en     km
en     km

មេធាវី២រូប ដែលសកម្មការពារក្ដីឱ្យ មន្ត្រីបក្សប្រឆាំង ត្រូវគណៈមេធាវីសម្រេចដាក់ទណ្ឌកម្ម

Share

មេធាវី២រូប របស់គណបក្សប្រឆាំង ដែលសកម្មខាងតតាំងក្ដីឱ្យមន្ត្រីបក្សប្រឆាំង ដោយរាប់ទាំងអតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ រហូតដល់គណបក្សភ្លើងទៀននោះ ត្រូវបានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោកមេធាវី លី ច័ន្ទតុលា ជាប្រធានបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យ។ លោក គីម ចាន់ចាវ រាយការណ៍ 

 

 

ការចោទប្រកាន់នេះ ត្រូវបានគណៈមេធាវី អះអាងតាមរយៈលិខិត ចំនួន២ ដាច់ដោយឡែកពីគ្នា។ លោក ជូង ជូងី ដែលគេស្គាល់ថាជាមេធាវីការពាក្ដីឱ្យមន្ត្រីបក្សប្រឆាំង ដែលស្ទើរតែមិនធ្លាប់ឈ្នះក្ដី ត្រូវគណៈមេធាវី បញ្ជាក់ក្នុងលិខិតថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យ ដោយយល់ឃើញថា លោកមេធាវី ជូង ជូងី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមករាឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះ បានរំលោភលើមាត្រា៦ (សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា៧ (ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧ (អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

 

 

ចំណែកករណីស្រដៀងគ្នានេះ ដែរ លោកមេធាវី សំ សុគង់ ដែលការពារជូនមន្ត្រីបក្សប្រឆាំងកម្រនឹងឈ្នះក្ដីដែរនោះ ត្រូវបានក្រុមប្រឹក្សាគណៈមេធាវី សម្រេចដាក់ទណ្ឌកម្មជាបទវិន័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយយល់ឃើញថា លោកមេធាវី សំ សុគង់ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៉ីសេរី (RFA) ផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦ (សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា១៧ (អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និងមាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

 

 

លោក ជូង ជូងី និងលោក សំ សុគង់ ក្នុងវិជ្ជាជីវៈជាមេធាវីប្រមាណ២០ឆ្នាំមកនេះ អ្នកទាំងពីរបានការពារក្ដីអោយទាំង ​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន និង​មន្ត្រី​គណបក្ស​នយោបាយ រួមទាំងអ្នក​វិភាគ​រិះគន់​បញ្ហា​ក្នុង​សង្គមជាដើម។  ប៉ុន្ដែនៅក្នុងការងារជាមេធាវី  លោក ជូង ជូងី ដូចជាមិនសូវជាទទួលបានជោគជ័យឡើយ។ យ៉ាងណាក៏ដោយ លោកមេធាវីទាំងពីរ ហាក់ មិនសូវខ្វល់ តែផ្ទុយទៅវិញលោកមានមោទនភាពចំពោះការងាររបស់លោកកាន់តែខ្លាំងដោយសន្យាបន្ដការងាររបស់លោកជាមេធាវីនេះបន្តទៀត។

 

ទោះយ៉ាងណា ជុំវិញការដាក់ទណ្ឌកម្មពីក្រុមប្រឹក្សាគណៈមេធាវីនេះ ត្រូវបានគណៈមេធាវីដែលជាអ្នកដាក់ទណ្ឌកម្មបញ្ជាក់ថា លោកមេធាវីទាំងពីរបានមកឆ្លើយការពារខ្លួន និងទទួលស្គាល់កំហុសផងដែរ៕

 

 

Share

ព័ត៌មានទាក់ទង

Image