en     km
en     km

ក្រុមស្រ្តីមកពីតំបន់ផ្សេងៗគ្នាបង្ហាញបញ្ហាប្រឈមក្នុងវេទិកា«មួយរយកោដិសំឡេង»ជំរុញសេរីភាពបញ្ចេញមតិមានភាពពេញលេញ

Share

ភ្នំពេញ៖ ក្រុមស្រ្តីមកពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាបានលើកឡើងនូវបញ្ហាប្រឈមនានារបស់ពួកគេនៅក្នុងយុទ្ធនាការ«មួយរយកោដិសំឡេង» ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ«ក្រោកឡើងដើម្បីសេរីភាពរបស់ក្មេងស្រីនិងស្រ្តីគ្រប់ចម្រុះភាព»។ ក្រុមស្រ្តីដែលចូលរួមក្នុងកម្មវិធីលើកឡើងថា ការរើសអើង ការប្រកាន់ពូជសាសន៍នៅតែកើតមានឡើងចំពោះពួកគេ ដែលប្រការនេះជាមូលហេតុបណ្តាលឱ្យមានបញ្ហាចម្រូងចម្រះនៃសេរីភាពបញ្ចេញមតិរបស់ក្មេងស្រី និងសិទ្ធិរបស់ស្រ្តីធៀបនិងបុរសនៅមានកម្រិតរហូតមកដល់បច្ចប្បន្ន។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍របស់កញ្ញា គុល ស៊ីកុល ដូចតទៅ!

កញ្ញា ស៊ីនួន ៖ «ចាស! សម្រាប់នាងខ្ញុំអ្វីដែលជាផលលំបាករបស់ខ្ញុំតាំងពីតូចរហូតមកដល់បច្ចប្បន្នហ្នឹងអ្វីដែលយើងបានឆ្លងកាត់ហ្នឹង គឺការរើសអើង ដូចយើងដឹងហើយថាជនជាតិដើមភាគតិចពួកគាត់បើទាក់ទងទៅនឹងការរើសអើងហ្នឹងគឺពួកគាត់ឆ្លងកាត់ច្រើន»។

អ្នកស្រី នីកា៖ «ចំពោះខ្ញុំដែលជាស្រ្តីអ្នកមានពិការភាព គឹដូចថាភាគច្រើនពេលខ្លះទៅគ្រាន់ដឹងថា ធម្មតាពេលយើងទៅណាចឹង គ្រាន់គេឃើញយើងពិកាភ្នែកចឹង ហែងមកធ្វើអ្វីហា មើលអីឃើញ គឺថាគាត់រើសអើងហើយស្រាប់ហើយ»។

កញ្ញា ស្រីពៅ ៖« រឿងដែលធ្លាប់ជួប និយាយទៅតាំងពីយើងនៅរៀន និយាយទៅតាំងពីរៀននៅវិទ្យាល័យខ្ញុំជួបបញ្ហាច្រើន ដូចពេលខ្លះដូចនិយាយចឹងការបញ្ចេញសម្លេងរបស់យើងនៅមានកម្រិតច្រើន។ ពេលខ្លះមិនថានៅពេលមានអង្គប្រជុំ និយាយទៅនៅពេលមានកិច្ចពិភាក្សាម្តងៗគឺចម្លេងយើងនៅក្រោយគេរហូត»។

កញ្ញា ស៊ីនួន៖ «បើពីខ្ញុំហ្នឹង ទាក់ទងនឹងអត្តសញ្ញាណដែលជាស្រ្តីមកពីសហគមន៍ជនជាំទិដើមភាគតិច គឺអាចថាប្រឈមមើលឃើញទៅលើបញ្ហាគេរើសអើង។ ឧទាហរណ៍ពេលទៅក្រៅអីចឹងមិចបានអត់ទទូលក្រមា អត់អីចឹងទៅ។ ទាក់ទង់នឹងមួយទៀតហ្នឹងគឺការផ្តល់ឱកាស ការផ្តល់ឱកាសគឺនៅមានតិចមែនទែន»។

នេះជាការលើកឡើងរបស់ស្រ្តីៗដែលមកពីតំបន់ខុសៗគ្នានៃប្រទេសកម្ពុជា។ ស្រ្តីខ្លះជាជនជាតិដើមភាគតិចមកពីភូមិភាគឦសាន ហើយស្ត្រីខ្លះទៀតជាជនជាតិឥស្លាម ដែលពួកគេបានចូលរួមក្នុងកម្មវិធី មួយរយកោដសម្លេង។ «មួយរយកោដិសំឡេង» គឺជាយុទ្ធនាការជាសាកល និងជាសកម្មភាពដ៏ធំបំផុតដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី (អ្នកដែលមានភេទស្របពីកំណើត និងអ្នកដែលមានអត្តសញ្ញាណយេនឌ័រដទៃទៀតដែលត្រូវទទួលរងអំពើហិង្សាផ្អែកលើយេនឌ័រ) នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ជាងនេះ វាទិកា«មួយរយកោដសម្លេង»នេះ បានផ្តល់ឱកាសឱ្យពួកគាត់គាត់បញ្ចេញនូវរឿងរ៉ាវផ្សេងៗដែលគាត់ហាក់ដូចមិនទទួលបានភាពស្មើសិទ្ធិមនុស្សជាតិ ពិសេស សិទ្ធិស្មើភាពក្នុងសង្គមដែលពួកគេត្រូវទទួលបាន។

