ជំងឺដុំគីសដៃស្បូន គឺមានទ្រទ្រាយជាដុំទឹកមានស្រោម ឬថង់ដែលមានផ្ទុកទៅដោយទឹករាវ រំអិលខាប់ស្អិត លាយឡំឈាមរដូវខាប់ៗ ឬមានជាលិកា សក់..ធ្មេញលាយឡំបញ្ចូលគ្នា នៅខាងក្នុងនៃអូវែដែលនៅសងខាងដៃស្បូនរបស់ស្ត្រីឬគេហៅថា ក្រពេញមេជីវិតស្រ្តី។
តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានបង្ហាញនូវរោគសញ្ញានៃជំងឺដុំគីសដៃស្បូននេះដូចខាងក្រោម៖
ស្ត្រីមានអាការៈឈឺចាប់ស្ទំៗ ឬឈឺងំតិចៗមិនបាត់ក្នុងអាងត្រគាក មុនពេលមករដូវ ឬពេលមករដូវ (អង់ដូម៉េទ្រីយ៉ូស៊ីស) និងពេលរួមភេទ។ អាការៈមួយទៀត គឺឈឺចាប់ខ្លាំងភ្លាមៗតែម្តង លាយក្អួតចង្អោរ ទៅតាមសភាពនៃផលវិបាករបស់គីស ដូចជាមានរមួល ឬបែកសង្កត់ទៅលើសរីរាង្គផ្សេងៗតាមទំហំនៃដុំគីស ។
បន្ថែមពីនេះ ស្រ្តីអាចមានអារម្មណ៍ថាណែនធ្ងន់ក្នុងពោះ ពិបាកនោម នោមញឹក ឬពិបាកបន្ទោរបង់ និងពេលខ្លះអាចមានការចុកពោះខ្លាំងភ្លាមៗផងដែរ។ ភាគច្រើនគីសដៃស្បូននេះ ក៏មានការវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់ផងដែរ។
តទៅនេះ យើងនឹងលើកយកនៅមូលហេតុនៃជំងឺដុំគីសដៃស្បូននេះមកបង្ហាញជូនប្រិយស្តាប់។
នាងកញ្ញា លោក លោកស្រី មូលហេតុនៃជំងឺនេះ គឺកើតឡើងទៅតាមប្រភេទនៃគីសនីមួយៗដូចជា ប្រភេទទី១ គឺ Follicular cyst: ដោយវាពុំបានបញ្ចេញពងមេជីវិតទេ។ ចំណែកប្រភេទទី ២ ជា Corpus luteum cyst គឺពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែ រន្ធនោះត្រូវបានបិទជិតវិញ។ សូមបញ្ជាក់ថា ដុំគីសទាំងពីរប្រភេទនេះ មិនបង្កបញ្ហាអ្វីទេ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ខែ បន្ទាប់។ ប៉ុន្តែប្រភេទទី ៣ មានឈ្មោះថា Dermoidcysts: គឺគីសនេះវាផ្សំទៅដោយជាលិការផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់។ រីឯប្រភេទទី៤ គឺ Cystadenomas: វាផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ។ ហើយចុងក្រោយនោះគឺ ប្រភេទទី៥ ឈ្មោះថា Endometriomas: វាផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិការអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន។
តទៅនេះ យើងនឹងបង្ហាញនៅការព្យាបាលនៃជំងឺនេះវិញម្តង ។ តាមមន្ទីរពេទ្យកាល់ម៉ែត្រ បានបង្ហាញថា ការព្យាបាលជំងឺនេះគឺអាស្រ័យទៅតាមរោគសញ្ញា អាយុរបស់ស្ត្រី ប្រភេទគីស និងទំហំគីស។
ចំពោះករណីធម្មតា គឺសំដៅដល់ប្រភេទដុំគីសប្រភេទទី១ និងទី២ គឺអ្នកជំងឺមិនតម្រូវឲ្យមានការវះកាត់នោះទេ។ចំណែកឯករណីធ្ងន់ធ្ងរ គឺតម្រូវឲ្យធ្វើការវះកាត់ដែរ។ ការវះកាត់នេះដែរ មានដូចជា ការវះកាត់ដោយបើកពោះ (Laparotomie) និងការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic)។ ការវះកាត់ដោយប្រើឧបករណ៍ចោះ គឺមានស្នាមរបួសតូច មិនសូវមានការឈឺចាប់ និងអាចបានត្រលប់ទៅផ្ទះឆាប់រហ័ស។
ការវះកាត់ទាំងពីរនេះមានប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកដៃស្បូន ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។
ជាចុងបញ្ជប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែត្របានណែនាំដល់ស្រ្តីគ្រប់រូប បើសិនជាមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញឯកទេស និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាលសមស្រប៕