en     km
en     km

ជប៉ុននិងកូរ៉េ​ខាង​ត្បូង​សម្រេចបញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ រួចងាកមកផ្សះផ្សាទំនាក់ទំនង ការទូតសារជាថ្មី

Share

 

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាទម្លាក់ចោលនូវជម្លោះពាណិជ្ជកម្មបែបបច្ចេកវិទ្យាទំនើប ដែលកើតមានឡើងអស់រយៈពេលជិតបួនឆ្នាំកន្លងមកនេះ។ នេះជាសញ្ញាមួយបង្ហាញថា ប្រទេសទាំងពីរមានគោលបំណងផ្សះផ្សាទំនាក់ទំនង ដែលធ្លាប់ល្អក់កករតាំងពីសម័យជប៉ុនឈ្លានពានទឹកដីកូរ៉េខាងត្បូង។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្រាប់មហាជនអំពីការបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ ការប្រកាស​នេះធ្វើឡើងក្នុងអំឡុងពេលលោកប្រធានាធិបតីកូរ៉េខាងត្បូងចុះទស្សនកិច្ចនៅប្រទេសជប៉ុននាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។

តាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា នេះជាលើកទីមួយក្នុងរយៈពេល១២ឆ្នាំចុងក្រោយ ដែលប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ខណៈប្រទេសទាំងពីរកំពុងស្វែងរកចំណុចរួមមួយក្នុងការសហការគ្នាទប់ទល់ និងប្រឆាំងនឹងភាពតានតឹងនៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon បានរំពឹងយ៉ាងមុតមាំថា លោកនឹងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសមេដឹកនាំទាំងពីរកំពុងរៀបចំយន្តការ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាសន្តិសុខទ្វេភាគីសារឡើងវិញ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ។

ដោយឡែក ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយថា ប្រទេសជប៉ុននឹងបើកនាំចេញនូវផលិតផលក្នុងស្រុកជាច្រើនយកមកលក់ឱ្យប្រទេសកូរ៉េខាងត្បូងដែលមាននូវសម្ភារៈសំខាន់ៗដូចជា អេក្រង់ស្មាត

ហ្វូន និងបន្ទះឈីប ខណៈទីក្រុងសេអ៊ូលនឹងទម្លាក់ពាក្យបណ្តឹងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងទីក្រុងតូក្យូ។

គួរបញ្ជាក់ថា មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អញ្ជើញមកដល់ទឹកដីជប៉ុន ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលបានធ្លាក់ក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។​

សូមរំលឹកថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងនេះ បានញាំញីអស់ជាច្រើនទស្សវត្សមកហើយ ដោយសារប្រវត្តិសាស្រ្តដ៏ព្រៃផ្សៃ។ ប្រទេសកូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ជប៉ុន​ដាក់​អាណានិគម​ពី​ឆ្នាំ​១៩១០​រហូត​ដល់​ចប់​សង្គ្រាម​លោក​លើក​ទី​២។ ក្នុងនោះ ទាហាន​ជប៉ុន​បាន​បង្ខំ​ប្រជាជន​កូរ៉េ​រាប់​សែន​នាក់​ឱ្យ​ធ្វើ​ការ​ក្នុង​អណ្តូងរ៉ែ និង​រោងចក្រ​របស់​ខ្លួន ជាពិសេសពួកគេបានចាប់ស្ត្រីកូរ៉េឱ្យធ្វើជាទាសករផ្លូវភេទ៕

ប្រភព៖ Reuters ចុះថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image