យ៉ាងណាមិញក្រុមស្រ្តីទាំងនេះ បានបង្ហាញពីបញ្ហាប្រឈមដែលខ្លួនមិនអាចប្រើប្រាស់សីទ្ធសេរីភាពក្នុងការបញ្ចេញមតិបានពេញលេញ ពីព្រោះតែពួកគេរស់នៅក្នុងបរិបទមួយដែលមានការរឹតត្បិតផ្នែកទំនៀមទម្លាប់ ដែលធ្វើឱ្យក្មេងស្រី និងស្ត្រីមិនបានរៀនសូត្រច្រើន និងកាន់មុខតំណែងខ្ពង់ខ្ពស់ពេកនោះទេ។

ក្នុងនោះកញ្ញា សេន លេ មកពីសហគមន៍ភាគតិចឥស្លាមដែលបានចូលរួមកម្មវិធីនេះ និយាយថាស្រ្តីៗឥស្លាមមួយចំនួននៅតែទទួលឥទ្ធិពលអវិជ្ជមាននៃផ្នត់គំនិតដែលធ្វើឱ្យស្រ្តីមិនមានថាមពលគ្រប់គ្រាន់ក្នុងការចាប់យកក្តីស្រមៃដូចទៅនឹងជនជាតិមួយផ្សេងៗទៀត។ ស្រ្តីឬក្មេងស្រីឥស្លាមហាក់នៅមានឱកាសតិចតួចបើធៀបនឹងបុរស ទាំងក្នុងសង្គមការងារ ការសិក្សា និងការចូលរួមនានា។

កញ្ញា សេន លេ៖ «កត្តាខាងក្រៅដូចជាគ្រួសារយើង ដូចជាសហគមន៍ដែលគេតែងនិយាយថាស្រីៗមុជមិនជ្រៅទៅមិនឆ្ងាយពាក្យហ្នឹងមួយគឺវាបំបាក់ទឺកចិត្តក្មេងស្រី បំបាក់ទឹកចិត្តដែលគាត់មកពីក្រុមភាគតិចពីព្រោះគាត់រស់នៅក្នុងផ្នត់គំនិតមួយដែលថាអត់គាំទ្រឱ្យគាត់(ស្រ្តី)ឈោងចាប់យកក្តីស្រមៃរបស់គាត់ទេ អីចឹងពាក្យហ្នឹងវាពិបាក»។

កញ្ញា សេន លេ មកពីសហគមន៍ភាគតិចឥស្លាម

ចំណែកយុវតី ស្រីពៅ ជាស្រ្តីវ័យក្មេងម្នាក់ បាននិយាយពីបញ្ហានៃបរិបទដែលខ្លួនរស់នៅ គឺមិនសូវជាមានការគាំទ្រពីអ្នកពាក់ព័ន្ធទៅលើស្រ្តីនោះទេ។ កញ្ញាបន្ថែមថា កញ្ញាខ្លួនឯងតែងជម្រុញទឹកចិត្តខ្លួនឯងឱ្យមានភាពក្លាហានក្នុងការបញ្ចេញមតិ ខណៈបរិស្ថានជុំវិញខ្លួនមិនសូវបង្កបរិយាកាសដល់ស្រ្តីបានចូលនិងបញ្ចេញមតិបានគ្រប់ជ្រុងជ្រោយនោះទេ។

កញ្ញា ស្រីពៅ ៖ «ខ្ញុំគិតថាវាមានមជ្ឈដ្ឋានច្រើនដែលព្យាយាមគាបសង្កាត់យើង ឬក៏ព្យាយាមអត់ចង់ឱ្យយើងបញ្ចេញសម្លេង អត់ចង់ឱ្យយើងក្លាយជាអ្នកដឹកនាំជាពិសេសយើងជាស្ត្រី អីចឹងមានតែខ្លួនឯងទេដែលដើរតួរយ៉ាងសំខាន់ក្នុងការបញ្ចេញសម្លេង ឬក៏ព្យាយាមកំណាត់អ្វីដែលខ្លួនឯងចង់បាន»។

