en     km
en     km

ប្រទេសហុងឌូរ៉ាសចង់ភ្ជាប់ទំនាក់ទំនងការទូតជាមួយចិន ខណៈចិនកំពុងដាក់សម្ពាធលើតៃវ៉ាន់

Share

ប្រធានាធិបតីហុងឌូរ៉ាសបានស្នើឱ្យរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន ស្វែងរកទំនាក់ទំនងការទូតជាមួយប្រទេសចិន ខណៈតៃវ៉ាន់កំពុងបារម្ភបាត់សម្ព័ន្ធមិត្តហុងឌូរ៉ាស។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ប្រធានាធិបតីហុងឌូរ៉ាស អ្នកស្រី Xiomara Castro បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាសធ្វើទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន។ ក៏ប៉ុន្តែ អ្នកស្រីមិនបានបញ្ជាក់ថា នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តតៃវ៉ាន់នៅឡើយទេ។

រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស់ លោក Eduardo Reina បានប្រាប់ទូរទស្សន៍ក្នុងស្រុកកាលពីថ្ងៃអង្គារទី១៤មីនាថាលោកត្រូវពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីស្វែងរកអត្ថប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនហុងឌូរ៉ាស។

លោក Tomas Zambrano សមាជិកសភាគណបក្សប្រឆាំងរបស់ហុងឌូរ៉ាសបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះ ទំនងជានឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសហុងឌូរ៉ាស់ ដោយលោកកត់សម្គាល់ថា ប្រជាពលរដ្ឋហុងឌូរ៉ាស់ជាច្រើនពឹងផ្អែកលើការផ្ញើប្រាក់ពលរដ្ឋហុងឌុយរាសដែលធ្វើការនៅក្រៅប្រទេសជាពិសេសមកពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែជាអ្នកឧបត្ថម្ភនៅពីក្រោយខ្នង និងជាអ្នកផ្គត់ផ្គង់់សព្វាវុធ សម្រាប់ជម្លោះរវាងចិន-តៃវ៉ាន់។

ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលហុងឌូរ៉ាស់ ជាមួយគ្នានេះតៃវ៉ាន់ជំរុញឱ្យប្រទេសហុងឌូរ៉ាស់ពិចារណាជាថ្មី មុនពេលធ្លាក់ចូលទៅក្នុងឧបាយកលរបស់ចិន។

ស្របពេលគ្នានេះដែរ តៃវ៉ាន់​បាន​ចោទប្រកាន់​ចិន​ថា ​បាន​ទាក់ទាញ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ជាមួយ​នឹង​ការសន្យា​ផ្តល់​ប្រាក់កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ក៏ប៉ុន្តែទីក្រុង​ប៉េកាំងបាន​បដិសេធភ្លាមៗនូវការចោទប្រកាន់មួយនេះ​។ យ៉ាងណា ប្រសិន​បើ​ប្រទេស​ហុងឌូរ៉ាសបញ្ចប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ នោះ​តៃវ៉ាន់នៅសល់​សម្ព័ន្ធមិត្ត​ការទូត​ចំនួន ១៣ ប្រទេសប៉ុណ្ណោះ។

សូមរំលឹកថា ថ្មីៗនេះយោធាចិនបានធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនកងទ័ពខ្លួន ដោយប្ដូរយុទ្ធសាស្រ្តកងទ័ពពីការប្រើកងទ័ពតែមួយប្រភេទ ទៅជាប្រតិបត្តិការរួមគ្នាទាំងកម្លាំងលើដី លើសមុទ្រ លើអាកាស និងប្រើគ្រាប់រ៉ុក្កែតផងដែរ។ ប្រទេសចិន​កំពុង​ប្រើ​វិធីសាស្រ្ត​ធ្វើ​សង្រ្គាម​ជាក់​ស្តែង និង​ប្តូរ​ពី​ការ​ហ្វឹក​ហាត់​ទៅជា​ការ​ត្រៀម​ប្រយុទ្ធ ដែលធ្វើឱ្យតៃវ៉ាន់មានសម្ពាធជាខ្លាំង៕

ប្រភព៖ Reuters ចុះថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image