ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបង្ហាញសមានចិត្តព្រួយបារម្ភទៅកាន់ក្រុមតារាចម្រៀង ដោយខ្លាចពួកគេកើតមានជំងឺទឹកនោមផ្អែម ព្រោះសម្តេចយល់ឃើញថា តារាចម្រៀងភាគច្រើនតែងផឹកភេសជ្ជៈផ្អែមស្ទើរគ្រប់កម្មវិធី។
នាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរជាងគេនៅអាស៊ីរូបនេះ បានថ្លែងបង្ហាញឈ្មោះក្រុមហ៊ុនភេសជ្ជៈផ្អែមៗទាំងនោះមិនស្ទាក់ស្ទើរ ខណៈសម្តេចតក់សម្គាល់ឃើញថា ពួកគេតែងលើកបង្ហាញនិងផឹកភេសជ្ជៈដែលមានរស់ជាតិផ្អែមលើឆាកតន្ត្រី ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយផលិតជូនដល់ក្រុមហ៊ុនទាំងនោះ។
ប្រសាសន៍សម្តេច ហ៊ុន សែន៖
ការថ្លែងរបស់សម្តេចធ្វើឡើងក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល ៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ដែលប្រពឹត្ដទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
បើយោងតាមការវាយតម្លៃរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានរកឃើញថា អ្នកមានជំងឺទឹកនោមផ្អែមចំនួន ២២ នាក់ស្លាប់ ក្នុង ១ ថ្ងៃ គិតក្នុងឆ្នាំ ២០១៩។
ស្ថាប័នអន្តរជាតិមួយនេះ បានរកឃើញទៀតថា អ្នកជំងឺម្នាក់ចំណាយប្រហែល ២៣៨ ដុល្លារក្នុង ១ ឆ្នាំដើម្បីព្យាបាលរក្សាលំនឹងជាតិស្ករ។ ដោយឡែក នៅឆ្នាំ ២០១៩ អ្នកជំងឺទឹកនោមផ្អែកបានចំណាយថវិកាសរុបប្រហែល ១០២ លានដុល្លារអាមេរិកក្នុងការព្យាបាល។
ស្ថាប័នមួយនេះ បានប៉ាន់ប្រមាណដែរថា ក្នុងឆ្នាំ ២០៣០ ការចំណាយលើថ្លៃព្យាបាលលើជំងឺទឹកនោមផ្អែមនៅកម្ពុជា អាចឡើងដល់ ១៤៥,៩ លានដុល្លារអាមេរិកផងដែរ។
នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ អត្រាស្លាប់នៃអ្នកកើតជំងឺទឹកនោមផ្អែមបានកើនដល់ ៨ ៣២៥ នាក់ ខណៈអត្រាអ្នកកើតជំងឺនេះបានកើនដល់ជិត ៥០ ម៉ឺននាក់៕