អាជ្ញាធរចិនបានរាយការណ៍នៅថ្ងៃអង្គារ ទី១៤ ខែមីនានេះថា ប្រទេសចិននឹងចាប់ផ្តើមផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសជាលើកដំបូង បន្ទាប់ពីប្រទេសនេះបានបិទទទួលភ្ញៀវទេសចរអស់រយៈពេល៣ឆ្នាំ រាប់ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩មកម្ល៉េះ។
(កញ្ញា កែវ សុជាតា រាយការណ៍)
យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ខណៈទីក្រុងប៉េកាំងបានប្រកាសជ័យជម្នះពីការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងតំបន់បានយ៉ាងល្អប្រសើរ ពេលនេះប្រទេសចិនបានសម្រេចផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរបរទេសសារជាថ្មីចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះតទៅ។ ចំពោះជនណាដែលមានទិដ្ឋាការផុតសុពលភាពនៅមុនពេលប្រទេសចិនបានបិទប្រទេស ក៏អាចអញ្ជើញទៅបន្តទិដ្ឋាការថ្មីបានដែរ។
នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិនកាលពីថ្ងៃច័ន្ទ ទី១៣ ខែមីនាម្សិលមិញ លោក Xi Jinping ប្រធានាធិបតីប្រទេសចិន បាននិយាយយ៉ាងច្បាស់ៗថា ប្រទេសចិនត្រលប់មកវិញហើយ។
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែមីនានេះថា តំបន់មួយចំនួននៅក្នុងប្រទេសចិនដែលមិនត្រូវការទិដ្ឋាការដើម្បីចេញចូលប្រទេសនៅមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ១៩ នឹងត្រឡប់ទៅរកសភាពដើមវិញបន្ទាប់ពីប្រទេសចិនបើកទទួលភ្ញៀវទេសចរ ពោលគឺមិនទទួលទិដ្ឋាការដដែល។ ក្នុងនោះរួមបញ្ចូលទាំងកោះទេសចរណ៍ភាគខាងត្បូងនៃហៃណាន(Hainan) ដែលជាគោលដៅទេសចរដ៏ល្បីល្បាញមួយក្នុងចំណោមប្រជាជនរុស្ស៊ី ក៏ដូចជានាវាទេសចរណ៍ដែលឆ្លងកាត់កំពង់ផែសៀងហៃផងដែរ។
ជាពិសេស ក្រុមទេសចរណ៍មកពីហុងកុង និងម៉ាកាវ នឹងត្រូវអនុញ្ញាតឱ្យចូលដោយគ្មានទិដ្ឋាការ ខណៈដែលការិយាល័យកុងស៊ុលចិននៅបរទេស ក៏នឹងបន្តដំណើរការពាក្យសុំទិដ្ឋាការឡើងវិញដែរ។
គួរបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសចិនត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិធានការដ៏តឹងរឹង ដែលប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងរយៈពេល៣ឆ្នាំនេះ។
ក៏ប៉ុន្តែអ្នកវិភាគបាននិយាយថា ប្រទេសចិនអាចរំពឹងនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងបើកទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តប្រទេសខ្លួនសារជាថ្មីម្តងទៀត។
យោងតាមរបាយការណ៍ទេសចរណ៍ចិនបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ការធ្វើដំណើរឆ្លងកាត់ព្រំដែនចិនមានចំនួនត្រឹមតែ ១១៥.៧លាន គិតរួមទាំងការចូលមកកាន់ប្រទេសចិននិងចេញទៅក្រៅប្រទេស ដោយជនបរទេសមានចំនួនប្រហែល ៤.៥ លាននាក់។ ផ្ទុយទៅវិញ ក្នុងឆ្នាំ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចិនមានការធ្វើដំណើរសរុបចំនួន ៦៧០លាន ដោយមានជនបរទេសចំនួន ៩៧.៧ លាននាក់៕
ប្រភព៖ BBC ចុះថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