ស្រីពៅ ជាស្រ្តីវ័យក្មេងម្នាក់

សម្រាប់យុវតីដែលមានសញ្ជាតិជាជនជាតិដើមភាគតិចចារាយម្នាក់ទៀតឯណេះវិញ គឺកញ្ញា ស៊ីនួន ក៏បានលើកឡើងនូវបញ្ហាប្រឈមប្រហាក់ប្រហែលគ្នាទៅនឹងអ្វីដែលកញ្ញាសេន លេ និងកញ្ញា ស្រីពៅ ដែរ ដែលកញ្ញាបានជួបប្រទះ។ ស៊ីនួន និយាយថា ចន្លោះខ្វះខាតនៃសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងសហគមន៍របស់នាងគឺបញ្ហាអាចបណ្តាលមកពីកត្តាខ្លួនឯង បរិស្ថានជុំវិញខ្លួន និងបញ្ហាទំនៀមទំលាប់ផងដែរ។

កញ្ញា ស៊ីនួន៖ « ចំពោះខ្ញុំបើនៅសហគមន៍របស់ខ្ញុំវាកត្តាចាអាចមកពីកត្តាខ្លួនឯងផងហើយនិង កត្តាខ្លួនឯងហ្នឹងដូចជាពេលខ្លះយើងចងើចូលរួម ប៉ុន្តែយើងនៅមានភាពយើងអត់ក្លាហាន យើងនៅមានដូចថាសម្ពាធបន្តិចបន្តួចអីចឹង។ ដូចធាពេលខ្លះគេថាអញចេះអញ្ចោះទៅវាអាចធ្វើឱ្យយើងបាក់ទឺកចិត្តទៅ។កត្តាមួយទៀតមកពីបរុបទអញចឹងបរិបទនៃការរស់នៅរបស់យើង ដូចយើងដូចនាងខ្ញុំជាជនជាតិដើមភាគតិចចឹងយើងនៅឆ្ងាយ នៅតមបន់ដាច់ស្រយាលហើយបរិបទនៃការរស់នៅរបស់យើងហ្នឹងគឺមិនសូវជាគាំទ្រទៅលើស្រ្តីដែលថាអាចដើរឆ្ងាយ ឬក៏បានរៀនឆ្ងាយអីទេ »។

កញ្ញា ស៊ីនួន ជាជនជាតិដើមភាគតិចចារាយ

នៅថ្ងៃសុក្រទី១៩ មីនា ឆ្នាំ២០២១ អង្គការតម្លាភាពកម្ពុជា ចេញរបាយការណ៍កម្រាស់១៥ទំព័រ ដោយខ្លឹមសារនៃរបាយការណ៍បញ្ជាក់ថា ស្រ្តីនិងយុវជនជាង ៦០០នាក់ ដែលបានផ្តល់បទសម្ភាស សុទ្ធសឹងតែជួបបញ្ហាប្រឈមច្រើនចំណុច ដែលបង្អាក់ពួកគេមិនអាចចូលរួមក្នុងវិស័យសាធារណៈបាន។
បើតាមរបាយការណ៍ដដែល ស្ដ្រីត្រូវបានរើសអើងដោយសមភាពយេនឌ័រក្នុងសង្គម ដោយអំណាចនិងការគ្រប់គ្រងមួយចំនួនធំ ដែលមានបុរសជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះ ការដាក់បន្ទុកឲ្យធ្វើការងារផ្ទះ ការទទួលបានការអប់រំទាប កង្វះឱកាសចូលរួមផ្នែកនយោបាយ កង្វះហិរញ្ញវត្ថុ ឧបសគ្គស្ថាប័ន បញ្ហាសុខភាព ជាកត្តាដែលធ្វើឲ្យស្រ្តីមានចំនួនតិចតួចបានចូលរួមក្នុងវិស័យសាធារណៈ និងតួនាទីជាអ្នកសម្រេចចិត្តនៅក្នុងសង្គម។
ដើម្បីជាដំណោះស្រាយក្នុងការផ្តល់ឱកាសដល់ស្រ្តីឱ្យមានវត្តមានចូលរួមការងារសង្គមកាន់តែច្រើន កញ្ញា សេន លេ បានលើកជាសំណូមពរថា៖

កញ្ញា សេន លេ៖« តាមពិតទៅទាក់ទងនឹងអីដែឡចង់មើលឃើញហ្នឹងច្រើន ប៉ុន្តែអីដែលចង់ឃើញជាងគេគឺការរាប់បញ្ចូលហើយទាក់ទងនឹងថ្នាក់Policy makers(អ្នកបង្កើតគោលនយោបាយ) ក៏អាចរាប់បញ្ចូលពួកគាត់(ជនជាតិភាគតិចឥស្លាម)ដែរក្នុងការធ្វើការអ្វីមួយខ្ញុំគិតថាសម្លេងរបស់ពួកគាត់គឺសំខាន់ដែលក្នុងការចាប់ផ្តើមពីដំបូងពីព្រោះថា យើងធ្វើ Policy ធ្វើគោលនយោបាយធ្វើអីបើអត់មានអ្នកដែលជាម្ចាស់សម្លេងក្នុងការចូលរួមចឹងទៅណាស់»។

