en     km
en     km

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​បន្ទាប់ពីខកខាន​រយៈ​ពេល​១២​ឆ្នាំ

Share

 

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៩ មីនា ២០២៣ថា លោក Yoon Suk Yeol និងភរិយានឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមីនា តាមការអញ្ជើញរបស់ទីក្រុងតូក្យូ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំបន្ទាប់ពីទីក្រុងសេអ៊ូលបង្ហាញបំណងបញ្ចប់ជម្លោះប្រវត្តិសាស្រ្ត​​ជុំវិញ​ការ​បង្ខំ​ជនជាតិកូរ៉េធ្វើពលកម្មជាទម្ងន់​ក្នុង​សម័យ​សង្គ្រាម។

លោក Yoon Suk Yeol នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ។ការិយាល័យលោក Yoon Suk Yeol បានចេញសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ចនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការធ្វើឱ្យប្រសើរឡើង និងពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន” ។

ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃចន្ទទី៦ មីនាថាក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់សំណងដល់ជនរងគ្រោះដោយការបង្ខំឱ្យធ្វើពលកម្មនៅសម័យអាណានិគមរបស់ប្រទេសជប៉ុនពីឆ្នាំ ១៩១០-១៩៤៥។ ផែនការនេះគឺដើម្បីស្វែងរកការបញ្ចប់ជម្លោះប្រវត្តិសាស្រ្តនិងនាំទៅរកការពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងពីរជាមួយសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងជើង។

ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បានថ្លែងនៅក្នុងសន្និសីទខ្លីមួយថា “កូរ៉េខាងត្បូងគឺជាអ្នកជិតខាងដ៏សំខាន់មួយ ដែលពួកយើងគួរតែសហការក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសហគមន៍អន្តរជាតិ” ។«ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចមកប្រទេសជប៉ុននេះ ទំនាក់ទំនងជប៉ុន-កូរ៉េនឹងអភិវឌ្ឍបន្ថែមទៀតដោយផ្អែកលើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងមានទំនាក់ទំនងការទូតធម្មតាឡើងវិញ»។

ការិយាល័យរបស់លោក Yoon Suk Yeol បានថ្លែងថា ដំណើរទស្សនកិច្ចនេះនឹងពង្រីកវិស័យសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ និងផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពរស់រវើកឡើងវិញ”ដើម្បីជំនះជម្លោះប្រវត្តិសាស្រ្ត និងឆ្ពោះទៅអនាគត” ។ក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃអង្គារទី៧ មីនា ថាខ្លួននឹងធ្វើការជាមួយប្រទេសជប៉ុនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ រួមទាំងទំនាក់ទំនងត្រីភាគីជាមួយសហរដ្ឋអាមេរិកផងដែរ។

ទីក្រុងវ៉ាស៊ីនតោនបានជំរុញប្រទេសទាំងពីរឱ្យផ្សះផ្សាគ្នា ហើយបានហៅផែនការផ្ដល់សំណងដល់ជនរងគ្រោះក្នុងសម័យសង្រ្គាមនេះថា “ជាគំនិតផ្តួចផ្តើមល្អមួយ” ប៉ុន្តែជនរងគ្រោះមួយចំនួនបានជំទាស់នឹងផែនការផ្ដល់សំណងនេះ។

ប្រភព៖ Reuters ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image