en     km
en     km

បទវិភាគ៖ការដាស់តឿនរបស់នាយករដ្ឋមន្រ្តីទៅក្រុមតារាចម្រៀងបង្ហាញពីផលអវិជ្ជមាននៃការទទួល ទានភេសជ្ជៈផ្អែមៗ

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងដាស់តឿនដល់ក្រុមតារាចម្រៀងដែលតែងទទួលទាន់ភេសជ្ជៈផ្អែមញឹកញាប់ក្នុងការសម្តែងរបស់ខ្លួន ដែលបញ្ហានេះគឺប្រឈមនឹងបញ្ហាជំងឺទឹកផ្អែម។ សារក្រើនរំលឹកនេះ ស្របពេលដែលស្ថាប័នធ្វើការលើបញ្ហាបានរកឃើញពីបញ្ហាច្រើននៃជំងឺទឹកនោមផ្អែម។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគរបស់លោក កែវ សុខា ដូចតទៅ!

ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល លើកទី៤២ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារតាស់តឿនដល់ក្រុមសិល្បករ ពិសេសតារាចម្រៀងដែលតែងទទួលទានភេសជ្ជៈផ្អែមៗលើឆាក ជាអ្វីដែលនាយករដ្ឋមន្រ្តីបារម្ភថាទង្វើនោះហ្នឹងនាំក្តីអន្តរាយដល់ពួកគេ ពោលគឺការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែម។

បើទោះ​បីជាសារនេះហាក់លាយឡំជាមួយពាក្យសំដីកំប្លែងសើចខ្លះៗក្តី តែបានបង្គប់នូវចេតនាអប់រំ ក្រើនរំលឹក និងបង្ហាញសមានចិត្តអាណិតអាសូរដល់ក្រុមតារា ត្បិតជាកត្តាសត្យានុម័តបើសិនជាសកម្មភាពបែបនេះនៅតែបន្តថា នោះអត្រានៃការកើតមានបញ្ហាទឹកនោមផ្អែមក៏អាចកើតឡើងចំពោះពួកគេដែរ។

ជាក់ស្តែងក្រុមសិល្បករមួយចំនួនកន្លងមកបានកើតមានជំងឺទឹកនោមផ្អែមនេះ ហើយពួកគេខ្លះត្រូវបានគេបង្ហោះរូបភាពនៃសភាពរាងកាយមិនល្អភ្នែកមើលប៉ុន្មាននោះទេ ដើម្បីជាសារបញ្ជាក់ថា ពួកកំពុងត្រូវការជំនួយពីសប្បុរសជន។

ម្តងម្កាល នាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាជូនអ្នកសិល្បៈទាំងនោះដើម្បីជាការសម្រលការលំបាកចំពោះមុខ។ក្នុងបទវិភាគនេះ យើងសុំមិនរំលើកឈ្មោះសិល្បករ សិល្បការិនីដែលកើតមានជំងឺទឹកផ្អែមទាំងនោះទេ ដើម្បីរក្សាបានសិទ្ធិឯកជនភាពរបស់ពួកគេ។

ទឹ្រស្តីក្នុងវិស័យជំនួញគេតែងលឺពាក្យមួយឃ្លានិយាយថា«លើកលោកនេះគ្មានឡើយមិត្ត ហើយក៏គ្មានដែលសត្រូវ ពោលគឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ»។ ពំនោលនេះ មិនអាក្រក់នោះទេ តែការយកមកអនុវត្តរបស់រូបវ័ន្តបុគ្គល ឬនីតិបុគ្គលនីមួយៗទៅវិញនោះទេ ដែលស្តែងឱ្យឃើញពីបំណងនិងចេតនាល្អ ឬអាក្រក់។

ជាប្រក្រតីក្រុមហ៊ុនរកស៊ីទាំងអស់និយាយជារួម និងនិយាយដោយឡែកក្នុងអត្ថបទវិភាគនេះគឺចង់សំដៅលើក្រុមហ៊ុនផលិត ផលភេសជ្ជៈរសជាតិផ្អែមៗ គឺក្រុមហ៊ុនទាំងនោះត្រូវការប្រាក់ចំណេញ។ ដើម្បីជាថ្នូរនឹងការទទួលបានផលចំនេញ ក្រុមហ៊ុនគឺប្រើប្រាស់មធ្យោយបាយគ្រប់បែបយ៉ាង មានទាំងការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ លិខិតប័ត្រ ប៉ាណូធំៗតាមផ្លូវសាធារណៈ និងតាមបណ្តាញសង្គមនានាឥតឈប់ឈរ។ ផ្នែកមួយទៀតនៃការផ្សព្វផ្សាយពីផលិតផលភេសជ្ជៈផ្អែមៗរបស់ក្រុមហ៊ុនទាំងនោះ គឺការប្រើប្រាស់រូបភាពតារាចម្រៀងជួយផ្សព្វផ្សាយក្នុងកម្មវិធីការប្រគុំតន្ត្រីនានា។

