយបទល្មើសរកឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួន ក្នុងនោះរួមមានលោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្កាយ ៣ នៅក្រសួងមហាផ្ទៃ គឺឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដែលគេស្គាល់ជាទូទៅថាឧកញ៉ាជ័យ ផងដែរ»។
ទោះយ៉ាងណាលោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកបានឱ្យក្រុមការងារស្រាវជ្រាវ និងអានព័ត៌មាន Mongabay នេះឡើងវិញ តែមិនមានកន្លែងណា ដែលព័ត៌មាននេះបញ្ជាក់ថា ក្រុមឈ្មួញកាប់ឈើជាប់ពាក់ព័ន្ធនឹងរូបលោកនោះឡើយ។ អ្នកនយោបាយបន្តវេនរូបនេះ បានទាមទារឱ្យសារព័ត៌មាន ខេមបូឌា ដេលី បង្ហាញភស្តុតាង ឬដកស្រង់ខ្លឹមសារពី Mongabay មកបញ្ជាក់ឱ្យច្បាស់ថា តើកន្លែងណាដែលសារព័ត៌មាន Mongabay ផ្សាយថា លោកជាមេបណ្តាញ ជាមេឈ្មួញរកស៊ីទាំង នេះ។
«ខ្ញុំសួរ ខេមបូឌា ដេលី តើមានភស្តុតាងកន្លែងណា ដែលលោកឯងថា សារព័ត៌មាន Mongabay បង្ហាញខ្ញុំមកនៅក្នុងអត្ថបទហ្នឹង។ ស្គ្រីនសតឱ្យខ្ញុំមក តើនៅទំព័រទីប៉ុន្មាន ដែលសារព័ត៌មានហ្នឹងថា ហ៊ុន ម៉ាណែត ជាមេខ្លោងនៃបណ្តាញកាប់ឈើខុសច្បាប់នៅកម្ពុជា?»។
លោក ក៏បានស្នើឱ្យសារព័ត៌មាន Mongabay និងម្ចាស់អត្ថបទដើម ទាមទារទៅ ខេមបូឌា ដេលី បំភ្លឺលើរឿងនេះផងដែរ ព្រោះសារព័ត៌មាននេះ កំពុងយកអត្ថបទទៅផ្សាយបំភ្លៃ ដើម្បីចំណេញផ្នែកនយោបាយ។ យ៉ាងណារហូតមកដល់ពេលនេះ ទាំងសារព័ត៌មានឌឹ ខេមបូឌា ដេលី (The Cambodia Dialy) និងសារព័ត៌មាន Mongabay នៅមិនទាន់បង្ហាញសេចក្ដីបំភ្លឺណាមួយនៅឡើយទេ ជុំវិញការទាមទាររបស់ លោក ហ៊ុន ម៉ាណែតនេះ។
សារព័ត៌មានឌឹ ខេមបូឌា ដេលី (The Cambodia Dialy) បានដកស្រង់ផ្សាយក្នុងអត្ថបទរបស់ខ្លួនថា ដោយបង្ហាញរចនាសម្ព័ន្ធសែស្រឡាយដែលនៅពីក្រោយបទល្មើសរកឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួន ក្នុងនោះរួមមានលោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ គឺឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដែលគេស្គាល់ជាទូទៅថាឧកញ៉ាជ័យ ផងដែរ។ បន្ថែមពីនេះក៏មានភរិយារបស់ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត គឺអ្នកស្រី អាន សុខនីន ដែលត្រូវជានាយកមួយក្នុងចំណោមនាយកទាំងបួនរបស់ក្រុមហ៊ុន ហួត ម៉េងរីតា ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រងដោយឧកញ៉ាជ័យ សព្វថ្ងៃនេះ។ លើសពីនេះ ក៏មានឧកញ៉ា ជា ពៅ ហៅហួ ប្រធានក្រុមហ៊ុន Angkor Plywood និងអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី ផងដែរ។
ដោយយោងលើ Mongabay ដដែលឌឹ ខេមបូឌា ដេលី អះអាងថា ព្រៃឈើដែលលាតសន្ធឹងពាសពេញស្រុកសៀមប៉ាង និងស្រុកសេសាន ក្នុងខេត្តស្ទឹងត្រែង កំពុងរងនូវការកាប់បំផ្លាញដើម្បីធ្វើអាជីវកម្មខុសច្បាប់ពីសំណាក់ក្រុមហ៊ុននៃខ្សែបណ្ដាញរបស់ក្រុមអ្នកមានអំណាចយ៉ាងគគ្រឹកគគ្រេងក្នុងខេត្តស្ទឹងត្រែង សព្វថ្ងៃនេះ ដូចជាឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ និងឧកញ៉ា ជា ពៅ ហៅហួ ជាដើម ដោយគ្មានទប់ស្កាត់ពីសំណាក់រដ្ឋាភិបាលឡើយ៕