សម្តេច ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសមាគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើសកម្មភាពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។ ការអំពាវនាវបែបនេះ ក្រោយពីក្រុមអ្នកឃ្លាំមើលលើកឡើងថា សម្តេច ហ៊ុន សែនកំពុងប្រើប្រាស់យុវជន ឱ្យទៅជល់នឹងយុវជនគ្នាឯងដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាលរបស់ខ្លួន។ លោក គីម ចាន់ចាវ រាយការណ៍
ក្រោយពេលដែលសម្តេចហ៊ុន សែន អាចទាក់ទាញយុវជនមួយចំនួនដែលកន្លងមកធ្លាប់ធ្វើការងារសង្គមនិងបរិស្ថាន ឱ្យងាកមកបម្រើរដ្ឋាភិបាលវិញ អ្នកឃ្លាំមើល និងអ្នកនយោបាយមួយចំនួន បានចាត់ទុកថា ជាការទាក់ទាញប្រមូលទិញយុវជនទាំងនោះ នៅមុនរដូវកាលបោះឆ្នោត ដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាល។
ក្រុមយុវជនដែលបានប្ដូរទស្សនៈរបស់ខ្លួន ទៅគាំទ្ររដ្ឋាភិបាលទាំងនោះមានយ៉ាងហោចណាស់៦ក្រុម រួមមាន ក្រុមយុវជន១០០រាត្រី ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្រុមអ្នកស្រឡាញ់បរិស្ថាននិងសង្គម ក្រុមយុវជនខ្មែរមហានគរ និងក្រុមយុវជនសន្ដិភាពនិងការអភិវឌ្ឍ។
បន្ទាប់ពីឃើញមានការរិះគន់លើយុវជនដែលទើបចុះចូលនឹងគណបក្សកាន់អំណាចបែបនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី០១ ខែមីនានេះថា ក្រុមយុវជនទាំងនោះបានដឹងច្បាស់ថា ពួកគេកន្លងមកបានគាំទ្របក្សប្រឆាំងតែមិនបានលទ្ធផល ហើយមួយចំនួនទទួលបានការបណ្ដុះបណ្ដាលបដិវត្តពណ៌នៅអាមេរិក ដែលមិនអាចឱ្យពួកគេរួមរស់ជាមួយបាន ទើបងាកមកគាំទ្ររដ្ឋាភិបាលវិញ។
«វិធីតែមួយគត់របស់គេ គឺរួចចំណែកជាមួយរដ្ឋាភិបាល គាំទ្ររដ្ឋាភិបាលវិញ ធ្វើការជាមួយរដ្ឋាភិបាលវិញល្អជាង»
ក៏ប៉ុន្តែទន្ទឹមនឹងនោះ សម្តេច ហ៊ុន សែន ក៏បានទទួលស្គាល់ផងដែរថា ក្រុមយុវជនបរិស្ថាន និងសមាគមន៍ទាំងនោះត្រូវបានរងការប្រមាថពីគណបក្ស និងបុគ្គលមួយចំនួន នៅពេលពួកគេធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេចាកចេញឈប់គាំទ្រក្រុមប្រឆាំង ដោយចាត់ទុកថា បានលក់ឧត្តមគតិ។
«ចឹងចំណុចនេះ ខ្ញុំគ្រាន់តែចង់ជម្រាបទៅអស់លោកអ្នក ដែលតាំងខ្លួនជាមនុស្សប្រជាធិបតេយ្យ ក៏ប៉ុន្តែមិនបានគោរពប្រជាធិបតេយ្យពិតប្រាកដទេ។ ឱ្យតែមនុស្សគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថាមនុស្សល្អ ប៉ុន្តែឱ្យតែគាំទ្ររដ្ឋាភិបាល គឺសុទ្ធតែមនុស្សលក់ឧត្តមគតិ ហើយធ្ងន់ធ្ងរទាំងនេះគឺប្រមាថថា អ្នកទាំងនេះជាកញ្ជះបរទេស ក្នុងពេលដែលខ្លួនស៊ីលុយបរទេសដើម្បីប្រឆំាងខ្មែរទៅទៀត»។
ការប្រតិកម្មធ្ងន់បែបនេះរបស់នាយករដ្ឋមន្ត្រី ក្រោយពីក្រុមអ្នកឃ្លាំមើលលើកឡើងថា សម្តេច ហ៊ុន សែនកំពុងប្រើប្រាស់យុវជន ឱ្យទៅជល់នឹងយុវជនគ្នាឯងដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាលរបស់ខ្លួន៕