ជាការពិតតារាចម្រៀងល្បីៗមួយចំនួនគឺជានិមិ្មតរូបក្នុងចិត្តនៃស្រទាប់មហាជនពិសេសយុវវ័យ។ អ្នកខ្លះស្រលាញ់ងប់ងល់ទៅនឹងតារាចម្រៀងល្បីៗទាំងនោះ។ ម្ល៉ោះហើយ ពេលតារាក្នុងដួងចិត្តពួកគេធ្វើសកម្មភាពអ្វី អ្នកទាំងនោះខ្លះតែងធ្វើត្រាប់តាម ដូចជាការធ្វើតាមម៉ូតសក់ ការស្លៀកពាក់ និងស្ទាយតុបតែងខ្លួនជាដើម។ ហេតុដូច្នេះហើយ នៅពេលតារាៗទាំងនោះកាន់កំប៉ុងឬដបភេសជ្ជៈគាស់ផឹកលើឆាកខុនសើតបញ្ចេញនូវស្ទីលជាមួយប្រយោគសម្តីបែបបំប៉ោងពីផលិតផលតាមពិធីករណែនាំផង រូបភាពទាំងនេះបានបណ្តាលចិត្តឱ្យអ្នកគាំទ្រឱ្យសាកល្បងទទួលទានតាមពួកតារាទាំងនោះ។

ទង្វើរបស់តារាក្នុងការបង្ហាញគុណភាពផលិតផលលើឆាកប្រគុំតន្ត្រីបានផ្តល់នូវទំនុកចិត្តកាន់តែខ្ពស់ដល់ប្រិយមិត្ត ព្រោះតែអ្នកគាំទ្រយល់ថា សូម្បីតែតារាមានរាងរូវដងខ្លួនស្អាតល្អក៏ទទួលទានភេសជ្ជៈទាំងនោះហើយ ដូច្នេះទំនងជាផលិតផលទាំងនោះមានគុណភាពអាចទុកចិត្តបាន។

ការលើកយកប្រធានបទនេះមកមិនមែនមានន័យថា ការទទួលទានភេសជ្ជៈសុទ្ធតែមិនល្អ ប៉ះពាល់ដល់សុខភាពអ្នកទទួលទានទាំងអស់នោះទេ។ ប៉ុន្តែការទទួលដែលមិនបានយល់ដឹងពីសេចក្តីត្រូវការរបស់រាងកាយទៅវិញទេ គឺជាមូលហេតុនាំឱ្យគ្រោះថ្នាក់ដល់សុខភាព។

តាមការបង្ហាញក្នុងសៀវភៅនិយាយពីជំងឺទឹកនោមផ្អែមមួយចំនួនបានលើកឡើងថា នៅក្នុងភេសជ្ជៈផ្អែមៗមួយកំប៉ុងឬមួយដប់ គឺមានកំហាប់ជាតិស្ករខ្ពស់ខ្លាំង។និយាយឱ្យងាយយល់គឺក្នុងមួយកំប៉ុងឬមួយដបអាចមានស្កររហូតដល់ទៅ ៩ ស្លាបព្រាបាយឯណ្ណោះ។

កំហាប់ជាតិស្ករផ្អែមជ្រុលទាំងនេះហើយជាដើមចមនៃការឡើងទម្ងង់ខ្លួន។ ការឡើងទម្ងង់ឬឡើងគីឡូមានមូលហេតុច្រើន តែមូលហេតុមួយក្នុងចំណោមនោះគឺមកពីការទទួលទានជាតិស្ករច្រើនជ្រុលពេក។

ការទទួលទានអាហារឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ងាយនឹងធ្វើឱ្យធាត់ណាស់។ មូលហេតុព្រោះថាអាហារឬភេសជ្ជៈផ្អែមៗ ដែលយើងញុំាចូលទៅរាង្គកាយរបស់យើងនឹងរក្សាទុកជាតិស្ករទាំងនោះក្នុងខ្លួនដើម្បីផ្តល់នូវថាមពលដល់រាងកាយវិញសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារ។ ករណីនេះបើសិនជារាងកាយបានធ្វើការងារប្រើកម្លាំងកាយខ្លាំងដូចជាការលើកដាក់ កាប់គស់ លីសែង និងសកម្មភាពកីឡាខ្លាំងនោះជាតិស្ករដែលទទួលនឹងត្រូវប្រើអស់។ការប្រើថាមពលខ្លាំងជាតិស្ករត្រូវបានប្រើអស់ ដូចនេះជាតិស្ករក្នុងខ្លួនមិននៅសល់ដែលត្រូវបំលែងជាងខ្លាញនោះទេ។

