គ.ជ.ប បានទៅសង្កេតប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង ដើម្បីនាំធាតុចូលសំខាន់ៗជាវិជ្ជមានសម្រាប់ការបោះឆ្នោតនៅខែកក្កដាខាងមុខនៅកម្ពុជា ព្រមទាំងជូនដំណឹងដល់សហគមន៍អឺរ៉ុបតាមរយៈប្រទេសបារាំងអំពីដំណើរការបោះឆ្នោតនៅកម្ពុជាថា យុត្តិធម៌ គោរពតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងឱ្យសហគមន៍អឺរ៉ុបបន្ដគាទ្រដល់ការបោះឆ្នោតនៅកម្ពុជាតទៅមុខទៀត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍
កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាជាតិរៀបចំការបោះឆ្នោត បានដឹកនាំប្រតិភូនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ដ្រីនៃក្រសួងមហាផ្ទៃ ធ្វើដំណើរចេញពីកម្ពុជាទៅកាន់ប្រទេសបារាំង ដែលជាប្រទេសមួយក្នុងសហគមន៍អឺរ៉ុប ដើម្បីសង្កេតការណ៍អំពីប្រព័ន្ធបោះឆ្នោតនៅប្រទេសនេះ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការហោះហើរថា ការធ្វើដំណើរនេះជាការត្រៀមមុនការបោះឆ្នោតមកដល់ ដើម្បីឱ្យបារាំង និងសហគមន៍អឺរ៉ុបបន្ដគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាតទៅទៀត។ លោកបន្ថែមថា នេះជាការជូនដំណឹងដល់ភាគីបារាំងផងដែរថា គ.ជ.ប ជាស្ថាប័នឯករាជ្យ និងធានាដល់ដំណើរការបោះឆ្នោតដោយសេរី យុត្តិធម៌ តាមគន្លងលិទ្ធិប្រជាធិបតេយ្យ។
លោកសង្ឃឹមថា បារាំង ក៏ដូចគ្នាសហគមន៍អឺរ៉ុប នឹងបន្ដគាំទ្រដល់ដំណើរបោះឆ្នោតតំណាងរាស្ដ្រ និតីកាលទី៧ ដែលនឹងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមលោកប្រាជ្ញ ចន្ទ ថ្លែងក្នុងសន្និសិទសារព័ត៌មាន។
សូមជម្រាបថា សហគមន៍អន្ដរជាតិដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិកជាដើមបានរិះគន់កម្ពុជាក្រោយពេលមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ ចាប់ពីពេលនោះ សហគមន៍អឺរ៉ុបបានឈប់គាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា។ យ៉ាងណា សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធាន គ.ជ.ប បានអះអាងថា ទាំងការបោះឆ្នោតសកល និងអសកល គឺប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
គួររម្លឹកដែរ ដំណើរទស្សនកិច្ចរបស់មន្ដ្រីបម្រើការបោះឆ្នោតកម្ពុជាទៅកាន់ប្រទេសបារាំង គឺជាការឆ្លើយតបតាមសំណើររបស់លោកស្រី អាត់ សូហ្វី នាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិផ្នែកសន្ដិសុខនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង តាមកំណត់ទូតចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣។
ចាប់ពីថ្ងៃទី១៣ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ ថានឹងចូលរួមសង្កេតពីគណបក្សនយោបាយ បេក្ខជនឈរឈ្មោះ ការដោះស្រាយទំនាស់ឬពាក្យបណ្ដឹងក្នុងការបោះឆ្នោត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ និងនាំធាតុចូលជាវិជ្ជមាន មកបំពេញនូវទម្រង់ខ្វះខាតនៃការបោះឆ្នោតនៅកម្ពុជា៕