en     km
en     km

ក្រសួងការបរទេស៖កម្ពុជាបន្ដអនុវត្តការទូតវប្បធម៌ក្នុងស្មារតីបង្កើនអំណាចស្រទន់នៅឆ្នាំ ២០២៣

Share

ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ ក្រសួងការបទេសថានឹងបន្ដអនុវត្តការទូតវប្បធម៌ អរិយធម៌ សិល្បះ និងម្ហូបអាហារ ដើម្បីបង្កើនអំណាចស្រទន់ ដើម្បីឱ្យគេស្គាល់កម្ពុជាលើឆាកអន្ដរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាទទួលជោគជ័យលើទំនាក់ទំនងការបរទេសជាមួយបណ្ដាប្រទេសនានា ក្រោយពេលធ្វើម្ចាស់ផ្ទះអាស៊ាន ដែលជាឆ្នាំមានបញ្ហាស្មុគស្មាញជាងគេក្នុងប្រវត្តិសាស្ដ្រអាស៊ាន ៥៥ឆ្នាំ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ កម្ពុជានឹងបន្ដអនុវត្តការទូតវប្បធម៌ រួមមានការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ សិល្បៈ និងម្ហូបអាហារ ក្នុងស្មារតីបង្កើត និងបង្កើនអំណាចស្រទន់ ដើម្បីឱ្យគេស្គាល់កម្ពុជាលើឆាកអន្ដរជាតិ។

នេះបើតាមលោក អ៊ុច បូររិទ្ធ រដ្ឋមន្ដ្រីអមប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស ក្នុងឱកាសបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងនៅថ្ងៃទី១ ខែ មីនា ឆ្នាំ២០២៣នេះ។

កាលពីឆ្នាំ២០២២ ក្រសួងការបរទេសបានធ្វើការផ្នែកការទូត ផ្ដល់វគ្គបណ្ដុះបណ្ដាលសក្ដានុពលវិនិយោគ និងទេសចរណ៍ ដល់បណ្ដាមន្ដ្រីទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្សព្វផ្សាយគៀរគរ វិនិយោគទុនបរទេស ភ្ញៀវទេសចរអន្ដរជាតិ និងពង្រីកទីផ្សារផលិតផលទំនិញកម្ពុជា។  ចំណែករឿងម្ហូបអាហារ ក្រសួងការបរទេសធ្លាប់បានឈ្នះពានរង្វាន់ចំនួនពីរនៅស្ថាប័នអន្ដរជាតិ នៅប្រទេសស៊ុយអែត។

យ៉ាងណាការងារផ្សព្វផ្សាយវិស័យវប្បធម៌ អរិយធម៌ សិល្បៈ និងម្ហូបអាហារ គឺជាការងារដែលត្រូវបន្ដអនុវត្តនៅឆ្នាំ២០២៣ តែការងារជាច្រើនទៀតក្រសួងការបរទេសថានឹងត្រូវពង្រឹង និងប្ដេជ្ញាធ្វើបន្ដទៀត។ ការងារទាំងនោះរួមមាន ពង្រឹងអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្ដរជាតិ។ ពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើតទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវឌ្ឍសភាពការណ៍ភូមិសាស្ដ្រនយោបាយតំបន់ និងសាកលលោក។ បន្ថែមពីនេះ ក្រសួងប្ដេជ្ញាចិត្តការពារផលប្រយោជន៍ស្នូលរបស់ជាតិ មានអធិបតេយ្យជាតិ បូរណភាពទឹកដី និងឯករាជ្យភាពកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមផែនការយុទ្ធសាស្ដ្រជាតិ ព្រមទាំងបន្ដគៀរគរទុនវិនិយោគបរទេស ភ្ញៀវទេសចរ និងរកទីផ្សារនាំចេញផលិតផលក្នុងស្រុក។នេះបើយោងទៅតាមប្រភពពីក្រសួងការបរទេសដដែល។

ក្រសួងការបរទេសរំលេចថា កាលពីឆ្នាំ២០២២ កម្ពុជាបានទទួលភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងវិស័យការទូត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រសួងបញ្ជាក់ថា ទេ្វភាគី សំដៅដល់ទំនាក់ទំនង ជាមួយបណ្ដាប្រទេសមាន ចិន ជប៉ុន វៀតណាម និងឡាវ ចំណែកពហុភាគី សំដៅលើភាពជោគជ័យលើការអនុម័តលើសេចក្ដីនានាក្នុងនាមជាប្រធានអាស៊ាន ទទួលប្រតិភូមកផ្ទាល់នៅកម្ពុជា។ តែយ៉ាងណា ឆ្នាំ២០២២ ជាឆ្នាំដែលក្រសួងការបរទេសថា មានបញ្ហាប្រឈមច្រើនបំផុតក្នុងប្រវត្ដិសាស្ដ្រអាស៊ាន៥៥ ឆ្នាំ។

ទោះបីបែបនេះក្ដី នៅឆ្នាំ២០២៣នេះ ពិភពលោកត្រូវបានព្យាករណ៍ថាវិបត្តិជាច្រើននឹងអាចបន្ដកើតមានទៀត ដូចជា ការបន្ដប្រណាំប្រជែងភូមិសាស្ដ្រនយោបាយ និងយុទ្ធសាស្ដ្ររបស់មហាអំណាចជាពិសេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បន្ថែមពីនេះ មានការបន្ដអូសបន្លាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការរីករាលដាល ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ រួមជាមួយវិបត្តិក្នុងនិងក្រៅតំបន់ ដែលរអិលទៅចំណុចគ្រោះថ្នាក់ កាន់តែស្មុគស្មាញពាក់ព័ន្ធដល់សន្ដិសុខប្រពៃណី និងមិនប្រពៃណីនានា។ ក្រៅពីនេះក៏មានបញ្ហាអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកផងដែរ។

ក្រសួងបញ្ជាក់បន្ថែមថា ឆ្នាំ២០២៣ ក្រសួងនឹងរៀបចំចងក្រងទិសដៅការងារដោយហ្មត់ចត់ លំអិត គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ៕

Share

Image
Image
Image