ក៏ប៉ុន្តែមនុស្សសព្វថ្ងៃដែលមមាញឹកនឹងការងារច្រើនមិនសូវមានទម្លាប់ហាត់ប្រាណទៀងទាត់នោះទេ ដែលប្រការនេះធ្វើឱ្យខ្លាញក្នុងរាងកាយមិនត្រូវបានដុតដែលបណ្តាលឱ្យមនុស្សធាត់។ ការធាត់ឬឡើងគីឡូនេះហើយជាដើមចមនាំឱ្យមានបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។

ប្រសិនណាជាអ្នកទទួលទានភេសជ្ជៈផ្អែមៗជ្រុលត្រូវប្រាកដចិត្តថា អ្នកត្រូវធ្វើលំហាត់ប្រាណឱ្យខ្លាំងៗដើម្បីកុំឱ្យជាតិស្ករសល់ហើយបំលែងជាខ្លាញក្នុងខ្លួនអ្នក។

ជំងឺទឹកនោមផ្អែមបច្ចុប្បន្នកំពុងស្ថិរក្នុងលំដាប់ជំងឺល្បីមួយ ដែលមានការនិយមនិយាយតៗគ្នា ខ្លះលើកមកនិយាយចំអកចំអន់គ្នាក្នុងន័យលេងសើចក៏មាន ពោលគឺដូចជំងឺអេសដ៍ដែលល្បីកាលពីទស្សវត្សមុន។

យោងតាមការវាយតម្លៃរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានរកឃើញថា អ្នកមានជំងឺទឹកនោមផ្អែមចំនួន ២២ នាក់បានស្លាប់ក្នុង ១ ថ្ងៃៗ ទិន្នន័យនេះរកឃើញក្នុងឆ្នាំ ២០១៩។

ស្ថាប័នអន្តរជាតិមួយនេះ បានរកឃើញទៀតថា អ្នកជំងឺម្នាក់ចំណាយលុយប្រហែល ២៣៨ ដុល្លារក្នុង ១ ឆ្នាំដើម្បីថែរក្សាឱ្យមានលំនឹងជាតិស្ករ ត្បិតជំងឺនេះពុំទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយនៅឡើយទេ។ ដោយឡែកនៅឆ្នាំ ២០១៩ ដដែររបាយការណ៍បង្ហាញថា អ្នកជំងឺទឹកនោមផ្អែកដែលមានសរុបបានចំណាយថវិកាប្រហែល ១០២ លានដុល្លារអាមេរិកក្នុងការរក្សាលំនឹងជាតិស្ករ។

ស្ថាប័នមួយនេះ បានប៉ាន់ប្រមាណទៀតថាក្នុងឆ្នាំ ២០៣០ ខាងមុខ ការចំណាយលើថ្លៃព្យាបាលរក្សាជាតិស្ករលើជំងឺទឹកនោមផ្អែមនៅកម្ពុជា អាចឡើងដល់ ១៤៥,៩ លានដុល្លារអាមេរិកផងដែរ។

នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ អត្រាស្លាប់នៃអ្នកកើតជំងឺទឹកនោមផ្អែមបានកើនដល់ ៨ ៣២៥ នាក់ ខណៈអត្រាអ្នកកើតជំងឺនេះបានកើនដល់ជិត ៥០ ម៉ឺននាក់។

យើងមិនអាចប្រកែកបាននោះទេថា ក្រុមហ៊ុនលក់ផលិតផលភេសជ្ជៈទាំងនោះគឺជាផ្នែកមួយផ្តល់ចំណូលចូលរដ្ឋតាមរយៈពន្ធអាករនានា។ ហើយតារាចម្រៀងតារាសម្តែង កីឡាករ ខ្លះអាចមានប្រាក់ចំណូលនិងខ្លះមានជីវភាពធូរធារផងក៏ដោយសារការបានទៅសម្តែងក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ក្រុមហ៊ុនទាំងនោះបានចំណាយលុយ។