កញ្ញា ស៊ីនួន ក៏ស្នើឱ្យបឈ្ឈប់ការរើសអើង និង មានការសហការពីរាជរដ្ឋាភិបាល អង្គការក្រៅរាជរដ្ឋាភិបាល និងស្ថាប័ននានា ចូលរួមទទួលយក និង បើកសិទ្ធិសេរីភាពពេលេញក្នុងការបញ្ចេញមតិរបស់ក្មេងស្រីនិងស្រ្តី មិនថាស្រ្តីជនជាតោដើមភាគតិចឬ ជនជាតិដទៃទៀតនោះទេ។

កញ្ញា ស៊ីនួន៖« នៅពេលដែលយើងពុំមានការរើសអើង ដូចថាលក្ខខ័ណ្ឌខ្លះដូចថាគេដាក់ពាក្យ ឬក៏ការងារគេដាក់មកដូចថារើសទាំងពីរ ប៉ុន្តែជាក់ស្តែងនៅពេលដែលដាក់ពាក្យអីចឹង ជាក់ស្តែងគេអត់យកទាំងពីរទេ។ គេយកតែមនុស្សប្រុសទេ»។

រីឯស្រ្តីពិការភាពផ្នែកភ្នែកទាំងសងខា ឈ្មោះ នីកា សំណូលពរឱ្យមនុស្សគ្រប់រូបចូលរួមគោរព និងផ្តល់តម្លៃ ដល់អ្នកដែលមានពិការភាព ព្រមទាំងផ្តល់ឱកាសឱ្យពួគគេបានចូលរួមសកម្មភាពផ្សេងៗដែលជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិ។

​នីកា៖ «ខ្ញុំចង់ឃើញការផ្លាស់ប្តូរ ជាពិសេសគឺស្ត្រីមានពិការភាពគ្រប់ប្រភេទដូចថាកុំមើលឃើញតែពិការភាពរបស់ពួកគាត់ជាជាងសមត្ថភាពពីព្រោះថាយើងអត់ដឹងថាសមត្ថភាពរបស់ពួកគាត់នឹងមានកម្រិតណាទេ។ គ្រាន់តែឃើញតែឃើញពិការភាពរបស់គាត់ហ្នឹងឆ្វាច់គឺក្នុងន័យថាគិតអវិជ្ជមានហើយ។ អីចឹងខ្ញុំចង់ឃើញការផ្លាស់ប្តូរចំពោះនារីពិការភាព និងការរួមបញ្ចូលមិនថាអង្គការ ឬ ទាំងក្រុមហ៊ុនគឺថាដើម្បីឱ្យគាត់មានឱកាសក្នុងការសាកល្បងសមត្ថភាពរបស់ពួកគាត់»។

នីកា ស្រ្តីពិការភាពផ្នែកភ្នែកទាំងសងខាង

យោងតាមរបាយការណ៍សមិទ្ធផលការងាររបស់ក្រសួងកិច្ចការងារនារីឆ្នាំ ២០១៩-២០២២ និងទិសដៅបន្ត បានឱ្យដឹងថាស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសមាមាត្រនៃការចូលរួមនិងតួនាទីស្ត្រីធ្វើសេចក្តីសម្រេចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះរបាយការណ៍បង្ហាញឱ្យឃើញថា មន្ត្រីរាជការជាស្ត្រីបានកើនឡើងដល់ ៤១ ភាគរយ នៅឆ្នាំ ២០១៨ ដល់ ៤២ ភាគរយ នៅឆ្នាំ ២០២១ និងនៅក្នុងមុខតំណែងគ្រប់គ្រងកើនឡើងពី ២៤,៣៣ ភាគរយ នៅឆ្នាំ ២០១៨ ដល់ ២៦ ភាគរយនៅឆ្នាំ ២០២១ ។ ស្ត្រីជាមេឃុំ-ចៅសង្កាត់បានកើនឡើងពី ៧,៨៩ ភាគរយនៅឆ្នាំ ២០១៨ ដល់ ១០,៤៦ ភាគរយ នៅឆ្នាំ ២០២២ និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានកើនឡើងពី ១៣,៩៣ ភាគរយនៅឆ្នាំ ២០១៨ ដល់ ២២ ភាគរយ នៅឆ្នាំ ២០២២ ៕

 

Share

ព័ត៌មានទាក់ទង

Image