loader

យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ២

តទៅនេះ យើងនឹងលើកយកចំនុចសំខាន់ៗសម្រាប់ថែរក្សាសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះដូចតទៅ៖

បើតាមសៀវភៅសុខភាពមាត់ធ្មេញ និងការមានផ្ទៃពោះ របស់មូលនិធិ Global Child Dental Fund បានបង្ហាញថា ពេលវេលាដែលល្អបំផុតក្នុងការចាប់ផ្តើមថែទាំធ្មេញរបស់កូនតូចៗគឺនៅពេលដែលស្រ្តីកំពុងពរពោះ។

 

រូបភាពនេះមានប្រភពពីគេហទំព័រ Global Child Dental Fund

 

ការយកចិត្តទុកដាក់លើរបបអាហារគឺជារឿងចាំបាច់នៅដំណាក់កាលនៃការចាប់ផ្តើមមានផ្ទៃពោះ។ របបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នឹងជួយឲ្យស្រ្តីមានសុខភាពល្អ។ ប្រសិនបើ មាតាពុំបានបរិភោគអាហារគ្រប់គ្រាន់ក្នុងពេលបីខែដំបូងនៃការមានផ្ទៃពោះទេ នោះនឹងបង្កឲ្យមានផលប៉ះពាល់ដល់អាហាររូបត្ថម្ភ និងអ័រម៉ូន ព្រោះពេលនេះជាការលូតលាស់នៃទងសុក។ បញ្ហានេះ បង្កឲ្យមានផលប៉ះពាល់ដល់ទម្ងន់ និងសុខភាពរបស់ទារក។ បើសិនមាតានៅតែ បន្តខ្វះអាហាររហូតដល់ត្រីមាសទី២ និងទី៣ទៀតនោះទារកនឹងកាន់តែមានសភាពទន់ខ្សោយទាំងផ្នែករាងកាយ​ និងស្មារតី។

របបអាហាររបស់មាតា ក៏ជះឥទ្ធិពលដល់ការលូតលាស់ធ្មេញរបស់កូនតូចផងដែរ ដោយសារពន្លកធ្មេញព្រៃដំបូងគឺចាប់កកើតក្នុងសប្តាហ៍ទី៦នៃគភ៌ ហើយពន្លកនៃធ្មេញស្រុកថ្គាមធំទី១ ចាប់លូតលាស់នៅពេលទារកមានអាយុប្រមាណ៥ខែ។

បើស្រ្តីមានកង្វះជីវជាតិ (វីតាមីន) គួរតែស្វែងរកដំបូន្មានពីគ្រូពេទ្យ បើមិនដូច្នោះទេ ធ្មេញលូតលាស់មិនគ្រប់លក្ខណៈ និងដុះចេញមិនបានល្អ។ គ្រូពេទ្យអាចណែនាំឲ្យស្រ្តីជ្រើសយកនូវអាហារបំប៉នល្អៗសម្រាប់ស្រ្តី និងកូន។  ក្នុងកំឡុងពេលមានផ្ទៃពោះ ស្រ្តីគួរជៀសវាងវីតាមីនណាដែលមានសារធាតុភ្លុយអរ៉ាយ ពីព្រោះសារធាតុនេះនឹងផ្សារភ្ជាប់ជាមួយកាល់ស្យូម ដែលធ្វើឲ្យការជ្រាបចូលវីតាមីនទៅក្នុងរាងកាយថយចុះ។

រូបភាពនេះមានប្រភពពីគេហទំព័រ American Pregnancy Association

 

សៀវភៅសុខភាពមាត់ធ្មេញ និងការមានផ្ទៃពោះ របស់មូលនិធិ Global Child Dental Fund នេះដដែល  បានណែនាំដល់ស្រ្តីមានផ្ទៃពោះបរិភោគអាហារដូចជា៖ អាហារមានសារធាតុបំប៉ន មានតុល្យភាព និងតាមពេលវេលាទៀងទាត់។ អាហារទាំងនោះរួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ នំប៉័ង ត្រី សាច់ ស៊ុត សណ្តែក ជាដើម។ បន្ថែមពីនេះ ស្រ្តីគួរបរិភោគឲ្យតិចបំផុតនូវអាហារផ្អែម និងមានជាតិស្ករច្រើន។ ស្រ្តីគួរបរិភោគផ្លែឈើស្រស់ ជំនួសទឹកផ្លែឈើឬភេសជ្ជៈកំប៉ុង ឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ។ លើសពីនេះស្រ្តីត្រូវជួបជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ដើម្បីតាមដានសុខភាព ។ ជាពិសេសស្រ្តីត្រូវចៀសវាងការទទួលទានបារី និងគ្រឿងស្រវឹងក្នុងកំឡុងពេលមានផ្ទៃពោះជាដាច់ខាត។

 

នាង កញ្ញា លោក លោកស្រី តទៅនេះយើងនឹងលើយកការធ្វើអនាម័យមាត់ធ្មេញ ដែលស្រ្តីគួរត្រូវបានប្រតិបត្តិដូចខាងក្រោមនេះ៖ ស្រ្តីគួរដុសសម្អាតធ្មេញជាមួយថ្នាំដុសធេ្មញដែលមានសារធាតុភ្លុយអរ៉ាយ ចំនួន២ ឬ៣ដងក្នុងមួយថ្ងៃ គួបផ្សំ ជាមួយការប្រើអំបោះសម្អាតចន្លោះធ្មេញផង។ ស្រ្តីត្រូវដុសធ្មេញនៅពេលព្រឹក និងមុនពេលចូលដំណេក ហើយបើបានដុសសម្អាតក្រោយពេលបរិភោគអាហារ គឺរិតតែល្អថែមទៀត។ ជាមួយគ្នានេះគួរផ្លាស់ប្តូរច្រាស់ដុសធ្មេញជារៀងរាល់៣ ឬ៤ខែ ម្តង។

ម្យ៉ាងវិញទៀតប្រសិនបើជាចាំបាច់ ត្រូវប្រើទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុលជារៀងរាល់ថ្ងៃ។ ស្រ្តីខ្លះមានតម្រូវការទឹកខ្ពុរមាត់ ដែលអាចជួយកម្ចាត់មេរោគក្នុងមាត់បានដូចជាក្លរិចស៊ីឌីន។ ចំពោះរឿងនេះដែរគួរពិភាក្សាជាមួយគ្រូពេទ្យធ្មេញជាមុនសិន។

មួយវិញទៀត បើមិនអាចសម្អាតធ្មេញក្រោយពេលបរិភោគអាហារទេ ស្រ្តីមានផ្ទៃពោះអាចប្រើស្ករកៅស៊ូទំពារដែលមានជាតិស៊ីលីតុលព្រោះ វាអាចជួយកាត់បន្ថយបាក់តេរីដែលបង្កជំងឺពុកធ្មេញបាន។

ជាចុងក្រោយ បើស្ត្រីនៅតែមានបញ្ហាក្អួតចង្អោរច្រើន ស្រ្តីអាចខ្ពុរមាត់ជាមួយទឹកថ្នាំខ្ពុរមាត់ដែលមានសារធាតុភ្លុយ      អរ៉ាយឬទឹកល្បាយសូដាភ្លាមក្រោយពេលក្អួត ព្រោះវាអាចជួយបន្សាបជាតិអាស៊ីតដែលចេញពីក្រពះ និងជួយការពារធ្មេញកុំឲ្យមានការសឹករិចរឹល៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x