en     km
en     km

អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​ជាថ្មី​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ពី​នាវាមុជទឹក

Share

សេអ៊ូល៖ កាលពីថ្ងៃចន្ទទី១៣ មីនា ឆ្នាំ ២០២៣ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួច Cruise បាញ់ចេញពីនាវាមុជទឹក។

ការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យទី១២ មីនា ទំនងជាការឆ្លើយតបទៅនឹងធ្វើសកម្មភាពសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរយៈពេល១១ថ្ងៃ។ កាលពីសប្តាហ៍មុនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនប្រយុទ្ធជាមួយគូប្រជែងរបស់ខ្លួន។

អាជ្ញាធរ​កូរ៉េខាងត្បូង និង​អាមេរិក​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​សមយុទ្ធ​នៅ​ថ្ងៃ​ចន្ទ​ភ្លាមៗ​ទេ។ប៉ុន្តែពួកគេបាននិយាយថា សមយុទ្ធរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពការពារ និងការឆ្លើយតបនឹងការកើនឡើងនៃការគំរាមកំហែងខាងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងបញ្ហាសន្តិសុខដែលមានការប្រែប្រួល។ ពួកគេបាននិយាយថា លំហាត់សមយុទ្ធនៅសមរភូមិនឹងមានទ្រង់ទ្រាយធំដូចកាលពីឆ្នាំ ២០១៨ ដែលមានឈ្មោះថា Foal Eagle ។

សេចក្តីថ្លែងការណ៍របស់យោធាអាមេរិកនាពេលថ្មីៗនេះបាននិយាយថា សមយុទ្ធដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងយោធាទាំងពីរ ទាំងផ្នែកកងទ័ពអាកាស ផ្លូវគោក សមុទ្រ អ៊ិនធឺណិត និងប្រតិបត្តិការពិសេស។

កូរ៉េខាងជើងបាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ការបាញ់បង្ហោះកាំជ្រួច Cruise ពីរគ្រាប់ចេញពីនាវាមុជទឹកនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បង្ហាញពីការតាំងចិត្តក្នុងការឆ្លើយតបដោយកម្លាំង “ដ៏មានអានុភាព” ចំពោះសមយុទ្ធយោធាដែលកាន់តែខ្លាំងឡើងដោយ “ចក្រពត្តិអាមេរិក និងកងកម្លាំងអាយ៉ងកូរ៉េខាងត្បូង”។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងនៅថ្ងៃចន្ទទី១៣ មីនា បានហៅមីស៊ីលទាំងនោះថាជាអាវុធយុទ្ធសាស្ត្រ ហើយបាននិយាយថាការបាញ់បង្ហោះមីស៊ីលនេះបានផ្ទៀងផ្ទាត់ឥរិយាបថប្រតិបត្តិការនៃ “ការរារាំងសង្គ្រាមនុយក្លេអ៊ែរ”។កាំជ្រួចទាំងនោះបានហោះអស់រយៈពេលជាងពីរម៉ោង និងបានវាយប្រហារគោលដៅចម្ងាយ ១.៥០០ គីឡូម៉ែត្រ។ KCNA បាននិយាយថា កាំជ្រួចត្រូវបានបាញ់ចេញពីកប៉ាល់ ៨.២៤ Yongung ជានាវាមុជទឹកដែលកូរ៉េខាងជើងធ្លាប់ធ្វើតេស្តដំបូងក្នុងឆ្នាំ ២០២១៦។

លោក Kim Dong-yub សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ North Korean Studies ក្នុងទីក្រុង Seoul បាននិយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះបង្ហាញថា ប្រទេសជប៉ុន រួមទាំងមូលដ្ឋានយោធាអាមេរិកនៅអូគីណាវ៉ា ស្ថិតក្នុងចម្ងាយដែលកាំជ្រួច Cruiseនេះអាចបាញ់បាន។លោកបានបន្ថែមថា អាចបាញ់ដល់សូម្បីតែកោះ Guam ដែលជាមូលដ្ឋានទ័ពរបស់អាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិច។ សាស្ត្រាចារ្យ Kim Dong-yub បាននិយាយថា ការធ្វើតេស្តកាលពីថ្ងៃអាទិត្យ គឺជាការបាញ់បង្ហោះកាំជ្រួច Cruise ជាលើកដំបូងរបស់កូរ៉េខាងជើង ពីនាវាមុជទឹក។ លោកបាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងអភិវឌ្ឍមីស៊ីលប្រភេទផ្សេងៗ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ពីការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ដោយនិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីនាវាមុជទឹកក្នុងដែនទឹកក្បែរទីក្រុងកំពង់ផែ Sinpo ភាគខាងកើតរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។ កំពុងផែSinpo ជាកន្លែងផលិតនាវាមុជទឹកដ៏ធំមួយរបស់កូរ៉េខាងជើង។

ប្រភព៖ AP ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣

 

Share

Image
Image
Image