ក៏ប៉ុន្តែផលវិបាករាប់រយជំពូកដរចេញពីការទទួលទានភេសជ្ជៈផ្អែមៗវិញគឺបង្កភាពស្មុគស្មាញដល់កិច្ចអភិវឌ្ឍសង្គមដែរ។ សាកគិតមើល បើសិនជាពលរដ្ឋខ្មែរពីមួយឆ្នាំទៅមួយឆ្នាំចេះតែកើតមានជំងឺទឹកនោមផ្អែមកាន់តែច្រើន តើរដ្ឋាភិបាលនឹងទទួលរ៉ាប់រង ទទួលបន្ទុកនេះយ៉ាងណាស់។ ហើយបើសិនជាពលរដ្ឋពោលពេញដោយអ្នកជំងឺ តើធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនឹងទៅជាយ៉ាងណា បើពលរដ្ឋម្នាក់ៗឈឺអស់ទៅហើយនោះ។

សម័យមុនគេច្បាំងគ្នាធ្វើសង្គ្រាមដោយប្រើអាវុធមានកាបិទ លំពែង និងទ័ព។ ដូចយើងបានដឹងពីប្រវត្តិសាស្រ្តស្រេចស្រាប់ហើយថា ខ្មែរយើងនិងប្រទេសជិតខាងមានប្រវត្តិធ្វើសង្គ្រាមរាំងជល់ជាមួយគ្នា ដើម្បីលេបទឹកដី ក្តាប់យកសិទ្ធិអំណាចអាណាចក្រមកគ្រប់គ្រងរៀងៗខ្លួន។ បើទោះបីជាសម័យនេះឬបច្ចុប្បន្ននេះប្រទេសកម្ពុជាមានសុខសាន្ត្រានជាមួយប្រទេសជិតខាងក៏ពិតមែន តែយើងមិនដឹងពីមហិច្ឆិតារបស់គេទៅជាយ៉ាងណាទេនាពេលអនាគតខាងមុខ។

តែរូបភាពបង្ហូរផលិតផលពីបរទេសជិតខាងដែលនាំទុកទោសដល់សុខភាព គឺជារូបភាពដែលយើងឃើញជាក់ស្តែង ទោះបីក្នុងន័យជួយលើកស្ទួយវិស័យសិល្បៈ ឬវិស័យកីឡាក្តី តែវាជាបញ្ហាមួយដែលត្រូវប្រយ័ត្នប្រយែង។

ត្រូវបុ្រងប្រយ័ត្នត្បិតថា បើសិនជាការបង្ហូរផលិតផលបរទេសចូលមកកម្ពុជាកាន់តែច្រើន នោះមានន័យថាការទទួលរបស់ពលរដ្ឋខ្មែរក៏មានចំនួនច្រើនដែរ។ ប្រការនេះស្តែងឱ្យឃើញថា គេធ្វើសង្រ្គាមដោយមិនចាំបាច់ប្រើទ័ពនិងសព្វាវុធមកច្បាំង គឺបានជ័យជម្នះដោយស្វ័យប្រវត្តិ។

ឈ្នះដោយស្វ័យប្រវត្តិក្នុងន័យនេះ គឺសំដៅថា បើសិនជាពលរដ្ឋពោរពេញដោយអ្នកជំងឺ សួរថា មានពេលឯងណាមកគិតគូរពីការអភិវឌ្ឍន៍ប្រទេសជាតិ នេះហើយជាប្រៀបឈ្នះរបស់បច្ចាមិត្តក្បែរខាង។

ប្រសិនបើប្រជាពលរដ្ឋភាគច្រើនជាអ្នកជំងឺ តើរដ្ឋាភិបាលនឹងត្រូវរែកអំរែកនេះទៅមុខយ៉ាងណា ឬក៏ត្រូវធ្វើដូចលោក រ៉ូទ្រីហ្គូ ដូធើតេ អតីតប្រធានាធិបតីហ្វីលីពីន ដែលឡើងមកភ្លាមបោសសំអាតអ្នកញៀនថ្នាំដោយការសម្លាប់?

ដូច្នោះហើយ អំណឹះតទៅគឺមានតែអ្នកមានសិទ្ធិធ្វើសេចក្តីសម្រេចតែប៉ុណ្ណោះដែលអាចបញ្ចប់បញ្ហា ហើយវាពុំទាន់ហួសពេលពេកនោះទេ។ អ្នកមានអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តត្រូវតែគិតគូរពីផលចំណេញនិងផលខាតដែលដរចេញពីផលិតផលផ្អែមទាំងនេះ៕

 

 

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង